មិត្ត​ភក្ដិ​របស់​ខ្ញុំ​ឈ្មោះ មែហ្គិន(Meaghan) ជា​កីឡាករ​ជិះ​សេះ​ដ៏​ជោគ​ជ័យ​ម្នាក់​ ហើយ​ខ្ញុំ​បាន​រៀន​ពីនាង នូវ​ចំណុច​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ចំនួន របស់​សត្វ​សេះ​។ ឧទាហរណ៍ ថ្វី​ដ្បិត​តែ​សត្វ​សេះ​មាន​ភ្នែក​ធំ ជាង​អស់​ទាំង​ពពួក​ថានិក​សត្វ​ផ្សេង​ទៀត​ក្ដី ​ភ្នែក​របស់​ពួក​វា​ខ្សោយ​ទេ​ ហើយ​អាច​មើល​ឃើញ​ពណ៌​តិច​ជាង​មនុស្ស​ផង។ ដោយ​ព្រោះ​ហេតុ​នេះ​ហើយ ទើប​ពេល​ខ្លះ​ពួក​វា​​មិន​អាច​ស្គាល់​រត្ថុ​ខ្លះ​នៅ​លើ​ដី​បាន​ទេ។ នៅ​ពេល​ពួក​វា​ឃើញ​បង្គោល​មួយ​ដើម​នៅ​ខាង​មុខ ពួក​វា​មិន​ស្គាល់​ថា​នោះ​ជា​បង្គោល​ទេ អី​ចឹង​ហើយ​បាន​ជា​វា​ងាយ​នឹង​ដើរ​ជាន់​ពី​លើ​​បង្គោល ឬ​ជាន់​សត្វពស់​ធំ​ៗ​ដែល​អាច​នឹង​បង្ក​គ្រោះ​ថ្នាក់​ដល់​ពួក​វា​ក៏​ថា​បាន។ ដោយ​សារ​ហេតុ​ផល​នេះ ទើប​គេ​ត្រូវ​បង្វឹក​សត្វ​សេះ​​ឲ្យ​បាន​ត្រឹម​ត្រូវ ពុំ​នោះ​សោត​ ពួក​វា​ងាយ​នឹង​មាន​ការ​ភិត​ភ័យ ហើយ​​​ផ្អើល​រត់​បាត់​។

យើង​ក៏​ទំនង​ជា​ចង់​រត់​គេច ពី​កាលៈ​ទេសៈ​ដែល​គួរ​ឲ្យ​ភ័យ​ខ្លាច​ផង​ដែរ។ យើង​អាច​មាន​អារម្មណ៍​ដូច​លោក​យ៉ូប ដែល​បាន​យល់​ខុស​អំពី​បញ្ហា​ដ៏​ធ្ងន់​ធ្ងរ​នៃ​ជីវិត​របស់​គាត់ ហើយ​គិត​ថា បើ​ខ្លួន​មិន​បាន​កើត​មក​សោះ នោះ​ប្រសើរ​ជាង។ ដោយ​សារ​តែ​គាត់​មិន​អាច​មើល​ដឹង​ថា តាម​ពិត​គឺ​ជា​សាតាំង​ទេ ដែល​កំពុង​តែ​ប៉ុន​ប៉ង​វាយ​បំបាក់​គាត់​នោះ បាន​ជា​គាត់​សង្ស័យ​ថា​ ព្រះ​អម្ចាស់​ដែល​គាត់​បាន​ជឿ​ទុក​ចិត្ត ប្រហែល​ជា​កំពុង​តែ​ព្យាយាម​បំផ្លាញ​គាត់​ទៅ​វិញ។ ពេល​គាត់​មាន​ទុក្ខ​ច្រើន ទ្រាំ​ទ្រ​លែង​រួច ​គាត់​បាន​លាន់​មាត់​ថា “គឺ​ព្រះ​ដែល​បាន​ផ្ដួល​ខ្ញុំ ហើយ​បាន​ព័ទ្ធ​ខ្ញុំ​ជុំ​វិញ​ដោយ​មង​របស់​ទ្រង់”(យ៉ូប ១៩:៦)។

ការ​យល់​ដឹង​របស់​យើង​ក៏​មាន​ដែន​កំណត់ គឺ​មិន​ខុស​ពី​លោក​យ៉ូប​ឡើយ​។ យើង​ចង់​រត់​គេច​ពីស្ថាន​ការណ៍​ដ៏​លំបាក​ៗ ដែល​ធ្វើ​ឲ្យ​យើង​ភ័យ​ខ្លាច។ តែ​បើ​យើង​គិត​ តាម​ទស្សនៈ​របស់​ព្រះ​វិញ ​នោះ​យើង​នឹង​ដឹង​ថា យើង​មិន​មែន​នៅ​តែ​ម្នាក់​ឯង​ឡើយ ពេល​យើង​មាន​ទុក្ខ​លំបាក។ ទ្រង់​ជ្រាប​ថា មាន​អ្វី​ដែល​ធ្វើឲ្យ​យើង​ភាន់​ច្រឡំ និង​ធ្វើ​ឲ្យ​យើង​ភ័យ​ខ្លាច។ ទ្រង់​ជ្រាប​ថា យើង​មាន​សុវត្ថិ​ភាព ​ពេល​ទ្រង់​គង់​នៅ​ក្បែរ​យើង។ ទុក្ខ​លំបាក​ជា​ឱកាស សម្រាប់​ឲ្យ​យើង​ទុក​ចិត្ត ​ទ្រង់ ជា​ជាង​ទុក​ចិត្ត​ការ​យល់​ដឹង​របស់​ខ្លួន​ឯង។-ANNE CETAS