មាន​បុរស​ម្នាក់​ចេះ​តែ​ខ្វល់​ខ្វាយ​អំពី​បញ្ហា​គ្រប់​យ៉ាង។ ថ្ងៃ​មួយ មិត្ត​ភក្ដិ​របស់​គាត់​បាន​ឮ​គាត់​ហួច​យ៉ាង​សប្បាយ ហើយ​មើល​ទៅ​គាត់​ហាក់​ដូច​ជា​មាន​ភាព​ល្ហែរ​ល្ហើយ គួរ​ឲ្យ​កត់​សម្គាល់​។  ពួក​គេ​ក៏​បាន​សួរ​គាត់ ដោយ​ការ​ភ្ញាក់​ផ្អើល​ថា “តើ​មាន​រឿង​អ្វី​កើត​ឡើង​ហ្នឹង?”

គាត់​បាន​ឆ្លើយ​ថា “ខ្ញុំ​ជួល​មនុស្ស​ម្នាក់ ​ឲ្យ​ខ្វល់​ខ្វាយ​ជំនួស​ខ្ញុំ​ហើយ។”

ពួក​គេ​បាន​សួរ​ទៀត​ថា “តើ​អ្នក​បាន​ជួល​គាត់ ក្នុង​តម្លៃ​ប៉ុន្មាន?”

គាត់​បាន​តប​មក​វិញ​ថា “ពីរ​ពាន់​ដុល្លារ​ក្នុង​មួយ​សប្តាហ៍។”

ពួក​គេ​បន្ត​សួរ​ថា “ហើយ តើ​អ្នក​មាន​លទ្ធ​ភាព​បង់​ថ្លៃ​ឈ្នួល​ឲ្យ​គាត់​អត់?”

គាត់​ក៏​បាន​ប្រាប់​ពួក​គេ​ថា “​ខ្ញុំ​គ្មាន​លទ្ធ​ភាព​រក​លុយ​បង់​ឲ្យ​គាត់​ទេ ប៉ុន្តែ នេះ​ហើយ​ជា​បញ្ហា​ដែល​គាត់​ត្រូវ​ព្រួយ​បារម្ភ​នោះ”។

នៅ​ក្នុង​ជីវិត​ពិត ​វិធី​ដ៏​គួរ​ឲ្យ​អស់​សំណើច​នេះ មិន​អាច​ដោះ​ស្រាយ​បញ្ហា​នៃ​ការ​ព្រួយ​បារម្ភ​បាន​ទេ ប៉ុន្តែ ​ក្នុង​នាម​ជា​កូន​ព្រះ យើង​អាច​ផ្ទេរ​អស់​ទាំង​ការ​ព្រួយ​បារម្ភ​របស់​យើង ដល់​ព្រះ​នៃ​យើង ​ដែល​ទ្រង់​គ្រប់​គ្រង​លើ​អ្វី​ៗ​គ្រប់​យ៉ាង ​ជា​ពិសេស សូម្បី​តែ​ក្នុង​ពេល​ដែល​យើង​មាន​អារម្មណ៍​ថា វា​មិន​អាច​ទៅ​រួច​ក៏​ដោយ។

លោក​ហោរា​អេសាយ​រំឭក​យើង​ថា ព្រះ​ទ្រង់​នាំ​អស់​ទាំង​ហ្វូង​ផ្កាយ​ចេញ​មក​តាម​ចំនួន​ ហើយទ្រង់​ក៏​ហៅ​របស់ទាំង​នោះ​តាម​ឈ្មោះ​រៀង​រាល់​តួ (អេសាយ ៤០:២៥-២៦)។ ដោយ​ព្រោះ “ព្រះ​ចេស្តា​ដ៏​ធំ​របស់​ទ្រង់ ហើយ​ដោយ​ព្រោះ​តេជានុភាព​ដ៏​ខ្លាំង​ក្លា​របស់ទ្រង់” នោះ​គ្មាន​ផ្កាយ​ណា​ដែល​ទ្រង់​មិន​ស្គាល់​នោះ​ឡើយ(ខ.២៦)។ ហើយ​ដូច​ដែល​ព្រះ​អង្គ​ស្គាល់​អស់ទាំង​ផ្កាយ​តាម​ឈ្មោះ​រៀង​រាល់​តួ នោះ​ទ្រង់​ក៏​ស្គាល់​យើង​រាល់​គ្នា​ ផ្ទាល់​ខ្លួនម្នាក់​ៗ​ផង​ដែរ។ យើង​ម្នាក់​ៗ​សុទ្ធ​តែ​ស្ថិត​ក្រោម​ការ​ថែទាំ​ដ៏​ដិត​ដល់​របស់​ទ្រង់(ខ.២៧)។

ប្រសិន​បើ​យើង​ចេះ​តែ​មាន​ការ​ព្រួយ​បារម្ភ នោះ​យើង​អាច​ផ្ទេរ​អស់​ទាំង​សេចក្តី​ខ្វល់​ខ្វាយ​នោះ ទៅ​លើ​ព្រះ​អម្ចាស់​បាន។ ព្រះ​អង្គ​មិន​ដែល​ល្វើយ ឬ​នឿយ​ហត់​ខ្លាំង​ពេក ដល់​ថ្នាក់​មិន​ចាប់​អារម្មណ៍​នឹង​យើង​នោះ​ឡើយ។ ព្រះ​អង្គ​មាន​អស់​ទាំង​ប្រាជ្ញា និង​គ្រប់​ទាំង​ព្រះ​ចេស្ដា ហើយ​ទ្រង់សព្វ​ព្រះ​ហឫ​ទ័យ​ប្រើ​ប្រាស់​ប្រាជ្ញា និងព្រះ​ចេស្ដា​​ ដើម្បីជួយ​ដល់​យើង​ជា​និច្ច។ ព្រះ​ដ៏​បរិសុទ្ធ​នោះ​ដែល​បង្គាប់​អស់​ទាំង​ហ្វូងផ្កាយ ទ្រង់​មាន​ព្រះ​ពាហុ​ប្រកប​ដោយ​សេចក្តី​ស្រឡាញ់​ឃុំ​គ្រង​យើង។-POH FANG CHIA