ពេលដែលខាត់ធ្រីន(Kathryn) កូនស្រីរបស់ខ្ញុំនៅតូច មិនទាន់ចេះដើរឬវា នាងបានរកវិធីលាក់ខ្លួនពីមនុស្សម្នា ពេលដែលនាងចង់នៅម្នាក់ឯង ឬចង់ធ្វើអ្វីតាមចិត្តរបស់ខ្លួន។ នាងបានលាក់ខ្លួន ដោយគ្រាន់តែបិទភ្នែក។ នាងគិតថា ពេលនាងមើលគេមិនឃើញ នោះគេក៏មើលនាងមិនឃើញដែរ។ នាងបានបិទភ្នែក នៅក្នុងកៅអីរបស់នាងក្នុងឡាន ពេលដែលមាននរណាម្នាក់ព្យាយាមនិយាយរកនាង។ ពេលនាងមិនចូលចិត្តអាហារ ដែលយើងចញ្ចុក នាងបានបិទភ្នែកក្នុងកៅអីសម្រាប់កូនក្មេងអង្គុយញាំអាហារ។ ហើយនាងថែមទាំងបិទភ្នែក ពេលដែលយើងប្រាប់នាងថា ដល់ពេលចូលគេងហើយ។

លោកយ៉ូណាសក៏មានវិធីសាស្រ្តលាក់ខ្លួន តាមបែបមនុស្សធំផងដែរ ប៉ុន្តែ មិនមានប្រសិទ្ធិភាពជាងវិធីសាស្រ្តរបស់កូនស្រីខ្ញុំទេ។ ពេលព្រះទ្រង់ត្រាសហៅគាត់ ឲ្យធ្វើអ្វីដែលគាត់មិនចង់ធ្វើ គាត់ក៏បានរត់គេច ទៅកន្លែងផ្សេង។ ប៉ុន្តែ មិនយូរប៉ុន្មានគាត់ក៏បានដឹងថា គ្មានកន្លែងណាដែលព្រះមិនអាចរកគាត់ឃើញនោះឡើយ។ តាមពិត ព្រះគម្ពីរបានចែងអំពីរឿងជាច្រើន ដែលនិយាយអំពីការដែលព្រះរកឃើញអ្នកដែលមិនចង់ឲ្យគេតាមរក(និក្ខមនំ ២:១១-៣:៦ ១ពង្សាវតាក្សត្រ ១៩:១-៧ កិច្ចការ ៩:១-១៩)។

អ្នកប្រហែលជាព្យាយាមលាក់ខ្លួន មិនឲ្យព្រះអង្គឃើញ ឬគិតថា ព្រះអង្គមិនអាចមើលអ្នកឃើញ។ តែយើងត្រូវដឹងថា ព្រះទ្រង់អាចទតឃើញ និងស្តាប់ឮពាក្យអធិស្ឋានរបស់ហោរាដែលមិនស្តាប់បង្គាប់ នៅក្នុងពោះត្រីធំ ដូចនេះ ព្រះអង្គនៅតែទតឃើញ និងស្តាប់ឮសម្លេងរបស់យើង ទោះយើងនៅទីណា ហើយកំពុងធ្វើអ្វីក៏ដោយ។  ប៉ុន្តែ  យើងមិនត្រូវខ្លាចព្រះអង្គទត  ឬស្តាប់យើងឮឡើយ។  ផ្ទុយទៅវិញ នេះពិតជាការកម្សាន្តចិត្តដ៏អស្ចារ្យ ពេលដែលយើងដឹងថា ព្រះអង្គគង់នៅក្បែរ ហើយមើលថែរយើងជានិច្ច!-Randy Kilgore