កាល​ពី​ថ្ងៃ​មុន មិត្ត​ភក្តិ​ខ្ញុំ​ម្នាក់​បាន​ឃាត់​ដណើរ​ខ្ញុំ ដើម្បី​ប្រាប់​ខ្ញុំ អំពី​ដំណឹង​គួរ​ឲ្យ​រំភើប​ចិត្ត ហើយ​បន្ទាប់​មក ក៏​បាន​ចំណាយ​ពេល​១០​នាទី រៀប​រាប់ អំពី​ក្មួយ​របស់​គាត់ អាយុ​១​ឆ្នាំ ដែល​ចេះ​ដើរ​បាន​មួយ​ជំហាន​ហើយ។  គាត់​ប្រាប់​ខ្ញុំ​ថា ក្មួយគាត់​​ចេះ​ដើរ​ហើយ! ក្រោយ​មក​ខ្ញុំ​ក៏​បាន​ឆ្ងល់​ថា បើ​អ្នក​ដទៃ​បាន​ស្តាប់​ឮ​យើង​និយាយ​គ្នា​ពី​រឿង​នេះ តើ​គេ​នឹង​គិត​ថា វា​ជា​រឿង​ចម្លែក​ឬ​ទេ? មនុស្ស​ភាគ​ច្រើន​អាច​ដើរ​បាន។ បើ​គ្រាន់​តែ​ក្មេង​ម្នាក់​ចេះ​ដើរ តើ​មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់​ផ្អើល?​

ជា​ការ​ពិត​ណាស់ ពេល​ដែល​ក្មេង​តូច​ចេះ​ធ្វើ​អ្វី​មួយ ដូច​ជា​ការ​ដើរ និង​និយាយ​ជា​ដើម មនុស្ស​ធំ​ច្រើន​តែ​មាន​ចិត្ត​រីក​រាយ​សាទរ។ នោះ​ហើយ​ជា​លក្ខណៈ​ពិសេស​ដែល​គួរ​ឲ្ស​ស្រឡាញ់​នៃ​កូន​ក្មេង ដែល​យើង​ស្ទើរ​តែ​ភ្លេច​ថា​ ខ្លួន​ឯង​ធ្លាប់​មាន ពេល​ដែល​យើង​ធំ​ឡើង។ រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​ថា ព្រះ​បាន​ប្រើ​ពាក្យ “កូន” ក្នុង​ការ​ប្រៀប​ប្រដូច ដើម្បី​ពិពណ៌នា អំពី​ទំនាក់​ទំនង​ដែល​យើង​មាន​ជា​មួយ​ទ្រង់។ ព្រះ​គម្ពីរ​សញ្ញា​ថ្មី​បានប្រកាស​ថា គ្រីស្ទ​បរិស័ទ​ជា​កូន​របស់​ព្រះ ដែល​មាន​សិទ្ធិ និង​អភ័យ​ឯក​សិទ្ធិ ជា​កូន​ស្នង​មរតក​របស់​ទ្រង់(រ៉ូម ៨:១៦-១៧)។ ព្រះ​គម្ពីរ​ក៏​បាន​ចែង​ផង​ដែរ​ថា ព្រះ​យេស៊ូវ (ជា ព្រះ​រាជ​បុត្រា “តែ​មួយ”របស់​ព្រះ) បាន​យាង​ចុះ​មក ដើម្បី​ឲ្យ​យើង​បាន​ទទួល​ចិញ្ចឹម​ ជា​កូន​ប្រុស​ស្រី ក្នុង​មហា​គ្រួសារ​របស់​ព្រះ។

ចូរ​យើង​ស្រមៃ​មើល​ថា ព្រះ​ទ្រង់​មាន​ព្រះទ័យ​រំភើប​យ៉ាង​ណា ពេល​ដែល​ទ្រង់​ឃើញ​កូន​តូច​ៗ​របស់​ទ្រង់ រៀន​បោះ​ជំហាន​​ខាង​វិញ្ញាណ ​ដើរ​ជា​លើក​ដំបូង​។ ប្រហែល​ជា នៅ​ពេល​ដែល​អាថ៌​កំបាំង​នៃ​ចក្រ​វាល​ត្រូវ​បាន​បើក​បង្ហាញ​ឡើយ នៅ​ចុង​បញ្ចប់ យើង​នឹង​បាន​ដឹង​ច្បាស់ អំពី​គោល​បំណង​ដ៏​ពិត​ប្រាកដ នៃ​ការ​ដែល​មើល​កូន​ក្មេង​ចម្រើន​វ័យ​ធំ​ឡើង។ ព្រះ​ទ្រង់​ប្រហែល​ជា​បាន​ប្រទាន​ឲ្យ​យើង​មាន​ពេល​មើល​ក្មេង​ៗ​ចម្រើន​វ័យ​ធំ​ឡើង ដែល​ជា​ពេល​ដ៏​ពិសេស​ ដើម្បី​ឲ្យ​យើង​ស្គាល់​អំពី​សេចក្តី​ស្រឡាញ់​ដ៏​គ្មាន​ព្រំ​ដែន​របស់​ទ្រង់​បាន​មួយ​កំរិត​ទៀត។ បទ​ពិសោធន៍​ដែល​យើង​មាន​ក្នុង​ជីវិត នៅ​លើ​ផែន​ដី​នេះ គ្រាន់​តែ​អាច​ឲ្យ​យើង​ស្គាល់​សេចក្តី​ស្រឡាញ់​ទ្រង់ បាន​តែ​មួយ​ចំណែក​តូច​ប៉ុណ្ណោះ។-Philip Yancey