លោកគ្រីស្តូហ្វ័រ ឡក់(Christopher Locke) បានទិញឧបករណ៍ភ្លេងសម្រាប់ផ្លុំចាស់ៗ ដែលមានដូចជាត្រែ ត្រែទាញ និងស្នែងបារាំង ហើយបានកែឆ្នែឧបករណ៍ភ្លេងទាំងនោះ ឲ្យក្លាយជាអំភ្លី សម្រាប់ប្រើជាមួយទូរស័ព្ទអាយហ្វូន និងអាយផេត។ គាត់បានបង្កើតឧបករណ៍នោះ ឲ្យមានរូបរាង្គដូចឧបករណ៍បំពងសម្លេងដែលមានរាង្គដូចត្រែ ដែលគេបានប្រើ ក្នុងការចាក់សម្លេងស្តាប់ជាលើកទីមួយ ក្នុងប្រវត្តិសាស្រ្ត នៅចុងទសវត្សរ៍ឆ្នាំ ១៨០០។ ភ្លេងដែលគេបានចាក់ស្តាប់ ដោយប្រើអំភ្លីរបស់លោកគ្រីស្តូហ្វ័រ មានសម្លេង “ឮជាង ច្បាស់ជាង ងុំជាង ហើយជ្រៅជាង”ឧបករណ៍បំពងសម្លេង ឬអូប៉ាល័រតូចៗ ដែលគេប្រើជាមួយឧបករណ៍ឌីជីធល ដូចជាទូរស័ព្ទទំនើបជាដើម។ ឧបករណ៍របស់គាត់មិនគ្រាន់តែជាស្នាដៃសីល្បៈដ៏គួរឲ្យចាប់អារម្មណ៍នោះទេ តែថែមទាំងមិនត្រូវការថាមពលអគ្គីសនី ពេលដែលគេប្រើវាជាអំភ្លី សម្រាប់ចាក់តន្ត្រីដែលគេចូលចិត្តស្តាប់។

យ៉ាងណាមិញ សំបុត្រដែលសាវ័កប៉ុលបានសរសេរផ្ញើទៅកាន់ពួកជំនុំនៅក្រុងកូរិនថូស ឲ្យរំឭកយើងនៅថ្ងៃនេះថា ពេលយើងរស់នៅថ្វាយព្រះគ្រីស្ទ និងនិយាយប្រាប់គេ អំពីព្រះអង្គ យើងមិនមែនជាតន្ត្រីទេ តែយើងជាឧបករណ៍ចាក់តន្រ្តី។ គឺដូចដែលគាត់បានមានប្រសាសន៍ថា “យើងខ្ញុំមិនប្រកាសប្រាប់ពីខ្លួនយើងខ្ញុំទេ គឺពីព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់វិញ ហើយក៏រាប់ខ្លួនយើងខ្ញុំ ថាជាបាវបំរើរបស់អ្នករាល់គ្នា    ដោយព្រោះព្រះយេស៊ូវដែរ”(២កូរិនថូស ៤:៥)។    គោលបំណងរបស់យើង  គឺមិនមែនដើម្បីធ្វើជាព្រះរាជសាររបស់ព្រះអង្គឡើយ  តែធ្វើជាអ្នកនាំព្រះរាជសារព្រះអង្គ ទៅប្រាប់គេ តាមរយៈទីបន្ទាល់នៃការរស់នៅ និងតាមរយៈបបូរមាត់របស់យើង។ គឺដូចមានសេចក្តីចែងថា “យើងមានទ្រព្យសម្បត្តិនេះនៅក្នុងភាជនៈដី ដើម្បីឲ្យឥទ្ធិឫទ្ធិលើសលប់បានមកពីព្រះ មិនមែនពីយើងខ្ញុំទេ”(ខ.៧)។

បើសិនជាត្រែចាស់ៗ អាចធ្វើជាអំភ្លីចាក់ភ្លេងយ៉ាងពិរោះបាន នោះជីវិតរបស់យើងដែលមិនល្អឥតខ្ចោះ ក៏អាចធ្វើជាឧបករណ៍បំពងសម្លេង ឲ្យគេបានឮ និងស្គាល់សេចក្តីល្អរបស់ព្រះនៃយើងផងដែរ។ យើងជាឧបករណ៍ចាក់តន្រ្តី ឲ្យគេបានស្តាប់ភ្លេង និងស្គាល់អំណាចរបស់ព្រះអង្គ។-David McCasland