ខគម្ពីរ​ទីមួយ ដែល​មនុស្ស​ជា​ច្រើន ចូល​ចិត្ត​ដក​ស្រង់ ពេល​ជួប​រឿង​អាក្រក់ គឺ​ខ​គម្ពីរ​ដែល​ចែងថា​ “គ្រប់​ការ​ទាំង​អស់​ផ្សំ​គ្នា សំរាប់​សេចក្តី​ល្អដល់​ពួក​អ្នក​ដែល​ស្រឡាញ់​ព្រះ គឺ​ដល់​ពួក​អ្នក​ដែល​ទ្រង់​ហៅ​មក តាម​ព្រះដំរិះ​ទ្រង់”(រ៉ូម ៨:២៨)។ ប៉ុន្តែ ពេល​យើង​កំពុងជួប​រឿង​អាក្រក់ យើង​ពិបាក​នឹង​ជឿ​ថា ព្រះ​ទ្រង់​កំពុង​ផ្សំ​ការ​ទាំង​អស់ សម្រាប់​ជា​សេចក្តី​ល្អ​ដល់​យើង។ ខ្ញុំ​ធ្លាប់​អង្គុយ​ក្បែរ​បុរស​ម្នាក់ ដែល​បាន​បាត់​បង់ កូន​ប្រុស​អស់​បី​នាក់ ជា​បន្ត​បន្ទាប់ ហើយ​ខ្ញុំ​ក៏​បាន​ស្តាប់​គាត់​រៀប​រាប់​ពី​ទុក្ខ​លំបាក​របស់​គាត់​ថា “តើ​ព្រះ​ប្រើ​សោក​នាដ​កម្ម​នេះ សម្រាប់​ជា​ប្រយោជន៍​ដល់​ខ្ញុំ ដោយ​របៀប​ណា?” ខ្ញុំ​មិន​ដឹង​ថា​ត្រូវ​ឆ្លើយ​ប្រាប់​គាត់​យ៉ាង​ដូច​ម្តេច​ទេ នៅ​ពេល​នោះ គឺ​មាន​តែ​បន្ត​អង្គុយ​កំដរ​គាត់ យ៉ាង​ស្ងាត់​ស្ងៀម ហើយ​កាន់​ទុក្ខ​ជា​មួយ​គាត់។ ជា​ច្រើន​ឆ្នាំ​ក្រោយ​មក គាត់​បាន​អរ​ព្រះ​គុណ​ព្រះ​ថា ទុក្ខ​ព្រួយ​របស់​គាត់ កំពុង​នាំ​គាត់​ចូល​ទៅ​ជិត​ព្រះ​កាន់​តែ​ខ្លាំង”។​

យើង​ប្រហែល​ជា​ពិបាក​យល់​អត្ថន័យ​នៃ​បទ​គម្ពីរ រ៉ូម ៨:២៨ តែ​មាន​ទីបន្ទាល់​ជា​ច្រើន​រាប់​មិន​អស់ ដែល​បាន​បង្ហាញ​ថា ព្រះ​ទ្រង់​ពិត​ជា​បាន​ប្រើ​ទុក្ខ​លំបាក សម្រាប់​ជា​ប្រយោជន៍​ដល់​យើង​មែន។ ជាក់​ស្តែង អ្នក​ស្រី​ហ្វេននី ក្រូសប៊ី(Fanny Crosby) ដែល​ជា​អ្នក​និពន្ធ​ទំនុក​បរិសុទ្ធ បាន​លើក​ទី​បន្ទាល់​នៃ​ជីវិត​គាត់ ដែល​ព្រះ​បាន​ប្រើ​សោកនាដ​កម្ម សម្រាប់​ជា​ប្រយោជន៍​ដល់​គាត់។ គាត់​បាន​ពិការ​ភ្នែក នៅ​អាយុ​៥​ឆ្នាំ។ នៅ​អាយុ​៨​ឆ្នាំ គាត់​ក៏​ចាប់​ផ្តើម​សរសេរ​បទ​កំណាព្យ និង​ទំនុក​បរិសុទ្ធ។ គាត់​បាន​និពន្ធ​បទ​ចម្រៀង​៨០០០បទ សម្រាប់​សរសើរ​ដំកើង និង​ថ្វាយ​បង្គំ​ព្រះ ដែល​ក្នុង​នោះ ព្រះ​បាន​ប្រទាន​ពរ​ដល់​ពិភព​លោក តាម​រយៈ​បទ​ចម្រៀង​ដ៏​ល្បី​ល្បាញ​របស់​គាត់ ដែល​មាន​ដូច​ជា​បទ “ខ្ញុំ​ដឹង​ជាក់​ច្បាស់​ហើយ(បទលេខ ៨០)” “ខ្ញុំ​នៅ​ព្រះ​ហស្ត​ព្រះយេស៊ូវ(បទលេខ ១៧២)” និងបទ “កុំ​ចោល​ខ្ញុំ​ឡើយ”(បទលេខ ១៩៣)ជាដើម។

ដូច​នេះ ព្រះ​ទ្រង់​បាន​ប្រើ​ទុក្ខ​លំបាក​របស់​គាត់ សម្រាប់​ជា​សេចក្តី​ល្អ ដល់​គាត់ និង​ដល់​យើង​រាល់​គ្នា និង​សម្រាប់​ថ្វាយ​​សិរីល្អ​ដល់​ទ្រង់​ផង។ ពេល​សោក​នាដ​កម្ម​វាយ​ប្រហារ​មក​លើ​យើង យើង​ពិបាក​នឹង​គិត​ថា សេចក្តី​ល្អ នឹង​កើត​ចេញ​ពី​ការ​អាក្រក់​ទាំង​នោះ​ណាស់ ហើយ​យើង​ក៏​មិន​តែង​តែ​បាន​ឃើញ​រឿង​កើត​ឡើង យ៉ាង​ដូច​នេះ​ដែរ។ តែ​ព្រះ​ទ្រង់​មាន​គោល​បំណង​ដ៏​ល្អ ហើយ​តែង​តែ​គង់​នៅ​ជា​មួយ​យើង​ជា​និច្ច។-Lawrence Darmani