អ្នក​គាំ​ទ្រ​ទាំង​ឡាយ ចូ​លចិ​ត្ត​ស​រសើរ​ក្រុម​កីឡាករ​ដែល​ខ្លួន​ចូ​ល​ចិត្ត។ ពួក​គេ​ពាក់​ឡូហ្គោ និង​បង្ហោះ​រូប​ភាព ឬ​សំណេរ​នៅ​ក្នុង​ទំព័​រហ្វេ​ស​ប៊ុក អំពី​ក្រុម​ជា​ទីស្រឡាញ់​រប​ស់ពួ​ក​គេ ឬ​ជជែក​ជាមួ​យ​មិ​ត្តភ​ក្តិ អំពី​ក្រុម​នោះ ដោយ​បង្ហាញ​យ៉ាង​ច្បាស់ អំពី​ភក្តី​ភាព ដែល​ខ្លួន​មា​ន​ចំពោះ​ក្រុម​នោះ។ ពេល​ខ្ញុំ​ពាក់​មួក អាវ​យឺត ដែល​មាន​ឡូហ្គោ​របស់​ក្រុម​ដេត្រយ ថៃហ្គើ និង​សន្ទនា​គ្នា​អំពី​ក្រុម​មួ​យនេះ​ គឺ​ខ្ញុំ​កំ​ពុង​តែ​បង្ហាញ​ថា ខ្ញុំ​ក៏​កំពុង​មាន​ភក្តី​ភាព​ចំពោះ​ក្រុម​នោះ។

ភក្តី​ភាព​ដែល​យើង​មាន​ចំ​ពោះ​ក្រុម​កីឡា​ណា​មួយ អាច​រំឭក​យើង​ថា យើង​ត្រូវ​មាន​ភក្តី​ភាព ដែល​ពិត​ប្រាកដ និង​ប្រសើរ​បំផុត ចំពោះ​ព្រះ​អម្ចាស់​នៃ​យើង។ ភក្តី​ភាព​ដែល​យើង​មាន​ចំពោះ​ព្រះ គឺ​គ្មាន​ភាព​អាម៉ាស់​ឡើយ។ ខ្ញុំ​គិត​អំពី​ភក្តី​ភាព​ចំពោះ​ព្រះ ពេល​ដែល​ខ្ញុំ​អាន​បទ​គម្ពីរ ទំនុក​ដំកើង ជំពូក ៣៤ ដែល​ក្នុង​នោះ ស្តេច​ដាវីឌ​បាន​ផ្តោត​ចិត្ត​ទៅ​លើព្រះ​មួយ​អង្គ ដែល​សំខាន់​លើស​អ្វី​ៗ​ទាំង​អស់ នៅ​លើ​លោក​នេះ។

ពេល​ស្តេច​ដាវីឌ​មាន​បន្ទូល​ថា “ខ្ញុំ​នឹង​លើក​សរសើរ​ដល់​ព្រះយេហូវ៉ា​គ្រប់​ពេល​វេលា”(ខ.១) តើ​យើង​ឆ្ងល់​ដែរ​ឬ​ទេ​ថា ការ​រស់​នៅ​របស់​យើង​មាន​ចន្លោះ​ប្រហោង​ច្រើន​ប៉ុណ្ណា ខណៈ​ពេល​ដែល​យើង​បាន​រស់​នៅ តាម​បែប​ដដែល ហាក់​ដូច​ជា​គិត​ថា ព្រះ​ទ្រង់​មិន​មែន​ជា​ប្រភព​នៃ​សេចក្តី​ពិត ពន្លឺ និង​សេចក្តី​សង្រ្គោះ​របស់​យើង​នោះ? ពេល​ស្តេច​ដាវីឌ​មានបន្ទូល​ទៀត​ថា “សេចក្តី​សរសើរ​ពី​ទ្រង់​នឹង​នៅ​ក្នុង​មាត់​ខ្ញុំ​ជានិច្ច”(ខ.១) តើ​យើង​បាន​គិត​ដែរ​ឬទេ​ថា មាន​ពេល​ប៉ុន្មានដង​ហើយ ដែល​យើង​បាន​សរសើរ​អ្វី​ៗ​ក្នុង​លោកិយ​នេះ ច្រើន​ជាង​សរសើរ​ដំកើង​ព្រះ​អម្ចាស់? ហើយ​ពេល​ដែល​ទ្រង់មាន​បន្ទូល​ថា “ព្រលឹង​របស់​ខ្ញុំ​នឹង​អួត​តែ​ពី​ព្រះយេហូវ៉ា”(ខ.២) តើ​យើង​ដឹង​ដែរ​ឬ​ទេ​ថា យើង​បាន​អួត​អំពី​ជោគ​ជ័យ​ដ៏តូច​របស់​យើង ជា​ជាង​អួត​អំពី​ការ​អ្វី​ដែល​ព្រះ​យេស៊ូវ​បាន​ធ្វើ​សម្រាប់​យើង។

ការ​អរ​សប្បាយ​នឹង​ក្រុម​របស់​យើង អ្វី​ដែល​យើង​ចូល​ចិត្ត និង​ជ័យ​ជម្នះ​របស់​យើង មិន​មែន​ជា​ការ​ខុស​ឆ្គង​ទេ។ ប៉ុន្តែ ការ​សរសើរ​ដំកើង​ដ៏​ខ្ពស់​បំផុត​របស់​យើង គឺ​សម្រាប់​តែ​ព្រះ​អម្ចាស់​នៃ​យើង​តែ​ប៉ុណ្ណោះ។ “ចូរ​ដំកើង​ព្រះយេហូវ៉ា​ជា​មួយ​នឹង​ខ្ញុំ​ចុះ ចូរ​យើង​ព្រម​គ្នា​លើក​ព្រះនាម​ទ្រង់​ឡើង”(ខ.៣)។—DAVE BRANON