រិយាខ្ញុំចូលចិត្តក្រោកពីព្រលឹម។ មុនពេលក្រុមគ្រួសារភ្ញាក់ពីដំណេក គាត់ចូលចិត្តចំណាយពេលស្ងាត់ស្ងៀមជាមួយព្រះ ដោយអានព្រះគម្ពីរ និងអធិស្ឋាន។ ថ្មីៗនេះ ពេលគាត់អង្គុយនៅលើកៅអីដែលគាត់ចូលចិត្ត ដើម្បីចំណាយពេលស្ងាត់ស្ងៀម គាត់ក៏បានជួបភាពរញេរញ៉ៃ នៅលើកៅអីវែង ដែលត្រូវបានបន្សល់ទុក ដោយ “អ្នក” ដែលបានមើលបាល់ទាត់ កាលពីពេលយប់។ ភាពរញេរញ៉ៃនេះបានរំខានគាត់ ធ្វើឲ្យគាត់បែកអារម្មណ៍នៅក្នុងការចំណាយពេលជាមួយព្រះ។

បន្ទាប់មក គាត់ក៏បានគិតឃើញដំណោះស្រាយមួយ។ គាត់ក៏បានផ្លាស់ទៅអង្គុយ នៅលើកៅអីវែងនោះវិញ។ ពេលគាត់អង្គុយទៅលើកៅអីវែងនោះ គាត់អាចមើលទៅបង្អួចផ្ទះខាងមុខ ឃើញថ្ងៃរះពីលើមហាសមុទ្រអាត្លង់ទិច ហើយភាពរញេរញ៉ៃនោះ លែងនៅចំពីមុខគាត់ទៀតហើយ។ សម្រស់នៃទេសភាព ដែលព្រះទ្រង់បានរចនា នៅពេលព្រឹកនោះ ក៏បានកែប្រែទស្សនៈរបស់គាត់។

ពេលគាត់ចែកចាយ អំពីរឿងនេះដល់ខ្ញុំ យើងទាំងពីរក៏បានរៀនបាននូវមេរៀនដ៏សំខាន់មួយ នៅពេលព្រឹកនោះ។ យើងមិនតែងតែអាចគ្រប់គ្រងបញ្ហាក្នុងជីវិត ដែលមានផលប៉ះពាល់មកលើការរស់នៅប្រចាំថ្ងៃឡើយ តែយើងមានជម្រើស។ តើយើងចង់សម្រេចចិត្តបន្តខ្វល់ពី  “ភាពរញេរញ៉ៃ”នោះទៀត  ឬយើងចង់កែប្រែទស្សនៈរបស់យើង?  ពេលសាវ័កប៉ុលនៅទីក្រុងអាថែន “គាត់មានសេចក្តីរំជួលក្នុងចិត្តជាខ្លាំង ដោយឃើញមានរូបព្រះនៅពេញក្នុងទីក្រុងនោះ”(កិច្ចការ ១៧:១៦)។ ប៉ុន្តែ គាត់ក៏បានផ្លាស់ប្តូរទស្សនៈរបស់គាត់ ហើយក៏បានប្រើភាពរញេរញ៉ៃនោះ ជាឱកាសប្រកាសអំពីព្រះដ៏ពិត ដែលមានព្រះនាមយេស៊ូវគ្រីស្ទ(ខ.២២-២៣)។

ពេលដែលភរិយាខ្ញុំចេញទៅធ្វើការបាត់ ខ្ញុំក៏ត្រូវដល់ពេលកែប្រែទស្សនៈរបស់ខ្ញុំផងដែរ ដោយអនុញ្ញាតឲ្យព្រះអម្ចាស់ ជួយឲ្យខ្ញុំមើលឃើញភាពរញេរញ៉ៃ ជាឱកាសដែលមានប្រយោជន៍ដូចដែលភរិយាខ្ញុំ និងទ្រង់បានមើលឃើញផងដែរ។-Randy Kilgore