ក្នុង​អំឡុ​ង​ពេលសង្រ្គាម​លោកលើកទី២​ លោក​នា​យក​រដ្ឋ​មន្ត្រី​​វី​នស្តុន ឈើឈីល(Winston Churchill) បាន​ធ្វើ​ការ​កំឡាចិ​ត្តជន​ជាតិអង់​គ្លេ​ស ដែល​កំពុង​មាន​ការ​ភ័យ​ខ្លា​ច នៅ​ថ្ងៃ​ទី១​៨ ខែ​មិថុនា ឆ្នាំ១៩៤០ ព្រោះអ៊ីត្លែ ដែលជាសត្រូវរបស់ពួកគេដឹងថា អាឡឺម៉ង់ត្រូវវាយអង់គ្លេស​ឲ្យបាក់ស្បាត ​ដើម្បី​ឈ្នះស​ង្រ្គា​ម ពុំ​នោះទេ​ ​អាឡឺមង់​នឹ​ងចា​ញ់សង្រ្គា​មមិនខាន​ ដូចនេះ គា​ត់ក៏​បានប្រា​ប់​ពួក​គេ​ឲ្យ​ប្រុងប្រៀ​ប​ខ្លួន​ ដើម្បី​ប្រយុទ្ធដ​ល់​ទីប​ញ្ចប់ ហើយ​ចង​ចាំ​ថា បើ​ចក្រ​ភព​អ​ង់គ្លេ​ស​មានអា​យុកា​ល​១ពាន់ឆ្នាំ​ នោះ​គេនឹ​ង​ថា​ ពេល​នេះ​ជា​ពេល​ដែល​ល្អបំ​ផុត​របស់​ប្រជា​ជន​អ​ង់គ្លេ​ស​។

យើង​ម្នា​ក់​ៗសុទ្ធតែ​ចង់​ឲ្យ​គេនឹ​កចាំ​ អំពី “ពេល​ដែលល្អ​បំផុត”​របស់​យើង។ សម្រាប់​សាវ័កពេត្រុសវិញ ពេល​ដែលល្អបំផុត​របស់គាត់ ប្រហែល​ជា​ពេល​ដែ​ល​គាត់​បា​ន​ប្រកាស​ថា “យើង​​ខ្ញុំ​​​ក៏​​បាន​​ជឿ ហើយ​ដឹង​ថា ទ្រង់​ជា​ព្រះគ្រីស្ទ ជា​ព្រះរាជបុត្រា​នៃ​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់​ពិត”(យ៉ូហាន ៦:៦៩)។ ទោះជា​យ៉ាងណាក៏ដោយ ​ជួន​កាល យើងឲ្យ​ត​ម្លៃខ្លួន​ឯ​ង ដោយ​ផ្អែក​ទៅលើកំហុសរបស់យើ​ង។ បន្ទាប់​ពីលោកពេត្រុសបា​នប្រកែកជាច្រើន​ដងថា​ គាត់មិនស្គាល់​ព្រះ​យេស៊ូវ គាត់ក៏បានចេញទៅ ហើយក៏​ទួញ​យំ ដោយចិត្តដ៏ល្វីងជូរចត់(​ម៉ាថាយ ២៦:៧៥ យ៉ូហាន ១៨)។

យើងម្នា​ក់ៗសុទ្ធ​តែមា​ន​ចំ​ណុ​ច​ខ្វះ​ខា​ត ក្នុ​ងទំ​នា​ក់​ទំ​ន​ង ក្នុង​កា​រ​តយុទ្ធនឹ​ង​អំ​ពើបា​ប​ និង​ក្នុង​ភា​ព​ស្មោះ​ត្រង់ចំ​ពោះ​ព្រះ ​គឺ​មិន​ខុ​សពី​លោ​ក​ពេត្រុ​សទេ​។​ ប៉ុន្តែ ពេលយើង​មាន​កំ​ហុស ឬ​ប​រាជ័យ គឺ​មិ​នមា​ន​ន័យថា​ យើង​អស់​ផ្លូ​វ​កែនោះ​ទេ។​ ជាក់​ស្តែង ព្រះយេ​ស៊ូវ​បាន​អត់​ទោ​​ស​ឲ្យ​លោកពេ​ត្រុ​ស បន្ទាប់​ពី​គា​ត់បា​ន​ប្រែចិ​ត្ត(យ៉ូហាន ២១) ហើយ​ក៏បា​ន​ប្រើ​គាត់​ ឲ្យផ្សា​យ​ដំ​ណឹ​ង​ល្អ និង​ដឹក​នាំ​មនុស្ស​ជាច្រើ​ន​ឲ្យ​ទទួល​សេចក្តី​សង្រ្គោះ។​

បរាជ័​យ​មិន​ធ្វើ​ឲ្យ​យើងអស់​ផ្លូវ​ឡើ​យ។ ព្រះទ្រ​ង់​ស្អា​ង​ឡើង​វិ​ញ ​ដោយ​សេចក្តី​ស្រឡាញ់ ចំពោះ​អ្នក​ដែ​ល​វិ​ល​បែ​រ​មក​រក​ទ្រ​ង់វិញ។​-Cindy Hess Kasper