អាពី(Ah-pi) បាន​ចេញ​ទៅ​ធ្វើ​ការ ពេល​ដែល​មេឃ​នៅ​ងងឹត​នៅ​ឡើយ។ មិន​យូរ​ប៉ុន្មាន អ្នក​ដទៃ​ទៀត​នៅ​ក្នុង​ភូមិ ក៏​បាន​ភ្ញាក់​ពី​គេង ហើយ​ក៏​បាន​ធ្វើ​ដំណើរ​ទៅ​ចំការ​កៅ​ស៊ូ។ ការ​ប្រមូល​ផល​ជ័រ​កៅ​ស៊ូ ស្ថិត​ក្នុង​ចំណោម​ប្រភព​នៃ​ប្រាក់​ចំណូល​សំខាន់​ជាង​គេ សម្រាប់​ប្រជា​ជន​រស់​នៅ​ក្នុង​ភូមិ ហុង​ហ្សួង ប្រទេស​ចិន។ ដើម្បី​ប្រមូល​ផល​ជ័រ​កៅ​ស៊ូ​ឲ្យ​បាន​ច្រើន​ជា​អតិ​បរមា  គេ​ត្រូវ​ចៀរ​ជ័រ​កៅស៊ូ​ពី​ព្រលឹម​ស្រាង​ៗ មុន​ពេល​ថ្ងៃ​រះ។ អាពី​នឹង​ទៅ​ចូល​រួម​ជា​មួយ​អ្នក​ចៀរជ័រ​ទាំង​នោះ​ដែរ ប៉ុន្តែ ជា​ដំបូង នាង​នឹង​ចំណាយ​ពេល​ប្រកប​ជា​មួយ​ព្រះ​ជា​មុន​សិន។

ឪពុក ស្វាមី និង​កូន​តែ​មួយ​របស់​អាពី​បាន​ស្លាប់​អស់ ហើយ​នាង​និង​កូន​ប្រសារ​ស្រី​របស់​នាង កំពុង​ផ្គត់​ផ្គង់​ម្តាយ​ចាស់ជរា និង​ចៅ​ប្រុស​ពីរ​នាក់  ដែល​នៅ​ក្មេង​នៅ​ឡើយ។ រឿង​របស់​នាង បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​ស្រី​មេម៉ាយ​ម្នាក់​ទៀត​ នៅ​ក្នុង​ព្រះ​គម្ពីរ ដែល​បាន​ជឿ​ព្រះ។

ប្តី​របស់​ស្រ្តី​ម្នាក់​នេះ បាន​ស្លាប់ ហើយ​បាន​បន្សុល​ទុក​នូវ​បំណុល​ជា​ច្រើន(២ពង្សាវតាក្សត្រ ៤:១)។ ក្នុង​ពេល​ដែល​មាន​ទុក្ខ​លំបាក​នោះ នាង​ក៏​បាន​ងាក​ទៅ​រក​ព្រះ ដើម្បី​ស្វែង​រក​ជំនួយ ដោយ​ទៅ​រក​អ្នក​បម្រើ​ទ្រង់ ឈ្មោះ អេលីសេ។ នាង​ជឿ​ថា​ ព្រះ​ទ្រង់​យក​ព្រះ​ទ័យ​ទុក​ដាក់ ហើយ​ទ្រង់​អាច​ជួយ​ដោះ​ស្រាយ​បញ្ហា​នាង​បាន។ ហើយ​ព្រះ​ទ្រង់​ក៏​បាន​ជួយ​នាង។ ទ្រង់​បាន​បំពេញ​សេចក្តី​ត្រូវ​ការ​របស់​ស្ត្រី​មេម៉ាយ​ម្នាក់​នេះ​(ខ.៥-៦)។ ព្រះ​ទ្រង់​ក៏​បាន​ផ្គត់​ផ្គង់​អាពី​ផង​ដែរ តាម​រយៈ​ការងារ​ដែល​នាង​បាន​ធ្វើ​ដោយ​ដៃ និង​ផល​ពី​ដី និង​អំណោយ​របស់​រាស្រ្ត​ទ្រង់ ទោះ​នាង​មិន​បាន​ជួប​ការ​ដែល​អស្ចារ្យ​ខ្លាំង ដូច​ស្រ្តី​មេម៉ាយ​ក្នុង​ព្រះ​គម្ពីរ​ក៏​ដោយ។

ទោះ​ជីវិត​យើង អាច​ជួប​ការ​លំបាក​ច្រើន​យ៉ាង​ណា​ក៏​ដោយ យើង​នៅ​តែ​អាច​ទទួល​កម្លាំង​ពី​ព្រះ។ យើង​អាច​ថ្វាយ​ទុក្ខ​កង្វល់​របស់​យើង​ដល់​ទ្រង់ និង​ធ្វើ​អ្វី​ដែល​យើង​អាច​ធ្វើ​បាន ហើយ​អនុញ្ញាត​ឲ្យ​ទ្រង់​ធ្វើ​ការ​ដែល​ទ្រង់​អាច​ធ្វើ​បាន​ ដើម្បី​ជួយ​យើង។—POH FANG CHIA