លោក​លី(Lee) ជា​បុគ្គលិក​ធនាគា ដែល​ឧស្សាហ៍​ព្យាយាម និង​អាច​ទុក​ចិត្ត​បាន។ ប៉ុន្តែ គាត់​ច្រើន​តែ​មាន​ការ​ពិបាក ក្នុង​ការ​ចូល​ក្នុង​ចំណោម​អ្នក​មិន​ជឿ​ព្រះ នៅ​កន្លែង​ធ្វើ​ការ។ គាត់​បាន​បង្ហាញ​ពី​អារម្មណ៍​របស់​គាត់ ដូច​ជា នៅ​ពេល​ដែល​គាត់​ប្រញាប់​ចាក​ចេញ​ពី​បន្ទប់​សម្រាក ដែល​មាន​មនុស្ស​កំពុង​ជជែក​គ្នា  ដោយ​ប្រើ​ពាក្យ​មិន​សមរម្យ។ នៅ​ក្នុង​ការ​សិក្សា​ព្រះ​គម្ពីរ គាត់​ក៏​បាន​ចែក​ចាយ​ពី​អារម្មណ៍​របស់​គាត់ ដល់​មិត្ត​ភក្តិ​គាត់​ថា “ខ្ញុំ​ខ្លាច​បាត់​បង់​ឱកាស​ឡើង​ឋានៈ ​ដោយ​សារ​ខ្ញុំ​មិន​អាច​ចូល​ក្នុង​ចំណោម​គេ​ចុះ”។

អ្នក​ជឿ​ព្រះ​ នៅ​សម័យ​ហោរា​ម៉ាឡាគី ក៏​បាន​ជួប​ប្រទះ​បញ្ហា​ស្រដៀង​នឹង​លោក​លី​ផង​ដែរ។ ពួក​គេ​បាន​វិល​ត្រឡប់​ពីការ​និរទេស ហើយ​ព្រះ​វិហារ​ក៏​បាន​សាង​សង់​ឡើង​វិញ​ហើយ តែ​ពួក​គេ​នៅ​តែ​មាន​ការ​សង្ស័យ ចំពោះ​ផែន​ការ​ដែល​ព្រះទ្រង់​មាន​សម្រាប់​ពេល​អនាគត​របស់​ពួក​គេ។ ពួក​អ៊ីស្រាអែល​ខ្លះ​បាន​និយាយ​ថា “ការ​ដែល​ខំ​គោរព​តាម​ព្រះ នោះ​ឥត​អំពើ​ទេ ហើយ​ដែល​យើង​បាន​រក្សា​បញ្ញើ​របស់​ព្រះយេហូវ៉ា​នៃ​ពួក​ពលបរិវារ ព្រម​ទាំង​ដើរ​នៅ​ចំពោះ​ទ្រង់​ដោយ​កាន់​ទុក្ខ​ដូច្នេះ តើ​មាន​ប្រយោជន៍​អ្វី? ឥឡូវ​នេះ យើង​រាប់​មនុស្ស​ឆ្មើងឆ្មៃ ទុក​ជា​សប្បាយ​ហើយ អើ ពួក​អ្នក​ដែល​ប្រព្រឹត្ត​ការ​អាក្រក់​បាន​តាំង​ឡើង អើ គេ​ល្បងល​ព្រះ ហើយ​ក៏​រួច​ផង”(ម៉ាឡាគី ៣:១៤-១៥)។

តើ​ធ្វើ​ដូច​ម្តេច ឲ្យ​យើង​អាច​ឈរ​ឲ្យ​មាំមួន​ថ្វាយ​ព្រះ ក្នុង​សង្គម ដែល​ប្រាប់​យើង​ថា យើង​នឹង​បាត់​បង់​ឱកាស បើ​សិន​ជា​យើង​មិន​ចូល​ក្នុង​ចំណោម​គេ​ឲ្យ​ចុះ​ទេ​នោះ? យ៉ាង​ណា​មិញ ពួក​អ្នក​ដែល​ស្មោះ​ត្រង់​នឹង​ព្រះ​អម្ចាស់ នៅ​សម័យ​លោក​ម៉ាឡាគី ក៏​បាន​ឆ្លើយ​តប  ចំពោះ​បញ្ហា​នេះ ដោយ​ជួប​ប្រជុំ​គ្នា ជា​មួយ​អ្នក​ជឿ​ដែល​មាន​ចិត្ត​ដូច​គ្នា ដើម្បី​លើក​ទឹក​ចិត្ត​គ្នា ទៅ​វិញ​ទៅ​មក។ គឺដូច​ដែល​លោក​ម៉ាឡាគី​ក៏​បាន​លើក​ទឹក​ចិត្ត​​​ថា “ព្រះ​អម្ចាស់​ទ្រង់​ប្រុង​ស្តាប់ ក៏​បាន​ឮ”(ខ.១៦)។

ព្រះ​ទ្រង់​កត់​សំគាល់ ហើយ​យក​ព្រះ​ទ័យ​ទុក​ដាក់​ចំពោះ​អស់​អ្នក ដែល​កោត​ខ្លាច ហើយ​គោរព​ទ្រង់។ ទ្រង់​មិន​បាន​ត្រាស​ហៅ​យើង ឲ្យ “ចូលចំណោម​គេ​ឲ្យ​ចុះ” នោះ​ឡើយ តែ​ឲ្យ​យើង​ចូល​ទៅ​ជិត​ទ្រង់​កាន់​តែ​ខ្លាំង​ជា​រៀង​រាល់​ថ្ងៃ ខណៈ​ពេល​ដែល​យើង​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក។ ដូច​នេះ ចូរ​យើង​បន្ត​ស្មោះ​ត្រង់​នឹង​ទ្រង់​ជា​និច្ច!—Poh Fang Chia