ពេល​កូន​ខ្ញុំ​រៀន​ដើរ ខ្ញុំ​ត្រូវ​កាន់​ដៃ​នាង ហើយ​នាង​ក៏​បាន​តោង​ម្រាម​ដៃ​ខ្ញុំ​ជាប់ ព្រោះ​នាង​នៅ​មិន​ទាន់​ចេះ​ទប់​ខ្លួន។ នាង​ខ្លាច​រអិល​ដួល តែ​ខ្ញុំ​នៅ​ចាំ​ជួយ​ទប់​នាង ហើយ​មើល​ថែរ​នាង​ផង។ ពេល​នាង​ដើរ​ដោយ​មាន​ជំនួយ​ពី​ខ្ញុំ កែវ​ភ្នែក​របស់​នាង​បាន​បញ្ចេញ​ពន្លឺ​នៃ​ការ​ដឹង​គុណ ការ​សប្បាយ​ចិត្ត និង​សុវត្ថិ​ភាព។ ប៉ុន្តែ ជួន​កាល នាង​យំ ពេល​ខ្ញុំ​​​បណ្តោយ​ឲ្យ​នាង​ដើរ​តាម​ផ្លូវ​ដែល​មាន​គ្រោះ​ថ្នាក់ ដោយ​នាង​មិន​បាន​ដឹង​ទេ​ថា ខ្ញុំ​កំពុង​ការពារ​នាង។

យើង​ច្រើន​តែ​ត្រូវ​ការ​នរណា​ម្នាក់ មើល​ថែរ​យើង ដឹក​នាំ និង​ជួយ​ទប់​យើង​មិន​ឲ្យ​ដួល នៅ​ក្នុង​ការ​ដើរ​ខាង​វិញ្ញាណ គឺ​មិន​ខុស​ពី​កូន​ស្រី​ដ៏​តូច​របស់​ខ្ញុំ​ទេ។ ហើយ​យើង​មាន​ព្រះ​ដ៏​ជា​ព្រះ​វរបិតា​នៃ​យើង នៅ​ចាំ​ជួយ​កូន​ទ្រង់​រៀន​ដើរ ​នាំ​យើង​ដើរ​ម្តង​មួយ​ជំហាន​ៗ កាន់​ដៃ​យើង ហើយ​នាំ​ឲ្យ​យើង​ដើរ​តាម​ផ្លូវ​ដ៏​ត្រឹម​ត្រូវ។

យ៉ាង​ណា​មិញ ស្តេច​ដាវីឌ​ជ្រាប​យ៉ាង​ច្បាស់​ថា ទ្រង់​ត្រូវ​ការ​ព្រះ​មើល​ថែរ​ទ្រង់ ក្នុង​ការ​រស់​នៅ។ ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក១៨ ទ្រង់​បាន​រៀប​រាប់ អំពី​ការ​ដែល​ព្រះ​ទ្រង់​ប្រទាន​ឲ្យ​យើង​មាន​កម្លាំង និង​ការ​នាំ​ផ្លូវ ពេល​យើង​វង្វេង ឬ​ភ័ន្ត​ច្រឡំ(ខ.៣២)។ ទ្រង់​បាន​ទប់​ជើង​យើង​ឲ្យ​នឹង ដូច​ជើង​សត្វ​ក្តាន់ ដែល​អាច​ឡើង​ទៅកន្លែង​ខ្ពស់​ៗ​បាន ដោយ​មិន​រអិល(ខ.៣៣)។ ហើយ​បើ​យើង​រអិល នោះ​ព្រះ​ហស្ត​ទ្រង់ នឹង​ទប់​យើង(ខ.៣៥)។

ទោះ​យើង​ជា​អ្នក​ជឿ​ថ្មី ដែល​ទើប​តែ​រៀន​ដើរ ក្នុង​ជំនឿ ឬ​យើង​បាន​ដើរ​ជា​មួយ​ព្រះ​ ជា​យូរ​មកហើយ​ក្តី យើង​គ្រប់​គ្នា​សុទ្ធ​តែ​ត្រូវ​ការ​ការ​ដឹក​នាំ និង​ព្រះ​ហស្ត​ដ៏​រឹង​មាំ​របស់​ទ្រង់។-Keila Ochoa