កាលពីឆ្នាំ ២០០៤ នៅទីក្រុងអ៊ីស្តានប៊ូល ប្រទេសទួរគី មានសត្វចៀមមួយក្បាលបានលោតទម្លាក់ខ្លួនពីលើជ្រលងភ្នំ ហើយមានសត្វចៀមប្រហែល១៥០០ក្បាលទៀត បានលោតតាមវាដែរ។ នៅទីបំផុត មានសត្វចៀម១ភាគ៣  ក្នុងចំណោមចៀមទាំងនោះ  បានបាត់បង់ជីវិត។ ដោយសារសត្វចៀមទាំងនោះមិនដឹងថាត្រូវទៅតាមណា ពួកវាចេះតែទៅតាមគ្នាវា។

ឧទារហណ៍អំពីសត្វចៀមនេះ បានបង្រៀនយើងថា យើងត្រូវការអ្នកដឹកនាំដែលអាចទុកចិត្តបាន។ គឺដូចដែលព្រះគម្ពីរអេសាយបានចែងថា យើងរាល់គ្នាដូចជាសត្វចៀម(អេសាយ ៥៣:៦)។   យើងច្រើនតែទៅតាមផ្លូវរបស់យើង ប៉ុន្តែ ទន្ទឹមនឹងនោះ យើងពិតជាត្រូវការការនំាផ្លូវដ៏ច្បាស់លាស់ ពីអ្នកគង្វាល។ បទគម្ពីរទំនុកដំកើង ជំពូក២៣ បានរៀបរាប់ អំពីអ្នកគង្វាលល្អរបស់យើង ដែលអាចឲ្យយើងទុកចិត្តបាន។ ព្រះអង្គយកព្រះទ័យទុកដាក់ចំពោះយើង(ខ.១) ព្រះអង្គបំពេញសេចក្តីត្រូវការខាងសាច់ឈាមរបស់យើង(ខ.២) ព្រះអង្គបង្ហាញ អំពីរបៀបរស់នៅឲ្យបានបរិសុទ្ធ(ខ.៣) ព្រះអង្គស្អាងយើងឡើង កម្សាន្តចិត្ត ប្រោសយើងឲ្យជា និងប្រទានពរយើងជាបរិបូរ(ខ.៣-៥) ហើយព្រះអង្គនឹងមិនដែលបោះបង់យើងចោលឡើយ(ខ.៦)។

យើងពិតជាមានការកម្សាន្តចិត្តណាស់ ពេលដែលបានដឹងថា ព្រះទ្រង់ដឹកនាំយើង ដោយសុភាព និងដោយភាពរឹងមាំ! ព្រះអង្គដឹកនាំយើង តាមរយៈការបណ្តាលចិត្តពីព្រះវិញ្ញាណ ការអានព្រះបន្ទូលព្រះអង្គ និងតាមរយៈការអធិស្ឋាន។ ព្រះទ្រង់ជាអ្នកដឹកនាំដែលយើងអាចទុកចិត្តបាន ដែលយើងត្រូវការ។

ចូរយើងទទួលស្គាល់ថា  យើងត្រូវការពឹងផ្អែកលើព្រះអម្ចាស់ ហើយយើងអាចពោលតាមអ្នកនិពន្ធបទគម្ពីរទំនុកដំកើងថា “ព្រះយេហូវ៉ាទ្រង់ជាអ្នកគង្វាលខ្ញុំ ខ្ញុំនឹងមិនខ្វះអ្វីសោះ ទ្រង់ឲ្យខ្ញុំដេកសំរាកនៅទីមានស្មៅខៀវខ្ចី ទ្រង់នាំខ្ញុំទៅក្បែរមាត់ទឹកដែលហូរគ្រឿនៗ”។-Dave Egner