កាល​ខ្ញុំ​រៀន​នៅ​វិទ្យា​ល័យ ខ្ញុំ​មាន​មោទនភាព ចំពោះ​សមត្ថ​ភាព​របស់​ខ្ញុំ នៅ​ក្នុង​ការ​លេង​អុក ឬ​ចត្រង្គ។ ខ្ញុំ​បាន​ចូល​រួម​ក្នុង​ក្លឹប​អុក ហើយ​ក្នុង​អំឡុង​ពេល​អាហារ​ថ្ងៃ​ត្រង់ គេ​អាច​ឃើញ​ខ្ញុំ​កំពុង​អង្គុយ អាន​សៀវភៅ​យ៉ាង​ជក់​ចិត្ត ជា​មួយ​ក្មេង​ដទៃ​ទៀត នៅ​តុ​អាហារ ដែល​មាន​ដូច​ជា​សៀវភៅ មាន​ចំណង​ជើង​ថា សៀវភៅ​ស្តេច​អុក​ពិសេស ។​ ខ្ញុំ​បាន​រៀន​តិច​និច​លេង​អុក ហើយ​ក៏​បាន​ឈ្នះ​ភាគ​ច្រើន​នៃការ​​ប្រកួត​ដែល​ខ្ញុំ​​ចូល​រួម​។  តែ​ក្រោយ​មក ខ្ញុំ​ក៏​បាន​ទុក​ល្បែង​អុក​​ចោល អស់​រយៈ​ពេល​ជាង​២០​ឆ្នាំ​មក​ហើយ។  បន្ទាប់​មក  ខ្ញុំ​ក៏​បាន​ជួប​មនុស្ស​ម្នាក់  ដែល​ពិត​ជា​ពូកែ​លេង​អុក​មែន។ គាត់​បាន​រៀន​ជំនាញ​លេង​អុក ឲ្យ​បាន​ល្អ​ឥត​ខ្ចោះ ចាប់​តាំង​ពី​នៅ​រៀន​នៅ​វិទ្យា​ល័យ ហើយ​ខ្ញុំ​ក៏​បាន​ដឹង​ថា ការ​ប្រកួត​ជា​មួយ​គ្រូ​អុក មាន​លក្ខណៈ​យ៉ាង​ដូច​ម្តេច។ ទោះ​ខ្ញុំ​ចេះ​ដើរ​ក្រឡា​អុក តាម​ទំនើង​ចិត្ត​របស់​ខ្លួន​ក្តី ក៏​យុទ្ធ​សាស្រ្ត​របស់​ខ្ញុំ​សុទ្ធ​តែ​មិន​សូវ​មាន​ប្រសិទ្ធិ​ភាព។ គាត់​មាន​ជំនាញ​ខ្ពស់​ជាង​ខ្ញុំ បាន​ជា​ខ្ញុំ​ខំ​ដើរ​កូន​អុកបំពេញ​គោល​បំណង​ខ្លួន​ឯង តែ​ទី​បញ្ចប់ ខ្ញុំ​បែរ​ជា​បំពេញ​គោល​បំណង​ឲ្យ​គាត់ ដោយ​មិន​ដឹង​ខ្លួន។

ការ​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​ថា ព្រះ​ទ្រង់​បាន​ប្រទាន​ឲ្យ​មនុស្ស​មាន​សេរី​ភាព​បះបោរ​ប្រឆាំង​នឹង​ការ​រៀប​ចំ ដែល​ទ្រង់​មាន​តាំង​ពីដើម តែ​ទោះ​ជា​ពួក​គេ​ខិត​ខំ​ប្រឆាំង​នឹង​ទ្រង់​យ៉ាង​ណា​ក៏​ដោយ ក៏​ទី​បំផុត ទ្រង់​នៅ​តែ​ប្រើ​ពួក​គេ ឲ្យ​សម្រេច​គោល​ដៅ​នៃ​ការ​ស្អាង​ឡើង​វិញ​របស់​ទ្រង់(រ៉ូម ៨:២១ ២ពេត្រុស ៣:១៣ វិវរណៈ​ ២១:១)។ ការ​នេះ​បាន​កែ​ប្រែ​ទស្សនៈ​ដែល​ខ្ញុំ​មាន អំពី​ការ​ល្អ និង​ការ​អាក្រក់។ ខ្ញុំ​អាច​ថ្វាយ​ដល់​ព្រះ នូវ​ការ​ល្អ ដែល​មាន​ដូច​ជា កម្លាំង អំណោយ​ទាន និង​ធន​ធាន ជា​ដង្វាយ ​សម្រាប់​បំពេញ​បំណង​ព្រះ​ទ័យ​ទ្រង់។ ហើយ​សម្រាប់​ការ​អាក្រក់ ដែល​មាន​ដូចជា ភាព​ពិការ ភាព​ក្រីក្រ បញ្ហា​គ្រួសារ បរាជ័យ ។ល។ ខ្ញុំ​អាច​ថ្វាយ ដើម្បី​ឲ្យ​ទ្រង់​ប្រើ​ជា​ឧបករណ៍ ដែល​នាំ​ឲ្យ​ខ្ញុំ​ងាក​បែរ​ទៅ​រក​ទ្រង់។

ដោយ​សារ​យើង​មាន​ព្រះ​ដ៏​ជា​គ្រូ​លើ​អស់​ទាំង​គ្រូ នោះ​យើង​មាន​ការ​ធានា​ថា យើង​នឹង​មាន​ជ័យ​ជម្នះ ទោះ​ជា​ក្រឡា​អុក​នៃ​ជីវិត ពិបាក​ឲ្យ​យើង​មើល​យល់​យ៉ាង​ណា​ក៏​ដោយ។-Philip Yancey