បេះដូងមនុស្សលោតប្រហែល ១សែនដង ក្នុងមួយថ្ងៃ ដោយផ្គត់ផ្គង់ឈាមដល់កោសិកាទាំងអស់ក្នុងរូបកាយយើង។ ជាសរុប បេះដូងយើងលោតប្រហែល៣៥លានដង ក្នុង១ឆ្នាំ និងជាមធ្យម លោតប្រហែល ២ពាន់៥រយលានដង ក្នុងមួយជីវិតមនុស្សជាមធ្យម។ វិទ្យាសាស្រ្តសុខាភិបាលបានបកស្រាយថា ចលនាបេះដូងលោតម្តងៗ គឺស្រដៀងនឹងកម្លាំង ដែលយើងប្រើដើម្បីប្រឹងច្របាច់កូនបាត់តេនីស នៅក្នុងដៃយើងមួយទំហឹងដៃ។

ដូចនេះ បេះដូងយើងពិតជាអស្ចារ្យណាស់ ប៉ុន្តែ វាគ្រាន់តែជាឧទាហរណ៍មួយ ក្នុងចំណោមឧទាហរណ៍ជាច្រើន ក្នុងពិភពធម្មជាតិ ដែលព្រះបានរចនាមក ដើម្បីប្រាប់យើង អំពីព្រះអាទិករ គឺដូចដែលមានចែងនៅក្នុងព្រះគម្ពីរយ៉ូប។

បន្ទាប់ពីលោកយ៉ូបបានជួបសោកនាដកម្មផ្ទួនៗ គាត់មានទុក្ខព្រួយជាទម្ងន់។ ពេលដែលព្រះទ្រង់មានបន្ទូលមកកាន់គាត់ ព្រះអង្គមិនបានប្រាប់គាត់ អំពីមូលហេតុដែលគាត់កំពុងមានទុក្ខវេទនាឡើយ។ ព្រះអាទិករទ្រង់ក៏មិនបានប្រាប់គាត់ថា ថ្ងៃណាមួយ ព្រះអង្គនឹងរងទុក្ខវេទនាជំនួសលោកយ៉ូបដែរ។ ផ្ទុយទៅវិញ ព្រះអង្គបានបង្វែរអារម្មណ៍របស់លោកយ៉ូប ឲ្យគិតដល់ភាពអស្ចារ្យជាច្រើនក្នុងធម្មជាតិ ដែលតែងតែខ្សិបដាក់យើង ហើយជួនកាលក៏បានស្រែកដាក់យើង ឲ្យបានដឹងអំពីប្រាជ្ញា និងអំណាចចេស្តានៃព្រះ ដែលធំប្រសើរលើសយើងរាល់គ្នា(យ៉ូប ៣៨:១-១១)។

ដូចនេះ ពេលដែលយើងពិចារណាអំពីភាពស្មុគ្រស្មាញ នៃសាច់ដុំបេះដូង ដែលខិតខំធ្វើចលនា តើយើងរៀនបានអ្វីខ្លះ? តើសម្លេងទឹករលកបោកច្រាំង និងពន្លឺផ្កាយព្រោងព្រាតនៅលើមេឃ បានបង្រៀនយើងអ្វីខ្លះ អំពីព្រះ? ការពិចារណាអំពីអំណាច និងប្រាជ្ញានៃព្រះអាទិករនៃយើង អាចនាំឲ្យយើងមានហេតុផល ដើម្បីនឹងទុកចិត្តព្រះអង្គកាន់តែខ្លាំង។-Mart Dehaan