ពេល​ខ្ញុំ​កំពុង​តែ​បើក​រថយន្ត​បាន​ប្រហែល​ជិត​កន្លះ​ម៉ោង កូន​ស្រី​របស់​ខ្ញុំ​ស្រាប់​តែ​ស្រែក​យំ​ពីកៅ​អី​ខាង​ក្រោយ​។ ​នៅ​ពេល​ខ្ញុំ​សួរ​ថា “តើ​កូន​កើត​អី?” នាង​ក៏​បាន​ឆ្លើយ​ថា បង​ប្រុស​​របស់​នាង​បាន​ចាប់​ទាញ​ដៃ​របស់​នាង​ខ្លាំង​ពេក។ ពេល​នោះ​បង​ប្រុស​របស់​នាង​ក៏​បាន​អះ​អាង​ថា​ គាត់​ចាប់​ទាញ​ដៃ​នាង គឺព្រោះ​តែ​នាង​ក្ដិច​គាត់។ នាង​និយាយ​ថា នាង​បាន​ក្ដិច​គាត់ ព្រោះ​ព្រោះ​តែ​គាត់​បាន​និយាយ​ពាក្យ​អាក្រក់​ៗ​ដាក់​នាង។

គួរ​ឲ្យ​សោក​ស្ដាយ​ណាស់ ដែល​គំរូ​មិន​ល្អ​មួយ​នេះ ដែល​បាន​កើត​ឡើង​ជា​ធម្មតា​រវាង​ក្មេង​ៗ ​ក៏​អាច​កើត​មាន​ជា​ញឹក​ញាប់ ក្នុង​ទំនាក់​ទំនង​របស់​មនុស្ស​ធំ​ផង​ដែរ។ ពេល​មនុស្ស​ម្នាក់​និយាយ​អ្វី​មួយ ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​ទៀត​ឈឺ​ចិត្ត អ្នក​ដែល​ឈឺ​ចិត្ត​នោះ ក៏​បាន​វាយ​បក​ទៅ​វិញ​ដោយ​ពាក្យ​សម្តី។ ចំណែក​ឯ​អ្នក​ដែល​បង្ករ​រឿង ​ក៏​បាន​សង​សឹក​​វិញ ដោយ​ពាក្យ​ប្រមាថ​បន្ថែម​ទៀត។ មិន​យូរ​ប៉ុន្មាន រឿង​នេះ​ក៏​ផ្ទុះ​ចេញ​ជា​កំហឹង និង​ពាក្យ​សម្ដី​ឃោរ​ឃៅ ដែល​ធ្វើ​ឲ្យ​ខូច​ទំនាក់​ទំនង​តែ​ម្ដង។

ព្រះគម្ពីរ​បាន​ចែង​ថា “​ពាក្យ​ឥត​បើ​គិត ដូច​ជា​ចាក់​ដោយ​ដាវ” ហើយ “ពាក្យ​គំរោះ​គំរើយ នោះ​បណ្ដាល​ឲ្យ​មាន​សេចក្ដី​កំហឹង” ប៉ុន្តែ “ពាក្យ​តប​ឆ្លើយ​ដោយ​ស្រទន់ នោះ​រមែង​រំងាប់​សេចក្ដី​ក្រោធ​ទៅ”(សុភាសិត ១២:១៨; ១៥:១)។ ហើយ​ពេល​ខ្លះ ការ​នៅ​ស្ងៀម​មិន​តបត​សោះ​ ជា​មធ្យោ​បាយ​ល្អ​បំផុត ​ដើម្បី​ឆ្លើយ​តប​ចំពោះ​សម្តី​អាក្រក់ និង​គំរោះ​គំរើយ។

មុន​ពេល​ព្រះ​យេស៊ូវ​ត្រូវ​គេ​ឆ្កាង ពួក​មេ​ដឹក​នាំ​សាសនា​បាន​ប្រើ​ពាក្យ​សម្តី​របស់​ខ្លួន ដើម្បី​ព្យាយាម​នាំ​ឲ្យ​ទ្រង់​ឈ្លោះ​ជា​មួយ​ពួក​គេ​(ម៉ាថាយ ២៧:៤១-៤៣)។ ក៏​ប៉ុន្តែ “កាល​គេ​បាន​ជេរ​ប្រមាថ​ដល់​ទ្រង់ នោះ​ទ្រង់​មិន​បាន​ជេរ​តប​វិញ​ទេ . . . គឺ​បាន​ប្រគល់​ព្រះ​អង្គ​ទ្រង់​ទៅ​ព្រះ ដែល​ជំនុំ​ជំរះ​ដោយ​សុចរិត​វិញ” (១ពេត្រុស ២:២៣)។

គំរូ​របស់​ព្រះ​យេស៊ូវ និង​ជំនួយ​មក​ពី​ព្រះ​វិញ្ញាណ​បរិសុទ្ធ អាច​ជួយ​ឲ្យ​យើង​មាន​របៀប​ឆ្លើយ​តប ទៅ​កាន់​មនុស្ស​ដែល​វាយ​ប្រហារ​យើង​ដោយ​ពាក្យ​សម្តី។ ពេល​យើង​បាន​ទុក​ចិត្ត​ព្រះ​ហើយ ​នោះ​យើង​មិន​ចាំ​បាច់​ប្រើ​ប្រាស់​ពាក្យ​សម្ដី​ជា​អាវុធ​ឡើយ។-JENNIFER BENSON SCHULDT