ពេល​ក្រុម​គ្រួសារ​ខ្ញុំ​ទើប​តែផ្លាស់​មក​នៅ​ផ្ទះ ដែល​យើង​កំពុង​រស់​នៅ​សព្វ​ថ្ងៃ ខ្ញុំ​ចូល​ចិត្ត​គយ​គន់​សម្រស់​នៃ​សត្វ​ក្ងាន​ព្រៃ ដែល​មាន​សំបុក​នៅ​ក្បែរ​ផ្ទះ​នោះ។ ខ្ញុំ​ស្ងើច​សរសើរ​របៀប​ដែល​ពួក​វា​មើល​ថែរ​គ្នា​ទៅ​វិញ​ទៅ​មក និង​របៀប​ដែល​ពួក​វា​ផ្លាស់​ទី​ក្នុង​ទឹក​ជា​ជួរ ហើយ​ពួក​វា​ហើរ​លើ​អាកាស​ជា​ជួរ ដែល​មាន​រាង​ដូច​អក្សរ V គួរ​ឲ្យ​ចង់​មើល​ណាស់។ ខ្ញុំ​ក៏​មាន​អំណរ​នៅ​ក្នុង​ការ​មើល​ពួក​វា​ចិញ្ចឹម​កូន​ផង​ដែរ។

បន្ទាប់​មក ពេល​រដូវ​ក្តៅ​មក​ដល់ ខ្ញុំ​ក៏​បាន​ដឹង​អំពី​លក្ខណៈ​ដែល​មិន​សូវ​គួរ​ឲ្យ​ស្រឡាញ់ របស់​សត្វ​ស្លាប​ទាំង​នោះ។ សត្វ​ក្ងាន​ទាំង​នោះ​ចូល​ចិត្ត​ស៊ី​ស្មៅ​ណាស់ ហើយ​ពួក​គេ​វា​មិន​ខ្វល់​ថា ការ​ស៊ី​ស្មៅ​នៅ​ក្នុង​ទីធ្លា​មុខ​ផ្ទះ​ខ្ញុំ បាន​ធ្វើ​ឲ្យ​ខូច​សោភណ្ឌ​ភាព​ផ្ទះ​ខ្ញុំ​ទេ។ ហើយ​អ្វី​ដែល​កាន់​តែ​អាក្រក់​ជាង​នេះ​ទៀត​នោះ គឺ​ពួក​វា​បាន​បន្សល់​ទុក​នូវ​កាក​សំណល់​ដ៏​រញេរញ៉ៃ នៅ​លើ​ផ្លូវ​ដើរ នៅ​ក្នុង​ទីធ្លា​ផ្ទះ​យើង។

ខ្ញុំ​ច្រើន​តែ​គិត​អំពី​សត្វ​ក្ងាន​ព្រៃ​ទាំង​នេះ ពេល​ខ្ញុំ​ត្រូវ​ដោះ​ស្រាយ​បញ្ហា​ជា​មួយ​មនុស្ស​ដែល​ពិបាក។ ជួន​កាល ខ្ញុំ​គិត​ថា បើ​សិន​ជា​ពួក​គេ​ចាក​ចេញ​ពី​ជីវិត​ខ្ញុំ នោះ​មិន​ដឹង​ជា​ល្អ​យ៉ាង​ណា​ទេ។ តែ​បន្ទាប់​មក ព្រះ​ទ្រង់​បាន​រំឭក​ខ្ញុំ​ថា សូម្បី​តែ​មនុស្ស​ដែល​ពិបាក​បំផុត ក៏​មាន​សម្រស់​ដ៏​ល្អ​​ផង​ដែរ បើ​សិន​ជា​យើង​ចូល​ឲ្យ​បាន​ជិត​ល្មម នឹង​អាច​រក​ឃើញ​សម្រស់​នោះ ហើយ​ការ​ឈឺ​ចាប់​ដែល​ពួក​គេ​បាន​ផ្តល់​ឲ្យ​អ្នក​ដទៃ អាច​ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​ការ​ឈឺ​ចាប់​ដែល​ពួក​គេ​កំពុង​ជួប​ប្រទះ។ សាវ័ក​ប៉ុល​បាន​មាន​ប្រសាសន៍​ក្នុង​ព្រះ​គម្ពីរ​រ៉ូម​ថា “ខាង​ឯ​ពួក​អ្នក​រាល់​គ្នា នោះ​ឲ្យ​ខំ​នៅ​ជា​មេត្រី​នឹង​មនុស្ស​ទាំង​អស់​ចុះ បើ​សិន​ជា​បាន”​(១២:១៨)។ ដូច​នេះ ខ្ញុំ​ក៏​បាន​ទូល​សូម​ឲ្យ​ព្រះ​ទ្រង់​ជួយ​ខ្ញុំ ឲ្យ​មាន​ចិត្ត​អត់​ធ្មត់ ចំពោះ “ចំណុច​ពិ​បាក​ៗ” របស់​អ្នក​ដទៃ។ ការ​នេះ​មិន​តែង​តែ​នាំ​ឲ្យ​យើង​ទទួល​លទ្ធ​ផល​ដែល​សប្បាយ​រីក​រាយ​ឡើយ តែ​អ្វី​ដែល​គួរ​ឲ្យ​កត់​សំគាល់​នោះ គឺ​ព្រះ​ទ្រង់​បាន​ជួយ​ដល់​ទំនាក់​ទំនង​ដែល​ខ្ញុំ​មាន​ជា​មួយ​ពួក​គេ។

ពេល​យើង​ជួប​ប្រទះ​មនុស្ស​ដែល​ពិបាក យើង​អាច​មើល​ឃើញ និង​ស្រឡាញ់​ពួក​គេ ដោយ​ពឹង​អាង​ព្រះ​គុណ​ទ្រង់ ដូច​ដែល​ទ្រង់​បាន​ទត​មើល​ទៅ​ពួក​គេ ដោយ​សេចក្តី​ស្រឡាញ់​ផង​ដែរ។-Randy Kilgore