នៅតំបន់​ដែល​ខ្ញុំ​រស់​នៅ រដូវ​នេះ​គឺ​ជា​ពេល​ដែល​កូន​រុក្ខ​ជាតិ​តូច​ៗ​ជា​ច្រើន ពុះ​ពារ​ជម្នះ​ការ​ស្លាប់ ដោយ​សង្ងំ​រស់​នៅ​ក្រោម​ដី​សិន ទំរាំ​ដល់​ពេល​​​ដែល​វា​អាច​ចេញ​ពន្លក​សារ​ជា​ថ្មី។ មុន​ពេល​ព្រឹល​ធ្លាក់ ហើយ​ដី​កក​អស់ រុក្ខ​ជាតិ​ទាំង​នោះ​រុះ​រោយ​ផ្កា​ដ៏​ស្រស់​ស្អាត​របស់​ខ្លួន​អស់ ​ហើយ​ដក​ថយ​មក​ទី​កន្លែង​មួយ​ដែល​វា​អាច​សម្រាក ហើយ​សន្សំ​កម្លាំង​ទុក​សម្រាប់​រដូវ​ដែល​វា​អាច​លូត​លាស់។ មើល​ទៅ​ពួក​វា​ដូច​ជា​ងាប់​អស់​ហើយ តែ​ពួក​វា​មិន​ស្លាប់​ទេ តាម​ពិត​ពួក​វា​កំពុង​តែ​ស្ថិត​ក្នុង​ជីវិត​ក្រាំង។ កាល​ណា​ព្រិល​រលាយ​បាត់​អស់​ ហើយ​ដី​ក៏​លែង​កក​ទៀត នោះ​ពួក​វា​នឹង​ងើបក្បាល​ចេញ​ពន្លក​ឡើង​វិញ ដើម្បី​ស្វាគមន៍​ព្រះ​អាទិករ​របស់​ខ្លួន ដោយ​ពណ៌​ដ៏​ស្រស់​ត្រកាល និង​ក្លិន​ប្រអូប​ឈ្ងុយ​ឈ្ងប់​ផង​ដែរ។

ជួន​កាល រដូវ​កាល​នៃ​ជីវិត តម្រូវ​ឲ្យ​យើង​ឈាន​ចូល​ដំណាក់​កាល​នៃ​ជីវិត​ក្រាំង។ យើង​មិន​ស្លាប់​ទេ ប៉ុន្តែ ​យើង​អាច​មាន​អារម្មណ៍​ថា គេ​មើល​យើង​មិន​ឃើញ ឬមិន​អើ​ពើរ​ចំពោះ​យើង។ ក្នុង​អំឡុង​ពេល​ដូច​នេះ យើង​អាច​មាន​អារម្មណ៍​ថា​ខ្លួន​យើង​គ្មាន​ប្រយោជន៍ ហើយ​យើង​អាច​ងឿង​ឆ្ងល់​ថា តើ​ព្រះ​នឹង​ប្រើ​យើង​ម្ដង​ទៀត​ដែរ​ឬ​ទេ។ ប៉ុន្តែ​ ពេល​បែប​នេះ​ គឺ​សម្រាប់ ការពារ និង​រៀប​ចំ​ខ្លួន​យើង​​ប៉ុណ្ណោះ​។ នៅ​ពេល​ដែល​ព្រះ​កំណត់​បាន​មក​ដល់ ហើយ​ក៏​មាន​លក្ខ​ខ័ណ្ឌ​ប្រកប​ល្អ​ផង​ដែរ​នោះ ព្រះ​ទ្រង់​នឹង​ហៅ​យើង​សារ​ជា​ថ្មី​ម្ដង​ទៀត ឲ្យ​មក​បម្រើ​ទ្រង់ និង​ថ្វាយ​បង្គំ​ទ្រង់​វិញ។

លោក​ម៉ូសេ​ធ្លាប់​ឆ្លង​កាត់​បទ​ពិសោធន៍​បែប​នេះ អស់​មួយ​រយៈ​ពេល។ ក្រោយ​ពី​បាន​សម្លាប់​សាសន៍​អេស៊ីព្ទ​ម្នាក់​ដែល​វាយ​ធ្វើ​បាប​សាសន៍​ហេព្រើរ លោក​ម៉ូសេ​បាន​រត់​គេច​ខ្លួន​ទៅ​ស្រុក​ឆ្ងាយ គឺ​ជា​ស្រុក​ម៉ាឌាន (និក្ខមនំ ២:១១-២២)។ ទីនោះ ព្រះ​បាន​ការពារ​គាត់ ហើយ​បាន​រៀប​ចំ​គាត់ ​សម្រាប់​កិច្ចការ​ធំ​បំផុត​ក្នុង​ជីវិត​របស់​គាត់​(និក្ខមនំ ៣:១០)។

ដូច្នេះ   សូម​មាន​ទឹក​ចិត្ត​ឡើង។  គ្មាន​ពេល​ណា  ដែលព្រះ​ទ្រង់​មើល​យើង​មិន​ឃើញ​នោះ​ឡើយ។-JULIE ACKERMAN LINK