មានកូនឆ្កែមួយក្បាលឈ្មោះ អាម៉ានី(Amani) ដែលក្នុងភាសាស្វាហ៊ីលី គឺមានន័យថា “សន្តិភាព”។  វាជាពូជឆ្កែប្រម៉ាញ់របស់ស្រុកឡាប្រាដូ   ប្រទេសកាណាដា។  វាមានមិត្តភ័ក្តិពិសេសៗមួយចំនួន។ វារស់នៅជាមួយកូនខ្លារខិនឈីតាសពីរក្បាល ក្នុងសួនសត្វ នៅក្រុងដាឡាស រដ្ឋតិចសាស់។ អ្នកសត្វសាស្រ្តបានដាក់សត្វទាំងបីរក្បាលនេះ ឲ្យនៅជាមួយគ្នា ដើម្បីឲ្យកូនខ្លារខិនឈីតាស អាចរៀនរស់នៅ ដោយភាពសម្លូតដូចអាម៉ានីដែរ។ ដោយសារជាទូទៅ សត្វឆ្កែស្រុកមិនមានភាពតានតឹង នៅទីសាធារណៈទេ នោះអ្នកឯកទេសយល់ថា អាម៉ានីនឹង “ជះឥទ្ធិពលនៃភាពសម្លូត” ដល់សត្វខ្លារខិនឈីតាស ខណៈពេលដែលពួកគេរស់នៅជាមួយគ្នា។

ដាវីឌក៏បានជះឥទ្ធិពលនៃភាពសុខសាន្ត ដល់ជីវិតរបស់ស្តេចសូលផងដែរ នៅពេលដែល “វិញ្ញាណអាក្រក់” បានចូលមកបំភ័យទ្រង់(១សំាយ៉ូអែល ១៦:១៤)។ ពេលដែលអ្នកបម្រើរបស់ស្តេចសូលបានដឹងថា ទ្រង់មានបញ្ហានេះ ពួកគេយល់ថា តន្ត្រីនឹងជួយឲ្យទ្រង់ធូរព្រះទ័យ។ មានអ្នកបម្រើម្នាក់បានទៅហៅដាវីឌ ដែលជាអ្នកជំនាញខាងលេងស៊ុង ឲ្យចូលមកលេងថ្វាយស្តេច។ កាលណាវិញ្ញាណអាក្រក់ពីព្រះបានមកសណ្ឋិតលើសូល  នោះដាវីឌក៏យកស៊ុងមកចាប់លេងថ្វាយ រួចសូលទ្រង់បានធូរ ហើយស្រួលឡើងវិញ វិញ្ញាណអាក្រក់ក៏ថយចេញពីទ្រង់ទៅ(ខ.២៣)។

យើងស្រេកឃ្លានចង់បានភាពស្រស់ស្រាយ និងសេចក្តីសុខឡើងវិញ ពេលដែលយើងមានកំហឹង ការភ័យខ្លាច ឬទុក្ខព្រួយ។ ព្រះនៃព្រះគម្ពីរបរិសុទ្ធ ទ្រង់ជា “ព្រះនៃសេចក្តីសុខសាន្ត ឬសន្តិភាព”(ហេព្រើ ១៣:២០-២១) ជាព្រះដែលបានប្រទានព្រះវិញ្ញាណបរិសុទ្ធ ដល់អស់អ្នក ដែលជឿលើព្រះអង្គ។ ពេលណាយើងមានអារម្មណ៍ភ័យព្រួយ ឬថប់បារម្ភ សូមយើងចាំថា ព្រះវិញ្ញាណនៃព្រះ ជាវិញ្ញាណដ៏មានអំណាច សេចក្តីស្រឡាញ់ និងប្រាជ្ញានឹងធឹង(២ធីម៉ូថេ ១:៧)។ ឥទ្ធិពលរបស់ព្រះ ក្នុងជីវិតយើង អាចបង្កើតឲ្យមានឥទ្ធិពលនៃភាពសុខសាន្ត ដល់អ្នកដទៃ ដែលនាំឲ្យមានការកម្សាន្តចិត្ត និងភាពពេញលេញ។-Jennifer Benson Schuldt