មាន​វីដេអូ​មួយ  ដែល​និយាយ​អំពី​ក្មេង​ប្រុស​តូច​ម្នាក់  ដែល​ដឹង​ថា  វា​ជិតមាន​ប្អូន​ស្រី​ម្នាក់​​ទៀត។ ពេល​នោះ វា​មិន​សប្បាយ​ចិត្ត​ទេ បាន​ជា​វា​រអ៊ូ​ថា “ខ្ញុំ​មាន​ប្អូន​ស្រី​ម្នាក់​ទៀត​ហើយ ​សុទ្ធ​តែ​ស្រី​រហូត!” រឿង​នេះ បាន​ឆ្លុះ​បញ្ចាំ​អំពី​ការ​រំពឹង​ចង់​បាន​របស់​មនុស្ស ដែល​ប្រែ​ជា​ការ​ខក​ចិត្ត។

បញ្ហា​នេះ​បាន​កើត​មាន​ជា​ធម្មតា ក្នុង​ពិភព​លោក។ យ៉ាង​ណា​មិញ ព្រះ​គម្ពីរ​ក៏​បាន​ចែង​អំពី​រឿង​មួយ ដែល​និយាយ​អំពី​ការ​ខក​ចិត្ត​ដ៏​ខ្លាំង​មួយ​ផង​ដែរ។ លោក​យ៉ាកុប​បាន​យល់​ព្រម​ធ្វើ​ការ​៧​ឆ្នាំ ​ឲ្យ​ឪពុក​ក្មេក​គាត់ ដើម្បី​ឲ្យ​បាន​សិទ្ធិ​រៀប​ការ​ជា​មួយ​នាង​រ៉ាជែល។ ប៉ុន្តែ បន្ទាប់​ពី​បាន​បំពេញ​កិច្ច​សន្យា​របស់​គាត់​ ហើយលោក​យ៉ាកុប​ក៏​បាន​ជួប​រឿង​ដ៏គួរ​ឲ្យ​ភ្ញាក់​ផ្អើល នៅ​ពេល​យប់​ថ្ងៃ​រៀប​ការ។ នៅ​ពេល​ព្រឹក​ឡើង គាត់​ក៏​បាន​ដឹង​ថា ស្រ្តី​ដែល​គាត់​បាន​រៀប​ការ​ជា​មួយ​មិន​មែន​ជា​នាង​រ៉ាជែល​ទេ តែ​ជា​នាង​លេអា ដែល​ជា​បង​ប្អូនភ្លោះ​​របស់​នាង។

ពេល​យើង​អាន​រឿង​នេះ យើង​ប្រហែល​ជា​ផ្តោត​ទៅ​លើ​ការ​ខក​ចិត្ត​របស់​លោក​យ៉ាកុប ប៉ុន្តែ ចូរ​យើង​ស្រម៉ៃ​ថា តើ​នាង​លេអា​មាន​អារម្មណ៍​យ៉ាង​ណា​ដែរ​នៅ​ពេល​នោះ? ក្តី​សង្ឃឹម និង​ក្តី​ស្រមៃ​របស់​នាង​បាន​ចាប់​ផ្តើម​រលាយ​អស់ នៅ​ថ្ងៃ​នោះ ពេល​ដែល​គេ​បាន​បង្ខំ​នាង​ឲ្យ​រៀប​ការ​ជា​មួយ​បុរស​ម្នាក់ ដែល​មិន​បាន​ស្រឡាញ់​នាង ឬ​មិន​ចង់​បាន​នាង​ធ្វើ​ជា​ភរិយា​?

បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក ៣៧:៤ បាន​ចែង​ថា “ចូរ​យក​ព្រះយេហូវ៉ា​ជា​សេចក្តី​អំណរ​របស់​អ្នក នោះ​ទ្រង់​នឹង​ប្រទាន​ឲ្យ​អ្នក​បាន​ដូច​បំណង​ចិត្ត”។ តើ​យើង​ត្រូវ​ជឿ​ថា អ្នក​ដែល​កោត​ខ្លាច​ព្រះ មិន​ដែល​មាន​ការ​ខក​ចិត្ត​ទេ​ឬ? ទេ បទ​ទំនុក​ដំកើង​នេះ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា អ្នក​និពន្ធ​ទំនុក​នេះ​បាន​មើល​ឃើញ​ភាព​អយុត្តិ​ធម៌ នៅ​គ្រប់​ទិសទី។ តែ​គាត់​មាន​ទស្សនៈ​វែង​ឆ្ងាយ ដោយ​គាត់​បាន​មាន​ប្រសាសន៍​ថា “ចូរ​ស្ងៀម​នៅ​ចំពោះ​ព្រះយេហូវ៉ា ហើយ​រង់ចាំ​ទ្រង់​ចុះ”(ខ.៧)។ គាត់​ក៏​បាន​សន្និ​ដ្ឋាន​ថា “ឯ​មនុស្ស​រាបសា គេ​នឹង​បាន​ផែនដី​ជា​មរដក”(ខ.១១)។

ទី​បញ្ចប់ គឺ​នាង​លេអា​ទេ ដែល​លោក​យ៉ាកុប​បាន​ផ្តល់​កិត្តិ​យស និង​បាន​កប់  នៅ​ក្នុង​ទី​បញ្ចុះ​សព​របស់​គ្រួសារ​គាត់ ជា​មួយ​លោក​អ័ប្រាហាំ និង​នាង​សារ៉ា លោក​អ៊ីសាក់ និង​នាង​រេបិកា​(លោកុប្បត្តិ ៤៩:៣១)។ ហើយ​ព្រះ​ទ្រង់​ថែម​ទាំង​ប្រទាន​ពរ​លោកិយ ដោយ​ចាត់​ព្រះ​សង្រ្គោះ ឲ្យ​យាង​មក​ចាប់​កំណើត ក្នុង​ខ្សែ​ស្រឡាយ​របស់​នាង​លេអា ដែល​ធ្លាប់​តែ​គិត​ថា គេ​មិន​ស្រឡាញ់​នាង។ ព្រះ​យេស៊ូវ​បាន​ប្រទាន​យុត្តិ​ធម៌ បាន​ស្អាង​ឲ្យ​មាន​ក្តី​សង្ឃឹម​ឡើង ហើយ​បាន​ប្រទាន​យើង នូវ​កេរ​មរ​តក ដែល​ល្អ​ហួស​ក្តី​ស្រមៃ​របស់​យើង។-Tim Gustafson