កាល​ពី​ដើម​ខែ​កញ្ញា ឆ្នាំ​២០១១ ភ្លើយ​ឆេះ​ព្រៃ​ដ៏​សាហាវ​មួយ ​បាន​បំផ្លាញ​ផ្ទះ​សម្បែង​អស់​៦០០​ខ្នង នៅ​ក្នុង​ទីក្រុង​បាសស្ត្រុប (Bastrop) និង​តំបន់​ជិត​ខាង​ ក្នុង​ភូមិ​ភាគ​កណ្តាល​នៃ​រដ្ឋ​តិច​សាស់។ ពីរ​បី​សប្តាហ៍​ក្រោយ​មក ការសែត អាមើរីខិន ស្តេត​ស៍មិន នៃ​ទី​ក្រុង​អូស្ទីន ​បាន​ចេញ​ផ្សាយ​ពត៌​មាន ក្រោម​ចំណង​ជើង​ទំព័រ​មុខ​ថា “មនុស្ស​ដែល​បាន​បាត់​បង់​ច្រើន​ជាង​គេ​​បំផុត បែរ​ជា​ផ្ដោត​សំខាន់​លើ​អ្វី​ដែល​មិន​បាន​បាត់​បង់”។ អត្ថ​បទ​នេះ​បាន​ពណ៌​នា​ អំពី​អំណោយ​សប្បុរស​ធម៌​ដែល​សហគមន៍​​បាន​ឧបត្ថម្ភ ព្រម​ទាំង​បាន​រៀប​រាប់​ថា អ្នក​ទទួល​ជំនួយ​ទាំង​នោះ បាន​ដឹង​ថា អ្នក​ជិត​ខាង មិត្ត​ភក្តិ និង​សហគមន៍ មាន​តម្លៃ​ខ្ពស់​ជាង​របស់​របរ​ដែល​ពួក​គេ​បាន​បាត់​បង់​ឆ្ងាយ​ណាស់។

អ្នក​និពន្ធ​ព្រះគម្ពីរ​ហេព្រើរ ​បាន​រំឭក​ដល់​ពួក​អ្នក​ដើរ​តាម​ព្រះ​យេស៊ូវ នៅ​សតវត្សរ៍​ទី​មួយ ឲ្យ​នឹក​ចាំ​អំពី​ការ​រង​ទុក្ខ​លំបាក ដោយ​​សារ​ការ​បៀត​បៀន​  ក្នុង​ជីវិត​នៃ​សេចក្តី​ជំនឿ​របស់​ពួក​គេ​  កាល​ពី​ដើម។ ពួក​គេ​បាន​ឈរ​យ៉ាង​មាំ​មួន ​នៅ​ចំពោះ​មុខ​នៃ​ការ​ប្រមាថ​មាក់​ងាយ និង​ការ​គៀប​សង្កត់ ប៉ុន្តែ នៅ​តែ​បាន​ឈរ​ប្រកៀក​ស្មា​គ្នា​ ជា​មួយ​នឹង​អ្នក​ជឿ​ឯទៀត​យ៉ាង​ក្លាហាន(ហេព្រើរ ១០:៣២-៣៣)។ គឺ​ដូច​ដែល​មាន​សេចក្តី​ចែង​ថា “ដ្បិត​អ្នក​រាល់​គ្នា​មាន​ចិត្ត​អាណិត​អា​សូរ ដល់​ពួក​អ្នក​ដែល​ជាប់​ចំណង ក៏​ទ្រាំ​ឲ្យ​មនុស្ស​ប្លន់​យក​របស់​ទ្រព្យ​ខ្លួន​ដោយ​អំណរ ដោយ​ដឹង​ថា ខ្លួន​មាន​ទ្រព្យ​សម្បត្តិ ដែល​ប្រសើរ​ជាង ហើយ​ក៏​នៅ​ជាប់​លាប់​ផង នៅ​ឯ​ស្ថាន​សួគ៌” (ខ.៣៤)។ ពួក​គេ​មិន​បាន​ផ្ចង់​ចិត្ត​លើ​អ្វី​ដែល​ពួកគេ​បាន​បាត់​បង់​នោះ​ឡើយ តែបាន​ផ្តោត​ទៅ​លើ​របស់​ទ្រព្យ​ដ៏​អស់​កល្ប​ជា​និច្ច ដែល​គ្មានអ្នក​ណា​អាច​នឹង​ដក​យក​ពី​ពួក​គេ​បាន​ឡើយ​។

ព្រះ​យេស៊ូវ​បាន​ប្រាប់​ពួក​សិស្ស​របស់​ទ្រង់​ថា “ពី​ព្រោះ​សម្បត្តិ​ទ្រព្យ​របស់​អ្នក​ស្ថិត​នៅ​កន្លែង​ណា នោះ​ចិត្ត​អ្នក​ក៏​នឹង​នៅ​កន្លែង​នោះ​ដែរ” (ម៉ាថាយ ៦:២១)។ នៅ​ពេល​ដែល​យើង​ផ្ចង់​ចិត្ត​ចំពោះ​ព្រះ​អម្ចាស់ និង​ចំពោះ​របស់​ទាំង​អស់​ដែល​យើង​មាន​នៅ​ក្នុង​ទ្រង់ នោះ​សូម្បី​តែ​ទ្រព្យ​សម្បត្តិ​ដ៏​ថ្លៃ​វិសេស​បំផុត​របស់​យើង ​នៅ​លើ​ផែន​ដី​នេះ ក៏​នឹង​ប្រែ​ជា​មាន​តម្លៃ​តិច​វិញ ទោះ​បាត់​បង់ ក៏​មិន​សូវ​សោក​ស្តាយ​ដែរ។-DAVID MCCASLAND