លោក​ម៉ាដាលេណូ(Madaleno) ជា​អ្នក​រៀប​ឥដ្ឋ។ ចាប់​ពី​ថ្ងៃ​ច័ន្ទ ដល់​ថ្ងៃ​ព្រហស្បត្តិ៍ គាត់​បាន​សង់​ជញ្ជាំង​ផ្ទះ និង​ជួស​ជុល​ដំបូល។ គាត់​ជា​មនុស្ស​ស្ងាត់​ស្ងៀម គួរ​ឲ្យ​ជឿ​ជាក់​បាន ហើយ​ខិត​ខំ​ធ្វើ​ការ។ បន្ទាប់​មក ចាប់​ពី​ថ្ងៃ​សៅរ៍ ដល់​ថ្ងៃ​អាទិត្យ គាត់​ឡើង​ទៅ​លើ​ភ្នំ ​ដើម្បី​បង្រៀន​ព្រះ​បន្ទូល​ព្រះ។ លោក​ម៉ាដាលេណូ​បាន​និយាយ​ភាសា ណាហួត(Nahuatl ដែល​ជាក្រៀម​ភាសា​របស់​ជន​ជាតិ​មិច​ស៊ិច​កូ) ដូច​នេះ គាត់​អាច​ផ្សាយ​ដំណឹង​ល្អ​របស់​ព្រះយេស៊ូវ យ៉ាង​ងាយ​ស្រួល ដល់​ប្រជាជន​ក្នុង​តំបន់​នោះ។ ពេល​គាត់​មាន​អាយុ​៧០​ឆ្នាំ គាត់​នៅ​តែ​ធ្វើ​ការ​ដោយ​ដៃ ក្នុង​ការ​សាង​សង់​ផ្ទះ​ឲ្យ​គេ តែ​គាត់​ក៏​បាន​រួម​ចំណែក​នៅ​ក្នុង​ការបង្កើត​មហា​គ្រួសារ​នៃ​ព្រះ​ផង​ដែរ។ ជីវិត​គាត់​បាន​ទទួល​ការ​គំរាមកំហែង ជា​ច្រើន​ដង។ គាត់​បាន​គេង​នៅ​កណ្តាល​វាល​ ហើយ​ប្រឈម​មុខ​នឹង​ការ​ស្លាប់ ដោយ​សារ​គ្រោះ​ថ្នាក់​រថយន្ត និង​ការ​ធ្លាក់​ពី​កន្លែង​ខ្ពស់។ គេ​បាន​បណ្តេញ​គាត់​ចេញ​ពី​ក្រុង។ តែ​គាត់​គិត​ថា ព្រះ​បាន​ត្រាស់​​ហៅ​គាត់ ឲ្យ​បម្រើ​ទ្រង់ ហើយ​គាត់​ក៏​បាន​ធ្វើ​ដោយអំណរ។  គាត់​បាន​ជឿ​ថា​ មនុស្ស​ត្រូវ​ស្គាល់​ព្រះ​អម្ចាស់ បាន​ជា​គាត់​ពឹង​ផ្អែក​លើ​ទ្រង់​ ដើម្បី​ទទួល​បាន​នូវ​កម្លាំង ដែល​គាត់​ត្រូវ​ការ​។​

ភាព​ស្មោះ​ត្រង់​របស់​លោក​ម៉ាដាលេណូ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ ​អំពី​ភាព​ស្មោះ​ត្រង់​របស់​លោក​កាលែប និង​លោក​យ៉ូស្វេ ពេល​ដែល​អ្នក​ទាំង​ពីរ​ត្រូវ​បាន​លោក​ម៉ូសេ​ចាត់​ឲ្យ​ទៅ​សង្កេត​មើល​ទឹក​ដីសន្យា ហើយ​វិល​ត្រឡប់​មក​រាយ​ការណ៍​ដល់​ជន​ជាតិ​អ៊ីស្រាអែល​វិញ(ជនគណនា ១៤:៦-១៣)។ ពួក​ឈ្លប​ដទៃ​ទៀត ដែល​ទៅ​ជា​មួយ​គាត់​មាន​ការ​ភ័យ​ខ្លាច ចំពោះ​មនុស្ស​ដែល​រស់​នៅ​ទី​នោះ តែ​លោក​កាលែប និង​លោក​យ៉ូស្វេ​បាន​ទុក​ចិត្ត​លើ​ព្រះ​ ហើយ​ជឿ​ថា ទ្រង់​នឹង​ជួយ​ពួក​គេ ឲ្យ​ចូល​កាន់​កាប់​ទឹក​ដី​សន្យា។

ការ​ងារ​ដែល​ព្រះ​បាន​ប្រទាន​ឲ្យ​យើង​ធ្វើ ប្រហែល​ជា​ខុស​ពី​ការ​ងារ​របស់​លោក​ម៉ាដាលេណូ លោក​កាលែប និង​លោក​យ៉ូស្វែ។ តែ​យើង​អាច​មាន​ការ​ទុក​ចិត្ត​ដូច​ពួក​គេ​ផង​ដែរ។ នៅ​ក្នុង​ការ​ឈោង​ចាប់​អ្នក​ដទៃ យើង​មិន​ត្រូវ​ពឹង​ផ្អែក​លើ​ខ្លួន​ឯង​ឡើយ តែ​ត្រូវ​ពឹង​ផ្អែក​លើ​កម្លាំង​របស់​ព្រះ​អម្ចាស់​វិញ។-Keila Ochoa