កាលកូនៗរបស់ខ្ញុំនៅតូច ខ្ញុំច្រើនតែអធិស្ឋានជាមួយពួកគេ មុនពេលពួកគេបិទភ្នែកគេង។ ប៉ុន្តែ មុនពេលខ្ញុំអធិស្ឋាន ជួនកាល ខ្ញុំអង្គុយនៅចុងគ្រែ ជជែកគ្នាលេងជាមួយពួកគេ។ ខ្ញុំនៅចាំថា កាលនោះខ្ញុំធ្លាប់ប្រាប់លីបប៊ី(Libby) កូនស្រីខ្ញុំថា  “បើកូនឈរក្នុងចំណោមក្មេងស្រីទាំងអស់ ដែលមានអាយុ៤ឆ្នាំ ក្នុងពិភពលោក នោះម៉ាក់នឹងដើរទៅរកកូន។ ហើយម៉ាក់នឹងជ្រើសរើសកូនធ្វើជាកូនស្រីរបស់ម៉ាក់”។ ពាក្យសម្តីនេះបាននាំឲ្យមានស្នាមញញឹម នៅលើផ្ទៃមុខរបស់លីបប៊ី  ព្រោះនាងដឹងថា នាងជាមនុស្សពិសេស។

បើសិនជានាងបានញញឹមនៅពេលនោះ ដោយសារនាងដឹងថាខ្លួនជាមនុស្សពិសេស ចុះទំរាំតែយើងដែលបានដឹងថា ព្រះអាទិករនៃចក្រវាល “បានជ្រើសរើសយើង តាំងពីដើមដំបូងមក ដើម្បីឲ្យបានទទួលសេចក្តីសង្រ្គោះ”(២ថែស្សាឡូនិច ២:១៣)  តើយើងនឹងមានទឹកមុខញញឹមច្រើនប៉ុណ្ណា? មុនពេលកំណើតលោកិយ ទ្រង់សព្វព្រះទ័យនឹងរើសយើង ធ្វើជាកូនទ្រង់។ ហេតុនេះហើយ បានជាព្រះគម្ពីរច្រើនតែបាននិយាយ អំពីការដែលព្រះទទួលយើងជាកូន ដើម្បីឲ្យយើងដឹងថា ទោះជាយើងមិនសក្តិសម ឬគ្មានតម្លៃក៏ដោយ ក៏ទ្រង់នៅតែជ្រើសរើសយើង។

នេះជាដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើល! ព្រះអម្ចាស់បានស្រឡាញ់យើង(ខ.១៣) ហើយទ្រង់បានឲ្យយើងអរសប្បាយ នឹងជីវិតថ្មី ក្នុងមហាគ្រួសាររបស់ទ្រង់។ សេចក្តីពិតដ៏រុងរឿងនេះ គួរតែបានបំពេញជីវិតយើង ដោយការបន្ទាបខ្លួន និងការដឹងគុណព្រះ។ “សូមឲ្យព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង និងព្រះដ៏ជាព្រះវរបិតា ដែលទ្រង់បានស្រឡាញ់យើង … បានកំសាន្តចិត្តអ្នករាល់គ្នាដែរ ហើយតាំងឲ្យអ្នករាល់គ្នាបានមាំមួនឡើង ក្នុងគ្រប់ទាំងការ និងពាក្យសំដីដ៏ល្អផង”(ខ.១៦-១៧)។-Joe Stowell