នៅថ្ងៃ មុនពេលលោកប៊ីលី ក្រាហាំ(Billy Graham) ធ្វើបទសម្ភាស ក្នុងឆ្នាំ ១៩៨២ ក្នុងកម្មវិធីទូរទស្សន៍មានចំណងជើងថា ថ្ងៃនេះ លោកឡារី រ៉ូស(Larry Ross) ដែលជានាយកផ្នែកទំនាក់ទំនងសាធារណៈ បានស្នើសុំឲ្យលោកក្រាហាំ មានបន្ទប់មួយសម្រាប់អធិស្ឋានម្នាក់ឯង មុនពេលការសម្ភាសចាប់ផ្តើម។ ប៉ុន្តែ ពេលលោកក្រាហាំ បានមកដល់ស្ទូឌីយ៉ូ អ្នកជំនួយរបស់គាត់ក៏បានឲ្យដំណឹងលោករ៉ូសថា លោកក្រាហាំ មិនត្រូវការបន្ទប់អធិស្ឋានទេ។ គាត់ថា “លោកក្រហាំបានអធិស្ឋាន ចាប់តាំងពីពេលគាត់ក្រោកពីគេង ពេលព្រឹកនេះ គាត់បានអធិស្ឋានពេលគាត់ញាំអាហារពេលព្រឹក គាត់បានអធិស្ឋាននៅក្នុងឡាន ពេលធ្វើដំណើរមកទីនេះ ហើយគាត់ក៏ប្រហែលជានឹងអធិស្ឋានទៀត នៅក្នុងបទសម្ភាសទាំងមូល”។ ក្រោយមក លោករ៉ូសក៏បានមានប្រសាសន៍ថា “នេះជាមេរៀនដ៏ល្អ សម្រាប់ឲ្យខ្ញុំរៀនសូត្រ ក្នុងនាមខ្ញុំជាយុវជន”។

ការអធិស្ឋានឥតឈប់ឈរ មិនមែនជាព្រឹត្តិការណ៍នោះទេ តែជាវិធីទំនាក់ទំនងជាមួយព្រះ។ ទំនាក់ទំនងដ៏ជិតស្និទ្ធនេះ កើតមាន ពេលដែលរាស្រ្តរបស់ព្រះយល់ថា ការអធិស្ឋានឥតឈប់ឈរ គឺជាអ្វីដែលពួកគេត្រូវអនុវត្តជាប្រចាំ ក្នុងជីវិត។ បទគម្ពីរទំនុកដំកើង បានលើកទឹកចិត្តយើង ឲ្យចាប់ផ្តើមថ្ងៃនីមួយៗ ដោយលើកសម្លេងឡើង អធិស្ឋានដល់ព្រះអម្ចាស់(ទំនុកដំកើង ៥:៣) ដើម្បីឲ្យយើងបានសន្ទនាជាមួយទ្រង់  ពេញមួយថ្ងៃ(៥៥:១៧)  ហើយនៅចំពោះមុខការចោទប្រកាន់  និងមួលបង្កាច់ យើងត្រូវផ្ចង់ចិត្តទាំងស្រុង ទៅលើការអធិស្ឋាន(១០៩:៤)។ យើងយកការអធិស្ឋានជាផ្លូវនៃជីវិត ព្រោះយើងចង់នៅជាប់ជាមួយព្រះ(៤២:១-៤ ៨៤:១-២ ១៣០:៥-៦)។

ការអធិស្ឋានជាវីធីទំនាក់ទំនងជាមួយព្រះ ក្នុងគ្រប់កាលៈទេសៈទាំងអស់នៃជីវិត។ ព្រះទ្រង់តែងតែស្តាប់យើងជានិច្ច។ យើងអាចនិយាយទៅកាន់ទ្រង់ បានគ្រប់ពេល។-Marvin Williams