កាល​កូន​ៗ​របស់​ខ្ញុំ​នៅ​ក្មេង យើង​បាន​ធ្វើ​ដំណើរ​ទៅ​លេង​ជី​ដូន​ជីតា​ខ្ញុំ នៅ​តំបន់​វីសខុនស៊ីន​ខាង​ជើង។ នៅ​ទីនោះ ទូរ​ទស្សន៍​របស់​ពួក​គាត់​ចាប់​ប៉ុស្តិ៍​មិន​សូវ​ច្បាស់​​ ប៉ុន្តែ ទូរទស្សន៍​មិន​សូវ​សំខាន់​សម្រាប់​ពួក​គាត់​ទេ។ ខ្ញុំ​ក៏​បាន​ឃើញ​ស្កុត(Scott) កូន​ប្រុស​ខ្ញុំ កំពុង​ដូរ​ប៉ុស្តិ៍​ចុះ​ឡើង​ៗ ហើយ​គាត់​ក៏​សួរ​ខ្ញុំ​ដោយ​ចិត្ត​នឿយ​ណាយ​ថា “តើ​ឲ្យ​កូន​ធ្វើ​ដូច​ម្តេច បើ​ទូរទស្សន៍​នេះ​មើល​បាន​តែ​ប៉ុស្តិ៍ ដែល​មាន​កម្ម​វិធី​ដែល​កូន​មិន​ចូល​ចិត្ត​មើល?” ខ្ញុំ​ក៏​និយាយ​ទាំង​ញញឹម​ថា “កូន​ឯង​បិទ​វាទៅ!”

នេះ​មិន​មែន​ជា​យោបល​ដែល​គាត់​សង្ឃឹម​ថា នឹង​ទទួល​​ពី​ខ្ញុំ​ឡើយ​។ សព្វ​ថ្ងៃ​នេះ ការ​ធ្វើ​តាម​យោបល​មួយ​នេះ កាន់​តែ​មាន​ការ​ពិបាក ខណៈ​ពេល​ដែល​យើង​មាន​ឧបករណ៍​ជា​ច្រើន សម្រាប់​កម្សាន្ត ទទួល​ពត៌​មាន និង​ទំនាក់​ទំនង ដែល​កំពុង​រំខាន​យើង។  ជួន​កាល អ្វី​ដែល​យើង​ត្រូវ​ធ្វើ គឺ​គ្រាន់​តែ​បិទ​ឧបករណ៍​ទាំង​អស់​នោះ ហើយ​សម្រាក​គំនិត​របស់​យើង មួយ​រយៈ​ពេល​ខ្លី​សិន និយាយ​ឲ្យ​ខ្លី យើង​គ្រាន់​តែ​ចាំ​បាច់​ត្រូវ “ដក​ខ្លួន​ចេញ” មួយ​រយៈ​សិន។ ជា​ញឹក​ញាប់ ព្រះយេស៊ូវ​បាន​ដក​ខ្លួន​ចេញ មួយ​រយៈ ពេល​ដែល​ទ្រង់​ត្រូវ​ការចំណាយ​ពេល​ស្ងាត់​ស្ងៀម​អធិស្ឋាន(ម៉ាថាយ ១៤:១៣)។ ទ្រង់​បាន​លើក​ទឹក​ចិត្ត​ពួក​សាវ័ក​ទ្រង់ ឲ្យ​ទៅ​រក​កន្លែង​ស្ងាត់​ដោយ​ឡែក មួយ​រយៈ​ពេល​ខ្លី​ផង​ដែរ(ម៉ាកុស ៦:៣១)។ ការ​ចំណាយ​ពេល​ស្ងាត់​ស្ងៀម ដើម្បី​ជញ្ជឹង​គិត មាន​ប្រយោជន៍​សម្រាប់​យើង​ម្នាក់​ៗ។ ស្ថិត​ក្នុង​ពេល​នោះ យើង​អាច​ចូល​ទៅ​ជិត​ព្រះ។

ចូរ​យើង​យក​គំរូ​តាម​ព្រះ​យេស៊ូវ និង​ប្រាជ្ញា​របស់​ទ្រង់។ ចូរ​ដក​ខ្លួន​ចេញ​មួយ​រយៈ ហើយ ​“សម្រាក​បន្តិច​សិន”។ ការ​ធ្វើ​ដូច​នេះ មាន​ប្រយោជន៍​សម្រាប់​រូប​កាយ គំនិត និង​វិញ្ញាណ​របស់​អ្នក​។ -Cindy Hess Kasper