តើអ្នក​ធ្លាប់​មាន​អារម្មណ៍​ថា ជីវិត​របស់​អ្នក​ត្រូវ​បាន​បំផ្លាញ​ ដោយ​សារ​តែ​អ្នក​បាន​ធ្វើ​អ្វី​មួយ ​ដែល​គួរ​ឲ្យ​ខ្មាស់​អៀន ឬ​គួរ​ឲ្យ​អាម៉ាស់ ឬ​ក៏​ជា​បទ​ឧក្រិដ្ឋ​ជា​ដើម ប៉ុន្តែ ​ដល់​ពេល​ភ្ញាក់​ឡើង ទើប​ដឹង​ខ្លួន​ថា​ នោះ​គ្រាន់​តែ​ជា​ការ​យល់​សប្ត​សោះ? ក៏​ប៉ុន្តែ ចុះ​ប្រសិន​បើ​រឿង​នេះ​មិន​គ្រាន់​តែ​ជា​សុបិន​អាក្រក់​វិញ​នោះ? ចុះ​បើ​សិន​ជា​ស្ថាន​ភាព​នោះ គឺ​ពិត​ជា​បាន​កើត​ឡើង​មែន ចំពោះ​ខ្លួន​អ្នក​ និង​ចំពោះ​មនុស្ស​ដែល​អ្នក​ស្រឡាញ់ តើ​អ្នក​នឹង​ធ្វើ​យ៉ាង​ណា?

នេះ​គឺ​ជា​ស្ថាន​ភាព​ដែល​តួ​អង្គ​ម្នាក់​បាន​ជួប​ប្រទះ នៅ​ក្នុង​រឿង​ប្រលោម​លោក នៅ​សតវត្សរ៍​ទី១៩ ​ដែល​លោក​ ចច ម៉ាកដូណាល់(George MacDonald) បាន​និពន្ធ ​មាន​ចំណង​ជើង​ថា ការ​ភ្ញាក់​រឭក​របស់​គ្រូ​ជំនួយ ។ រឿង​នេះ និយាយ​អំពី​ដំណើរ​ជីវិត​របស់​អ្នក​បម្រើ​ព្រះ​ម្នាក់ ប្រចាំ​តំបន់​មួយ ​ដែល​ភ្ញាក់​ដឹង​ខ្លួន​ថា ​គាត់​បាន​ចែក​ចាយ​ព្រះ​បន្ទូល​ព្រះ ទាំង​មិន​ដឹង​ថា ខ្លួន​ឯង​ជឿ​ព្រះ​ពិត​មែន​ឬ​អត់។ ក្រោយ​មក គេ​បាន​អញ្ជើញ​គាត់​ ឲ្យ​នៅ​កំដរ​យុវ​ជន​ម្នាក់ ​ដែល​កំពុង​វង្វេង​ស្មារ​តី និង​កំពុង​ឈឺ​ធ្ងន់​ហៀប​នឹង​ស្លាប់ ទាំង​មាន​ការ​ភ័យ​ខ្លាច ចំពោះ​ឃាត​កម្ម​ដែល​គាត់​បាន​ប្រព្រឹត្ត​កន្លង​មក។

ហេតុ​ការណ៍​នៅ​ពេល​នោះ ក៏​បាន​កែ​ប្រែ​ចិត្ត​របស់​អ្នក​បម្រើ​ព្រះ​រូប​នេះ ធ្វើ​ឲ្យ​គាត់​ភ្ញាក់​ដឹង​ខ្លួន​ថា មាន​ការ​មួយ​ដែល​យើង​ម្នាក់​ៗ​ចាំ​បាច់​ត្រូវ​ដឹង។ ភាព​ធូរ​ស្បើយ ដោយ​សារ​តែ​ការ​ភ្ញាក់​ដឹង​ខ្លួន​ពី​សុបិន​អាក្រក់ ​គឺ​មិន​អាច​ប្រៀប​ផ្ទឹម​នឹង​ការ​ដែល​ភ្ញាក់​ដឹងខ្លួន នៅ​ក្នុង​ការ​អត់​ទោស​បាប​របស់​ព្រះ ដែល​ពី​ដើម​យើង​ធ្លាប់​គិត​ថា​ជា​រឿង ​មិន​គួរ​ឲ្យ​ជឿ​នោះ​។

តើ​យើង​នឹង​រក​បាន​សេចក្តី​មេត្តា​ករុណា នៅ​ទីណា? សេចក្តី​មេត្តា​ករុណា គឺ​មាន​នៅ​ក្នុង​អង្គ​ព្រះ​យេស៊ូវ។ ពេល​ទ្រង់​កំពុង​ជាប់​ឆ្កាង ​ក្នុង​ចំណោម​ចោរ​ពីរ​នាក់​ដែល​ជាប់​ឆ្កាង​សង្ខាង​ទ្រង់ មាន​ចោរ​ម្នាក់​បាន​បែរ​មក​សូម​ឲ្យ​ទ្រង់​ជួយ ហើយ​ទ្រង់​ក៏​បាន​មាន​បន្ទូល​ដោយ​សេចក្តី​មេត្តា​ករុណា​ថា “ថ្ងៃ​នេះ អ្នក​នឹង​នៅ​ក្នុង​ស្ថាន​បរម​សុខ​ជា​មួយ​នឹង​ខ្ញុំ​ដែរ” (លូកា ២៣:៤៣)។-MART DEHAAN