ក្នុងសៀវភៅដែលមានចំណងជើងថា ការថើបរបស់អ្នកស្រីខេធី អ្នកស្រីខេធី ដាវីស(Katie Davis) បានរំឭកឡើងវិញ នូវក្តីអំណរដែលគាត់មាន ក្នុងការផ្លាស់ទៅរស់នៅប្រទេសយូហ្កាន់ដា ហើយបានយកក្មេងស្រីជនជាតិយូហ្កាន់ដាជាច្រើននាក់មកចិញ្ចឹម។ ថ្ងៃមួយ ក្នុងចំណោមកូនចិញ្ចឹមរបស់គាត់ មានម្នាក់បានសួរគាត់ថា “ម៉ាក់ បើកូនយាងព្រះយេស៊ូវ ឲ្យចូលគង់ក្នុងចិត្តកូន តើកូននឹងផ្ទុះឬទេ?” ពីដំបូង អ្នកស្រីខេធីឆ្លើយថា “កូននឹងមិនផ្ទុះទេ”។ ពេលព្រះយេស៊ូវយាងចូលគង់ក្នុងចិត្តយើង មានន័យថា យើងបានឆ្លងកាត់ព្រឹត្តិការណ៍ដ៏សំខាន់ខាងវិញ្ញាណហើយ។

ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីគាត់បានគិតអំពីសំណួរនោះ ឲ្យបានស៊ីជម្រៅ គាត់ក៏បានពន្យល់ប្រាប់នាងថា ពេលដែលយើងសម្រេចចិត្តថ្វាយជីវិត និងចិត្តយើងដល់ព្រះយេស៊ូវ “យើងនឹងផ្ទុះចេញជាសេចក្តីស្រឡាញ់ ក្តីអាណិត ហើយមានចិត្តឈឺចាប់ ជាមួយអ្នកដែលកំពុងឈឺចាប់ ហើយអរសប្បាយជាមួយអ្នកដែលអរសប្បាយ”។ បានសេចក្តីថា ពេលយើង ស្គាល់ព្រះគ្រីស្ទ ទ្រង់នាំឲ្យយើងយកចិត្តទុកដាក់ ចំពោះមនុស្ស នៅក្នុងជីវិតយើង។

ព្រះគម្ពីរបានបង្គាប់យើង ឲ្យ“អរសប្បាយ ជាមួយនឹងអ្នកណាដែលអរសប្បាយ ហើយយំជាមួយនឹងអ្នកណាដែលយំ”(រ៉ូម ១២:១៥)។ យើងអាចបង្ហាញសេចក្តីស្រឡាញ់ដល់អ្នកដទៃ យ៉ាងដូចនេះបាន គឺដោយសារព្រះវិញ្ញាណបរិសុទ្ធ ធ្វើការក្នុងចិត្តយើង។ ពេលយើងទទួលព្រះគ្រីស្ទ ព្រះវិញ្ញាណបរិសុទ្ធយាងចូលគង់ក្នុងចិត្តយើង។ គឺដូចដែលសាវ័កប៉ុលបានមានប្រសាសន៍ថា “កាលអ្នករាល់គ្នាបានជឿហើយ នោះទ្រង់ក៏ដៅចំណាំដោយព្រះវិញ្ញាណបរិសុទ្ធ ដែលបានសន្យា”(អេភេសូរ ១:១៣)។

កាលណាយើងយកចិត្តទុកដាក់ចំពោះអ្នកដទៃ ដោយជំនួយមកពីព្រះ គឺយើងកំពុងតែបង្ហាញដល់លោកិយថា យើងជាសិស្សរបស់ទ្រង់(យ៉ូហាន ១៣:៣៥)។ ការនេះក៏បានរំឭកយើងផងដែរ អំពីសេចក្តីស្រឡាញ់ដែលទ្រង់មានចំពោះយើង។ ព្រះយេស៊ូវមានបន្ទូលថា “ខ្ញុំឲ្យសេចក្តីបញ្ញត្ត១ថ្មីដល់អ្នករាល់គ្នា គឺឲ្យអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមក ត្រូវឲ្យស្រឡាញ់គ្នា ដូចជាខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ”(ខ.៣៤)។-Jennifer Benson Schuldt