ក្នុងអំឡុងសម័យសង្រ្គាមលោកលើកទី២ គ្រួសាររបស់អ្នកស្រីខូរី ធែន ប៊ូម(Corrie ten Boom) មានអាជីវកម្មផលិតនាឡិការ នៅប្រទេសហូឡង់ ហើយពួកគេបានព្យាយាមការពារគ្រួសារជនជាតិយូដា ឲ្យរួចពីការតាមប្រហាររបស់ពួកអាឡឺម៉ង់។ ទីបំផុត គេក៏បានបញ្ជូនក្រុមគ្រួសាររបស់អ្នកស្រី ខូរី ទៅមន្ទីរប្រមូលផ្តុំ ដែលនៅទីនោះបានតែ១០ថ្ងែ ឪពុករបស់គាត់បានលាចាកលោក។ បេតស៊ី(Betsie)ប្អូនស្រីរបស់គាត់ ក៏បានស្លាប់ក្នុងជំរុំនោះផងដែរ។ ក្តីជំនឿរបស់ប្អូនស្រីគាត់ បានជួយពង្រឹងជំនឿរបស់គាត់ ពេលអ្នកទាំងពីរកំពុងជាប់ឃុំជាមួយគ្នា។

ក្តីជំនឿនោះបាននាំឲ្យអ្នកស្រីខូរី មានការអត់ទោស ចំពោះពួកមនុស្សដ៏សាហាវព្រៃផ្សៃ ដែលជាអ្នកយាមក្នុងគុក ដែលគេបានដាក់ក្រុមគ្រួសារគាត់។ សេចក្តីសម្អប់ និងគំនុំ ដែលចង់សងសឹកបានបន្តបំផ្លាញជីវិតមនុស្សជាច្រើន បន្ទាប់ពីគេបានបិទជំរុំប្រមូលផ្តុំនោះ ពេលសង្រ្គាមចប់ តែអ្នកស្រីខូរីបានដឹងអំពីការពិត ដែលក្នុងនោះ សេចក្តីសម្អប់ធ្វើឲ្យអ្នកដែលស្អប់គេ មានការឈឺចាប់ ខ្លាំងជាងអ្នកដែលគេស្អប់ទៅទៀត ទោះបីជាគេមានហេតុផលយ៉ាងណាក៏ដោយ។

យើងមានឱកាសស្រឡាញ់ខ្មាំងសត្រូវរបស់យើង ហើយសម្រេចចិត្តអត់ទោសឲ្យគេ ដូចអ្នកស្រីខូរីដែរ។ ការអត់ទោស មិនបានធ្វើឲ្យទង្វើខុស ក្លាយជាត្រូវទេ តែពេលដែលយើងអត់ទោស  យើងបង្ហាញ  ឲ្យលោកិយស្គាល់ព្រះគ្រីស្ទ។ “ចូរមានចិត្តសប្បុរសនឹងគ្នាទៅវិញទៅមក ព្រមទាំងមានចិត្តទន់សន្តោស ហើយអត់ទោសគ្នា ដូចជាព្រះទ្រង់បានអត់ទោសឲ្យអ្នករាល់គ្នា ដោយព្រះគ្រីស្ទដែរ”(អេភេសូរ ៤:៣២)។

ព្រះទ្រង់នឹងជួយឲ្យយើងជម្រុះសេចក្តីសម្អប់ និងកំហឹងចោល ពេលដែលយើងប្រែចិត្ត ហើយអនុញ្ញាតឲ្យព្រះវិញ្ញាណកែប្រែជីវិតយើង ឲ្យអ្នកដទៃបានឃើញព្រះសង្រ្គោះគង់ក្នុងជីវិតយើង។-Randy Kilgore