ពេល​ខ្ញុំ​កំពុង​អាន​សារ​ដែល​គេ​បាន​ផ្ញើ​មក​ទូរស័ព្ទ​របស់​ខ្ញុំ ខ្ញុំ​ស្រាប់​តែ​មាន​កំហឹង​ក្តៅ​ឡើង ​ស្ទើរ​ស្ល​ឈាម។   ពេល​នោះ  ខ្ញុំ​ហៀប​តែ​នឹង​បាញ់​សារ​វាយ​ប្រហារ​តប​ទៅ​វិញ  តែ​មានសម្លេង​មួយ​នៅ​ក្នុង​ចិត្ត​ខ្ញុំ បាន​ប្រាប់​ខ្ញុំ ឲ្យ​សម្រួល​អារម្មណ៍ ហើយ​រង់​ចាំ​ឆ្លើយ​តប​ទៅ​គេ​វិញ នៅ​ថ្ងៃ​ស្អែក​។​ នៅ​ពេល​ព្រឹក បន្ទាប់​ពី​បាន​គេង​លក់​យ៉ាង​ស្កប់​ស្កល់​កាល​ពី​ពេល​យប់ បញ្ហា​ដែល​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មិន​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង​កាល​ពី​ថ្ងៃ​ម្សិល​មិញ ហាក់​ដូច​ជា​មិន​សូវ​មាន​ឥទ្ធិ​ពល​មក​លើ​ខ្ញុំ​ទៀត​ទេ។ ពី​ដំបូង​ខ្ញុំ​បាន​បំប៉ោង​វា​ឲ្យ​ធំ​ហួស​ខ្នាត ព្រោះ​ខ្ញុំ​មិន​ចង់​យក​ប្រយោជន៍​អ្នក​ដទៃ ជា​សំខាន់​ជាង​ប្រយោជន៍​ខ្លួន​ឯង ហើយខ្ញុំ​មិន​ព្រម​ជួយ​អ្នក​ដទៃ ដោយ​ទុក​ឲ្យ​ខ្លួន​ឯង​ពិបាក​ឡើយ។

ខ្ញុំ​មាន​ការ​សោក​ស្តាយ​ណាស់ ដែល​ខ្ញុំ​ត្រូវ​បាន​ល្បួង​ឲ្យ​ឆ្លើយ​តប ដោយ​កំហឹង ជា​ញឹក​ញាប់។ ប៉ុន្តែ ជានិច្ច​ជា​កាល ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​ត្រូវ​អនុវត្ត​តាម​សេចក្តី​ពិត​នៃ​ព្រះ​គម្ពីរ ​ដែល​ខ្ញុំ​បាន​យល់​ច្បាស់ ដែល​បានចែងថា “ចូរ​ខឹង​ចុះ តែ​កុំ​ឲ្យ​ធ្វើ​បាប​ឡើយ កុំ​ឲ្យ​សេចក្តី​កំហឹង​របស់​អ្នក​នៅ​ដរាប​ដល់​ថ្ងៃ​លិច​ឡើយ”(អេភេសូរ ៤:២៦) ហើយ “កុំ​ឲ្យ​គ្រប់​គ្នា​ស្វែង​រក​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន​ឡើយ ត្រូវ​ស្វែង​រក​ចំពោះ​អ្នក​ដទៃ​ផង”(ភីលីព ២:៤)។

ខ្ញុំ​សូម​អរ​ព្រះ​គុណ​ព្រះ​ ដែល​បាន​ប្រទាន​ព្រះ​វិញ្ញាណ​ទ្រង់​ ដើម្បី​ជួយ​យើង​ក្នុង​ការ​ប្រយុទ្ធ​នឹង​អំពើ​បាប​របស់​យើង។ ត្រង់​ចំណុច​នេះ សាវ័ក​ប៉ុល និង​សាវ័ក​ពេត្រុស​បាន​ហៅ​ព្រះ​រាជ​កិច្ច​របស់​ព្រះ​វិញ្ញាណ​ថា “ព្រះ​រាជ​កិច្ច​នៃ​ការ​ញែក​ចេញ​ជា​បរិសុទ្ធ”(២ថែស្សាឡូនិច ២:១៣ ១ពេត្រុស ១:២)។ បើ​គ្មាន​អំណាច​ទ្រង់​ជួយ​ទេ យើង​គ្មាន​សង្ឃឹម ហើយ​ក៏​បរា​ជ័យ​ផង តែ​យើង​អាច​មាន​ជ័យ​ជម្នះ ដោយ​ពឹង​អំណាច​ចេស្តា​ទ្រង់។-Poh Fang Chia