មានពាក្យស្លោកនៅក្នុងភាសាជាច្រើន ដែលនិយាយអំពីការពិបាក នៅក្នុងការកែប្រែទម្លាប់ដែលបានចាក់ឫសចូលជ្រៅតាំងពីយូរ។ ក្នុងភាសាអង់គ្លេស គេតែងនិយាយថា “អ្នកមិនអាចបង្រៀនឆ្កែកញ្ចាស់ ឲ្យចេះស្តាប់បញ្ជាថ្មីៗបានឡើយ”។ រីឯសុភាសិតបារាំងវិញ គឺបានពោលថា “អ្នកមិនអាចបង្រៀនសត្វស្វាកញ្ចាស់ ឲ្យចេះញាក់មុខញាក់មាត់បានឡើយ”។ ចំណែកឯក្នុងភាសាអេស្ប៉ាញវិញ គេមានសុភាសិតមួយពោលថា “សត្វសេកដែលចាស់ហើយ គឺមិនអាចរៀននិយាយបានទេ”។

មានពេលមួយព្រះយេស៊ូវបានប្រាប់លោកនីកូដេមថា គាត់ត្រូវតែ “កើតជាថ្មី” ដើម្បីឲ្យបាន “ឃើញនគរព្រះ”។ គាត់ក៏បានទូលសួរទ្រង់ថា “ធ្វើដូចម្តេចនឹងកើតឡើងបាន ក្នុងកាលដែលចាស់ហើយ តើអាចនឹងចូលទៅក្នុងពោះម្តាយម្តងទៀត ហើយកើតឡើងវិញបានឬ?”(យ៉ូហាន ៣:៣-៤)។ ត្រង់ចំណុចនេះ លោកមើរីល ធេននី(Merrill Tenney) ដែលជាសាស្ត្រាចារ្យ និងអ្នកនិពន្ធ បានយល់ថា អ្វីដែលលោកនីកូនដេមបាននិយាយនោះ គឺប្រហែលជាចង់មានន័យថា “ទូលបង្គំទទួលស្គាល់ថា ទូលបង្គំត្រូវកើតជាថ្មីមែន តែទូលបង្គំមានវ័យចាស់ណាស់ទៅហើយ  តើឲ្យទូលបង្គំមានការផ្លាស់ប្រែយ៉ាងដូចម្តេចកើត?  ជីវិតទូលបង្គំបានចាក់ឫសជាប់នឹងទម្លាប់ចាស់ហើយ។ ទូលបង្គំដឹងច្បាស់ថា មិនអាចចាប់កំណើតខាងសាច់ឈាមម្តងទៀតទេ ហើយការចាប់កំណើតជាថ្មីខាងផ្លូវចិត្តកាន់តែមិនអាចទៅរួច … និយាយរួម ទូលបង្គំគ្មានសង្ឃឹមថា នឹងអាចកើតជាថ្មីបានទេ?”

ព្រះយេស៊ូវក៏បានឆ្លើយតបនឹងគាត់ ដោយមានបន្ទូលផងដែរថា “ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោក ដល់ម៉្លេះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែ១ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ  មិនត្រូវវិនាសឡើយ  គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ”(ខ.១៦)។  ដូចនេះ ទ្រង់សព្វព្រះទ័យនឹងប្រទាននូវជីវិត  និងការចាប់ផ្តើមជាថ្មីសម្រាប់មនុស្សគ្រប់វ័យ។  ទោះយើងមានអាយុច្រើនប៉ុណ្ណា ឬកំពុងស្ថិតក្នុងស្ថានភាពបែបណាក្តី ក៏យើងនៅតែអាចពឹងផ្អែកលើអំណាចរបស់ព្រះ។ យើងនៅតែអាចមានជីវិតផ្លាស់ប្រែជាថ្មី គឺមិនទាន់ហួសពេលឡើយ។-David McCasland