ការ​ព្យាយាម​តាម​ដាន​ពត៌​មាន​ថ្មី​ៗ ក៏​មាន​គុណ​វិបត្ត​ផង​ដែរ ព្រោះ​ពត៌​មាន​ដែល​និយាយ​ពី​ការ​អាក្រក់ ​មាន​ការ​ពេញ​និយម ជាង​ពត៌​មាន​ដែល​ល្អ។ យើង​ងាយ​​នឹង​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​ អំពី​អំពើ​ឧក្រឹដ្ឋ​របស់​បុគ្គល របស់​ហ្វូង​មនុស្ស ក៏​ដូច​ជា​របស់​រដ្ឋា​ភិបាល ដែល​យើង​មិន​អាច​គ្រប់​គ្រង​បាន។

ត្រង់​ចំណុច​នេះ បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក​៣៧ បាន​បង្រៀន​យើង អំពី​ការ​ឆ្លើយ​តប​ដែល​យើង​ត្រូវ​មាន  ចំពោះ​ពត៌​មាន​ដែល​យើង​បាន​ឮ​ជា​រៀង​រាល់​ថ្ងៃ។  គឺ​ដូច​ដែល​ស្តេច​ដាវីឌ​បាន​ចាប់​ផ្តើម​​ទំនុក​មួយ​នេះ ដោយ​ពាក្យ​ថា “កុំ​ឲ្យ​ក្តៅ​ចិត្ត ដោយ​ព្រោះ​មនុស្ស ដែល​ប្រព្រឹត្ត​អាក្រក់​ឡើយ”(ខ.១)។ បន្ទាប់​មក ក្នុង​ខ​ដែល​មាន​ជា​បន្ត​បន្ទាប់ ទ្រង់​ក៏​បាន​ប្រាប់​ឲ្យ​យើង​មាន​ការ​ឆ្លើយ​តប​ដ៏​ត្រឹម​ត្រូវ​ចំពោះ​ពត៌​មាន​អវិជ្ជ​មាន​ក្នុង​ពិភព​លោក ជា​ជាង​មាន​ការ​ភ័យ​ខ្លាច​ ឬ​ក្តៅ​ចិត្ត។

តើ​មាន​អ្វី​កើត​ឡើង បើ​យើង​សម្រេច​ចិត្ត​ថា យើង​ទុក​ចិត្ត​ព្រះ​អម្ចាស់ ជា​ជាង​ព្រួយ​បារម្ភ​អំពី​ហេតុ​ការណ៍ ដែល​យើង​មិន​អាច​គ្រប់​គ្រង​បាន?(ខ.៣) តើ​យើង​នឹង​បាន​ទទួល​ប្រយោជន៍​ច្រើន​ប៉ុណ្ណា ពេល​ដែល​យើង “យក​ព្រះ​អម្ចាស់​ជា​ក្តី​អំណរ”(ខ.៤) ជា​ជាង​មាន​ចិត្ត​ក្តៅ ឬ​ព្រួយ​បារម្ភ​ឥត​ឈប់​ឈរ? ចូរ​យើង​ពិចារណា​អំពី សេរីភាព​រួចពី​ការ​ព្រួយ​បារម្ភ ដែល​យើង​អាច​មាន ពេល​ដែល​យើង “ទុក​ដាក់​ផ្លូវ​របស់​យើង​នឹង​ព្រះអម្ចាស់”(ខ.៥)។ ហើយ​តើ​យើង​នឹង​មាន​ចិត្ត​ស្ងប់​ប៉ុណ្ណា ពេល​ដែល​យើង​រៀន “​ស្ងៀម​នៅ​ចំពោះ​ព្រះយេហូវ៉ា ហើយ​រង់ចាំ​ទ្រង់​ ដោយចិត្តអត់ធ្មត់”(ខ.៧)។

ពត៌​មាន​អំពី​ការ​អាក្រក់ ដែល​យើង​មិន​អាច​កែ​ប្រែ​បាន គឺ​ជា​ឱកាស​សម្រាប់​ឲ្យ​យើង​ដាក់​ព្រំ​ដែន​សម្រាប់​ការ​ព្រួយ​បារម្ភ​របស់​យើង។ កាល​ណា​យើង​ទុក​ចិត្ត​ព្រះ ទុក​ដាក់​ផ្លូវ​យើង​នៅ​នឹង​ទ្រង់ ហើយ​សម្រាក​ក្នុង​ទ្រង់ ទស្សនៈ​របស់​យើង​នឹង​មាន​ភាព​ភ្លឺ​ស្វាង​ឡើង។ ការ​តស៊ូ និង​ទុក្ខ​លំបាក​ប្រហែល​ជា​មិន​រលាយ​បាត់​អស់​ទេ តែ​យើង​នឹង​បាន​ដឹង​ថា ព្រះ​ទ្រង់​ប្រទាន​ឲ្យ​យើង​មាន​សន្តិ​ភាព​របស់​ទ្រង់ នៅ​ក្នុង​ពេល​ដែល​មាន​ទុក្ខ​លំបាក​នោះ។-Dave Branon