កូនប្រុសរបស់ខ្ញុំទាំងពីរនាក់ មានថ្ងៃខួបកំណើត ក្នុងខែធ្នូ។ កាលពួកគេនៅតូច អែនហ្គូស(Angus) ដឹងថា បើសិនជាគាត់មិនទទួលបានរបស់លេងដែលគាត់ចង់បាន សម្រាប់ថ្ងៃខួបកំណើតរបស់គាត់  នៅដើមខែធ្នូទេ  នោះគាត់ប្រហែលជាអាចទទួលបានរបស់លេងនោះ នៅថ្ងៃបុណ្យណូអែលហើយ។ ហើយបើសិនជាដាវីឌ(David) ដែលជាកូនច្បងមិនបានទទួលអំណោយរបស់ខ្លួន នៅថ្ងៃបុណ្យណូអែលទេ នោះគាត់ប្រហែលជាទទួលបានអំណោយនោះ នៅថ្ងៃខួបកំណើតរបស់គាត់ នៅ៤ថ្ងៃទៀត។ ដូចនេះ ការពន្យាពេលឲ្យអំណោយ មិនមានន័យថា ពួកគេនឹងមិនបានទទួលអំណោយនោះឡើយ។

មានពេលមួយនាងម៉ារា និងនាងម៉ាថា បានឲ្យគេទៅយាងព្រះយេស៊ូវមក ពេលដែលលោកឡាសាកំពុងឈឺធ្ងន់(យ៉ូហាន ១១:១-៣)។ ពួកគេប្រហែលជាទន្ទឹងចាំមើលផ្លូវព្រះអង្គ ដោយចិត្តអន្ទះសារ ប៉ុន្តែ មិនឃើញព្រះអង្គយាងមកសោះ។ ពេលដែលពិធីបុណ្យសពបានកន្លងផុតទៅ៤ថ្ងៃហើយ ទីបំផុត ព្រះយេស៊ូវក៏បានយាងមកដល់ភូមិពួកគេ(ខ.១៧)។

នាងម៉ាថាក៏បានទូលព្រះអង្គត្រង់ៗថា “ព្រះអម្ចាស់អើយ បើសិនជាទ្រង់បានគង់នៅទីនេះ នោះប្អូនខ្ញុំម្ចាស់មិនបានស្លាប់ទេ”(ខ.២១)។ ភ្លាមៗនោះ នាងក៏បាននិយាយដោយសេចក្តីជំនឿថា “ប៉ុន្តែ ខ្ញុំម្ចាស់ដឹងថា ទោះទាំងនៅគ្រាឥឡូវនេះ នោះការអ្វីដែលទ្រង់នឹងសូមពីព្រះ គង់តែព្រះនឹងប្រទានមកទ្រង់ជាមិនខាន”(ខ.២២)។ ត្រង់ចំណុចនេះ តើនាងរំពឹងចង់បានអ្វី? លោកឡាសារបានស្លាប់ទៅហើយ ហើយនាងមិនហ៊ានឲ្យគេបើកផ្នូររបស់គាត់ទេ។ ប៉ុន្តែ ពេលដែលព្រះយេស៊ូវមានបន្ទូលតែមួយព្រះឱស វិញ្ញាណរបស់លោកឡាសាក៏បានត្រឡប់មកចូលក្នុងរូបកាយដែលបានរលួយនោះវិញ(ខ.៤១-៤៤)។ ដូចនេះ ព្រះយេស៊ូវបានពន្យាពេលការប្រោសជម្ងឺ របស់មិត្តសំឡាញ់របស់ព្រះអង្គម្នាក់នេះ ដើម្បីឲ្យព្រះអង្គមានឱកាសធ្វើការអស្ចារ្យ ដែលប្រសើរជាងការប្រោសជម្ងឺទៅទៀត គឺការប្រោសឲ្យគាត់រស់ឡើងវិញ។

ការរង់ចាំការឆ្លើយតបរបស់ព្រះ ក៏អាចនាំឲ្យយើងទទួលនូវការអស្ចារ្យ លើសពីការរំពឹងគិតរបស់យើងទៅទៀត។-Marion Stroud