មាន​ពេល​មួយ ព្រះ​វិហារ​របស់​ខ្ញុំ បាន​ធ្វើ​កម្ម​វិធី​ឈោង​ចាប់​ទ្រង់​ទ្រាយ​ធំ  ក្នុង​គោល​ដៅ​ផ្សាយ​ដំណឹង​ល្អ​ឲ្យ​បាន​ឮ​សុះ​សាយ​ក្នុង​ទីក្រុង។ ក្រុម​ការងារ​របស់​យើង​ដែល​បាន​រៀប​ចំ ​និង​ដឹក​នាំ​ព្រឹត្តិ​ការណ៍​ឈោង​ចាប់​នោះ​ រួម​មាន​ ក្រុម​តន្រ្តី​យុវជន​របស់​យើង ក្រុម​ប្រឹក្សា​យោបល់​ផ្លូវ​ចិត្ត និង​អ្នក​ដឹក​នាំ​ព្រះ​វិហារ។ នៅ​ចុង​បញ្ចប់​នៃ​កម្ម​វិធី ពេល​ដែល​ពួក​គេ​ឡើង​មក​ឈរ​តម្រៀប​គ្នា ​ នៅ​លើ​ឆាក យើង​ក៏​បាន​ទះ​ដៃ​អប​អរ​សាទរ​ពួក​គេ ដោយ​ចិត្ត​រំភើប​រីក​រាយ និង​ថ្លែង​អំណរ​គុណ​ពួក​គេ សម្រាប់​ការ​ប្រឹង​ប្រែង​ធ្វើ​ការ​។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក្នុង​ក្រុម​ការងារ​នោះ មាន​បុរស​ម្នាក់​ ដែល​មិន​សូវ​មាន​គេ​កត់​សម្គាល់​ប៉ុន្មាន​ទេ ប៉ុន្តែ​អ្នក​នោះ​គឺ​ជា​​ប្រធាន​ក្រុម។ នៅ​ពេល​ខ្ញុំ​បាន​ឃើញ​គាត់​ ប្រហែល​ជា​ពីរ​បី​ថ្ងៃ​ក្រោយ​មក ខ្ញុំ​ក៏​បាន​អរ​គុណ និង​អប​អរ​សាទរ​គាត់ ​សម្រាប់​ការងារ​​របស់​គាត់ ហើយ​ខ្ញុំ​ក៏​បាន​ប្រាប់​គាត់​ថា “យើង​មិន​សូវ​ឃើញ​អ្នក​​សោះ​ ក្នុង​អំឡុង​ពេល​កម្ម​វិធី កំពុង​ដំណើរ​ការ។”

គាត់​ក៏​បាន​ឆ្លើយ​ថា “ខ្ញុំ​ចូល​ចិត្ត​ធ្វើ​ការ​នៅ​ពី​ក្រោយ​ឆាក”។ គាត់​មិន​ខ្វល់​ពី​ការ​ស្វែង​រក​មុខ​មាត់ សម្រាប់​ខ្លួន​ឯង​ឡើយ ទោះ​គាត់​បាន​ខិត​ខំ​ធ្វើ​ការ​ច្រើន​ប៉ុណ្ណា​ក៏​ដោយ។ គាត់​ចង់​ឲ្យ​អ្នក​ផ្សេង​បាន​ទទួល​ការ​សរសើរ សម្រាប់​កិច្ចការ​ដែល​ពួក​គេ​បាន​ខិត​ខំ​ធ្វើ។

ភាព​ស្ងាត់​ស្ងៀម​របស់​គាត់ បាន​បង្រៀន​ខ្ញុំ​ជា​ច្រើន។ ការ​នេះ​បាន​រំឭក​ខ្ញុំ​ថា ពេល​ខ្ញុំ​កំពុង​ធ្វើ​ការ​បម្រើ​ព្រះ​អម្ចាស់ នោះ​ខ្ញុំ​មិន​ត្រូវ​ស្វែង​រក​មុខ​មាត់​ ឬ​ចង់​ឲ្យ​គេ​ទទួល​ស្គាល់​នោះ​ឡើយ។ ខ្ញុំ​នៅ​តែ​អាច​ថ្វាយ​ព្រះ​កិត្តិ​នាម​ដល់​ព្រះ ទោះ​គេ​សរសើរ​ខ្ញុំ​ដោយ​បើក​ចំហរ ឬ​មិន​សរសើរ​ក៏​ដោយ។ ចិត្ត​ដែល​យក​ព្រះ​គ្រីស្ទ​ជា​ទី​មួយ អាច​ទប់​ស្កាត់​កុំ​ឲ្យ​មាន​ការ​ច្រណែន​ខុស​ទំនង ឬ​ការ​ប្រកួត​ប្រជែង​​ដែល​គ្មាន​ប្រយោជន៍។

ព្រះយេស៊ូវ​ដែល​ “ខ្ពស់​លើស​ទាំង​អស់” (យ៉ូហាន ៣:៣១) “ទ្រង់​ត្រូវ​ចំរើន​ឡើង ហើយ​ខ្ញុំ​ត្រូវ​បន្ទាប​​ចុះវិញ” (ខ.៣០)។ នៅ​ពេល​យើង​មាន​អាកប្ប​កិរិយា​បែប​នេះ យើង​នឹង​ស្វែង​រក​ការ​រីកចម្រើន​ សម្រាប់​ការងារ​របស់​ព្រះ គឺ​មិន​មែន​ដើម្បី​លើក​ដំកើង​ខ្លួន​ឯង​ឡើយ។ គ្រប់​ការ​ទាំង​អស់​ដែល​យើង​ធ្វើ នោះ​យើង​គួរ​តែ​ផ្ដោត​ជា​សំខាន់​ ទៅ​លើ​ព្រះ​គ្រីស្ទ មិន​មែន​ផ្តោត​ទៅ​លើ​ខ្លួន​ឯង​នោះ​ឡើយ​។-LAWRENCE DARMANI