លោកគ្រូ​ដាឡាស វីឡាត(Dallas Willard)ធ្លាប់​មាន​ប្រសាសន៍ នៅ​ក្នុង​សេចក្តី​បង្រៀន​របស់​គាត់​ថា “អ្នក​ត្រូវ​តែ​កំចាត់​ភាព​ប្រញាប់​ប្រញាល់ ដោយ​មិន​បន្ធូរ​ដៃ”។ ពេល​ដែល​មិត្ត​ភក្តិ​របស់​ខ្ញុំ​ពីរ​នាក់ បាន​ដក​ស្រង់​សម្តី​នេះ មក​ប្រាប់​ខ្ញុំ ម្តង​ហើយ​ម្តង​ទៀត ខ្ញុំ​ក៏​បាន​ដឹង​ថា ខ្ញុំ​ចាំ​បាច់​ត្រូវ​យក​វា​មក​ពិចារ​ណា។ តើ​ខ្ញុំ​កំពុង​តែ​ខ្ជះ​ខ្ជាយ​ពេល​វេលា និង​កម្លាំង ត្រង់​ចំណុច​ណា​ខ្លះ? ដែល​សំខាន់​ជាង​នេះ​ទៀត​នោះ តើ​ខ្ញុំ​កំពុង​តែ​ប្រញាប់​ប្រញាល់​ទៅ​ណា ដោយ​មិន​បាន​ស្វែង​រក​ការ​ដឹក​នាំ និង​ជំនួយ​មក​ពី​ព្រះ? ជា​ច្រើន​សប្តាហ៍ ជា​ច្រើន​ខែ​ក្រោយ​មក ខ្ញុំ​ក៏​បាន​នឹក​ចាំ អំពី​ពាក្យ​សម្តី​ទាំង​នោះ ហើយ​ក៏​បាន​រៀប​ចំ​ខ្លួន ឲ្យ​ងាក​បែរ​មក​រក​ព្រះ​អម្ចាស់ និង​ប្រាជ្ញា​របស់​ទ្រង់​វិញ។​ ខ្ញុំ​ក៏​បាន​រំឭក​ខ្លួន​ឯង ឲ្យ​ទុក​ចិត្ត​ទ្រង់ ជា​ជាង​ពឹង​ផ្អែក​ទៅ​លើ​គំនិត​ខ្លួន​ឯង។

សរុប​មក ការ​ប្រញាប់​ប្រញាល់ យ៉ាង​វឹក​វរ ហាក់​ដូច​ជា ផ្ទុយ​នឹង “សេចក្តី​សុខ​ ឬ​សន្តិ​ភាព​ដ៏​ពេញ​ខ្នាត” ដែល​ហោរា​អេសាយ បាន​មាន​ប្រសាសន៍។ ព្រះ​អម្ចាស់​ប្រទាន​អំណោយ​នៃ​សេចក្តី​សុខ​សាន្ត​ដ៏​ពេញ​ខ្នាត ដល់ “អ្នក​ដែល​មាន​គំនិត​ជាប់​តាម​ទ្រង់” ព្រោះ​ពួក​គេ​បាន​ទុក​ចិត្ត​ទ្រង់ (ខ.៣)។ ហើយ​ទ្រង់​សក្តិ​សម​នឹង​ឲ្យ​យើង​ទុក​ចិត្ត នៅ​ថ្ងៃ​នេះ ថ្ងៃ​ស្អែក ​និង​ជា​រៀង​រហូត “ដ្បិត​ព្រះ​ដ៏​ជា​ព្រះយេហូវ៉ា​ទ្រង់​ជា​ថ្មដា​ដ៏​នៅ​អស់​កល្ប​ជានិច្ច”(ខ.៤)។ ការ​ទុក​ចិត្ត​ព្រះ ដោយ​មាន​គំនិត​​​ជាប់​តាម​ទ្រង់ គឺ​ជា​ថ្នាំ​ព្យា​បាល​ជីវិត​ដែល​មាន​ភាព​ប្រញាប់​ប្រញាល់។​

ចុះ​ចំណែក​យើង​វិញ? តើ​យើង​មាន​អារម្មណ៍​ថា យើង​មាន​ភាព​ប្រញាប់​ប្រញាល់ ឬ​តក់​ក្រហល់​ឬ​ទេ? យើង​ប្រហែល​ជា​មាន​អារម្មណ៍​ថា ខ្លួន​មាន​សេចក្តី​សុខ​សាន្ត ឬ​សន្តិ​ភាព​ក្នុង​ចិត្ត។ ពុំ​នោះ​ទេ យើង​ប្រហែល​ជា​ស្ថិត​នៅ​ចន្លោះ​កណ្តាល រវាង​ភាព​ប្រញាប់​ប្រញាល់ និង​ការ​មាន​សន្តិ​ភាព​ក្នុង​ចិត្ត។

ទោះ​យើង​ស្ថិត​នៅ​ក្នុង​សភាព​បែប​ណា​ក៏​ដោយ នៅ​ថ្ងៃ​នេះ ខ្ញុំ​សូម​អធិស្ឋាន សូម​ឲ្យ​យើង​អាច​ទុក​ភាព​ប្រញាប់ប្រញាល់​ដោយ​ឡែក​សិន ហើយ​ងាក​មក​ទុក​ចិត្ត​ព្រះ​អម្ចាស់​វិញ ដែល​ទ្រង់​មិន​ដែល​ធ្វើ​ឲ្យ​យើង​ខក​ចិត្ត​ឡើយ ហើយ​ទ្រង់​ក៏​ប្រទាន​សន្តិ​ភាព ឬ​សេចក្តី​សុខ​សាន្ត​ទ្រង់​ដល់​យើង​ផង។—AMY BOUCHER PYE