ពេល​ដែល​ខ្ញុំ​កំពុង​សរសេរ​អត្ថ​បទ នៅ​ក្នុង​កំព្យូ​ទ័រ​របស់​ខ្ញុំ ខ្ញុំ​ក៏បា​ន​ចាប់​អារម្មណ៍នឹ​ង​សម្លេង​រោទ៍ ជា​សញ្ញា​បញ្ជា​ក់ថា មាន​គេ​ផ្ញើអ៊ី​មែល ឬ​សារ​អេឡិច​ត្រូ​និច​មួយ មក​ដល់​ខ្ញុំ​ហើយ។  តាម​ធម្មតា ខ្ញុំ​បាន​ព្យាយា​មប្រ​ឆាំង​នឹង​ការ​ល្បួង ដែល​ចេះតែ​ធ្វើ​ឲ្យ​ខ្ញុំច​ង់បើ​ក​មើល​អ៊ីមែល​នីមួយ​ៗ ប៉ុន្តែ ខ្ញុំ​ក៏បាន​ឃើញ​ចំណង​ជើង​របស់​សារ​មួយ​នោះ ដែល​គេបា​ន​ដាក់​ថា “អ្នក​ជា​ព្រះ​ពរ” ធ្វើ​ឲ្យ​ខ្ញុំ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ណាស់។

ដោយ​ចិត្ត​អន្ទះ​សារ ខ្ញុំ​ក៏បា​ន​បើក​វា​មើល ហើយ​ក៏​បាន​ដឹង​ថា មាន​មិត្ត​ភក្តិ​ដែល​កំពុង​រស់​នៅ​ឆ្ងាយ​ពី​ខ្ញុំ កំពុង​ប្រាប់​ខ្ញុំ​ថា នាង​កំពុង​អធិស្ឋាន​ឲ្យ​ក្រុម​គ្រួសា​រខ្ញុំ។ ជា​រៀង​រាល់​សប្តាហ៍ នាង​បាន​ដាក់​តាំង​កាត​បុណ្យ​ណូអែល​មួយ​សន្លឹក នៅ​ក្នុង​ចាន​គោម​មួយ នៅ​លើតុ​ផ្ទះ​បាយ​ ដែល​នាង​ហៅថា “ចោន​គោម​នៃ​ព្រះ​ពរ”​ ហើយ​ក៏​បាន​អធិស្ឋាន​​ឲ្យ​ក្រុម​គ្រួសារ​ដែលបាន​ផ្ញើកា​ត​នោះ​ឲ្យ​នាង។ នាង​បាន​សរសេរ​ក្នុង​អីមែល​នោះ​ថា “ខ្ញុំអរ​​ព្រះ​គុណ​ដល់​ព្រះ​នៃ​ខ្ញុំ ដោយ​ព្រោះ​គ្រ​ប់​ទាំង​សេចក្តី ដែ​ល​ខ្ញុំ​នឹក​ចាំពីអ្នក​រាល់​គ្នា”(ភីលីព ១:៣) ហើយ​ក៏​បាន​និយាយ​សង្កត់​ធ្ងន់ អំពី​ការ​ប្រឹង​ប្រែង​របស់​យើង នៅ​ក្នុងការ​ចែក​ផ្សាយ​សេចក្តី​ស្រឡាញ់​របស់​ព្រះ ជា​មួយ​អ្នក​ដទៃ ដោយ​យើង​ជា “ដៃ​គូ” ក្នុង​ដំណឹង​ល្អ។

ត្រង់​ចំណុច​នេះ មិត្ត​ភក្តិ​ខ្ញុំ​បាន​ដក​ស្រង់​ពាក្យ​សម្តី​របស់​សាវ័​ក​ប៉ុល ក្នុង​សំបុត្រ​ដែល​គាត់​បាន​សរសេរ​ផ្ញើ​ទៅ​ពួក​ជំនុំ ​នៅក្រុង​ភីលីព ធ្វើ​ឲ្យ​ខ្ញុំ​មាន​អំណរ ដូច​អ្នក​អា​នសំ​បុត្ររ​បស់​សាវ័ក​ប៉ុល ដែល​បាន​ថ្លែង​អរ​ព្រះ​គុណ​ព្រះ។ សាវ័ក​ប៉ុល​ហាក់​ដូច​ជា​មាន​ទម្លាប់ ថ្លែង​អរ​ព្រះ​គុណ​ព្រះ សម្រាប់​អ្នក​ដែល​បាន​ធ្វើ​ការ​បម្រើ​ព្រះ ជា​មួយ​គាត់។ ជាក់​ស្តែង នៅ​ក្នុង​សេចក្តី​ផ្តើម នៃ​សំបុត្រ​ជា​ច្រើន​ទៀត ដែល​គាត់​បាន​សរសេរ គាត់​បាន​ប្រើ​ឃ្លា​អរ​ព្រះ​គុណ ​ស្រដៀង​នឹ​ង​ឃ្លានេះ​ថា​ “ខ្ញុំ​សូម​អរ​ព្រះគុណ​ដល់​ព្រះ​នៃ​ខ្ញុំ ដោយ​នូវ​ព្រះយេស៊ូវគ្រីស្ទ ពី​ដំណើរ​អ្នក​រាល់​គ្នា ដោយ​ឮ​គេ​ថ្លែង​ប្រាប់ នៅ​គ្រប់​ក្នុង​លោកីយ៍​ទាំង​មូល ពី​សេចក្តី​ជំនឿ​របស់​អ្នក​រាល់​គ្នា”(រ៉ូម ១:៨)។

កាល​ពី​សតវត្សរ៍​ទី​១ សាវ័ក​ប៉ុល​បា​ននាំ​ព្រះ​ពរ​ដល់​អ្នក​ដែល​បាន​បម្រើ​ព្រះ​ជា​មួយ​គាត់ ដោយ​ផ្ញើសំ​បុត្រ​ថ្លែង​អ​រព្រះគុណ ដែល​​នោះ​ក៏ជា​ការ​អធិស្ឋាន​ឲ្យ​ពួក​គេ។ នៅ​សតវត្សរ៍​ទី​២១​នេះ មិត្ត​ភក្តិ​ខ្ញុំ​បាន​ប្រើ​ចាន​គោម​នៃ​ព្រះ​ពរ ដើម្បីនឹកចាំ ហើយ​ការ​អធិស្ឋាន សូ​ម​ក្តី​អំណរ​សម្រាប់​ការ​រស់​នៅ​របស់​ខ្ញុំ​ប្រចាំ​ថ្ងៃ។ តើ​នៅ​ថ្ងៃ​នេះ យើង​ចង់​អរ​ព្រះ​គុណ​ព្រះ ដោយ​របៀប​ណាខ្លះ សម្រាប់​អ្នក​ដែល​បាន​បម្រើ​ព្រះ ជា​មួយ​យើង?-ELISA MORGAN