អ្នក​ស្រី​រីម៉ា(Rima) ជា​ជនជាតិ​ស៊ីរី ដែល​សព្វ​ថ្ងៃ​នេះ បាន​ផ្លាស់​មក​រស់​នៅ ក្នុង​ទឹក​ដី​សហ​រដ្ឋ​អាមេរិក។ នាង​បាន​ធ្វើចលនា​ដៃ និង​និយាយ​ភាសា​អង់​គ្លេស​បន្តិច​បន្តួច ដើម្បី​ពន្យល់​គ្រូ​បង្រៀន​របស់​នាង អំពី​មូល​ហេតុ​ដែល​នាង​មិន​សប្បាយ​ចិត្ត។ ទឹក​ភ្នែក​របស់​នាង​បាន​ធ្លាក់​ចុះ​ពី​លើ​ថ្ពាល់​នាង ខណៈ​ពេល​ដែល​យើង​លើក​នំគាវ​ហ្វាតាយើរ(នំ​ធ្វើ​ពីសាច់ ប្រូម៉ា និង​ស្ពៃ​ខ្មៅ) ដែល​នាង​បាន​ធ្វើ ហើយ​តម្រៀម​យ៉ាង​ស្រស់​ស្អាត​នៅ​លើ​ថាស។ បន្ទាប់​មក នាង​ក៏​បាន​និយាយ​ថា “មាន​បុរស​ម្នាក់” ហើយ​នាង​ក៏​ធ្វើ​សម្លេង​វឺត​ៗ ដោយ​ចង្អុល​ពីទ្វារ​ រហូត​មក​ដល់​បន្ទប់​ទទួលភ្ញៀវ ហើយ​ក៏​ចង្អុល​រហូត​ទៅ​ដល់ ទ្វារ​វិញ។ គ្រូ​បង្រៀន​រូប​នោះ​ក៏​បាន​កាត់​ន័យ​យល់ ហើយ​ក៏​បាន​ដឹង​ថា មនុស្ស​មួយ​ចំនួន​នៅ​ក្នុង​ពួក​ជំនុំ នៅ​តំបន់​ជិត​ខាង គួរ​តែ​មក​សួរ​សុខ​ទុក្ខ​ក្រុម​គ្រួសារ​របស់​អ្នក​ស្រី​រីម៉ា ដោយ​នាំ​អំណោយ​ខ្លះ​មក​ជា​មួយ​ផង។ ប៉ុន្តែ មាន​បុរស​ម្នាក់​ប៉ុណ្ណោះ ដែល​បាន​មក​ផ្ទះ​គាត់។ គាត់​បាន​ចូល​ក្នុង​ផ្ទះ​គាត់​ទាំង​ប្រញាប់​ប្រញាល់ រួច​ដាក់​ប្រអប់​មួយ​ចុះ។ ប្រអប់​នោះ​មាន​របស់​នៅ​ខាង​ក្នុង ហើយ​គាត់​ក៏​ទៅ​វិញ​យ៉ាង​រហ័ស។ បុរស​នោះ​មាន​ការ​រវល់​នឹង​កិច្ច​ការ​ដែល​គាត់​ត្រូវ​ទទួល​ខុស​ត្រូវ ខណៈ​ពេល​ដែល​អ្នក​ស្រី​រីម៉ា និង​គ្រួសារ​របស់​គាត់ កំពុង​តែ​មាន​ភាព​ឯក​កោ ហើយ​ចង់​បាន​ការ​រស់​នៅ​ជា​សហគមន៍ ហើយ​ចែក​រំលែក​នំគាវ​ហ្វាតាយើរ​ជា​មួយ​មិត្ត​ភក្តិ​ថ្មី​របស់​ពួក​គេ។

ព្រះ​យេស៊ូវ​ចូល​ចិត្ត​ចំណាយ​ពេល​ជា​មួយ​ជន​ទាំង​ឡាយ ដោយ​មិន​រើស​អើង។ ទ្រង់​បាន​ចូល​រួម​ក្នុង​ពិធី​ញាំ​អាហារ​ពេល​ល្ងាច និង​ចូល​ក្នុង​ហ្វូង​មនុស្ស​ដ៏​ពិបាក ហើយ​ចំណាយ​ពេល​ទំនាក់​ទំនង​ជា​មួយ​បុគ្គល​ម្នាក់​ៗ​ផង​ដែរ។ ទ្រង់​ថែម​ទាំង​បាន​ចូល​ក្នុង​ផ្ទះ​បុរស​ម្នាក់​ ដែល​មនុស្ស​ជា​ច្រើន​ស្អប់។ លោក​សាខេ ដែល​ជា​អ្នក​យក​ពន្ធ បាន​ឡើង​ដើម​ឈើ ដើម្បី​ឲ្យ​បាន​ឃើញ​ទ្រង់ ហើយ​ពេល​ព្រះយេស៊ូវ​ទត​មើល​ទៅ​គាត់ ទ្រង់​ក៏​មាន​បន្ទូល​ថា “ចូរ​អ្នក​ចុះ​មក​ជា​ប្រញាប់ ដ្បិត​ថ្ងៃ​នេះ ខ្ញុំ​ត្រូវ​ស្នាក់​នៅ​ផ្ទះ​អ្នក”(លូកា ១៩:១-៩)។ ហើយ​ជីវិត​របស់​លោក​សាខេ​ក៏​បាន​ផ្លាស់​ប្រែ​ចាប់​តាំង​ពី​ពេល​នោះ​មក។

ដោយ​សារ​យើង​មាន​ការ​ទទួល​ខុស​ត្រូវ​ច្រើន យើង​មិន​តែង​តែ​អាច​ញែក​ពេល​សម្រាប់​អ្នក​ដទៃ​ឡើយ។ ប៉ុន្តែ ពេល​ដែល​យើង​ញែក​ពេល​សម្រាប់​គេ យើង​មាន​ឯក​សិទ្ធិ​ដ៏​អស្ចារ្យ ដែល​បាន​ចំណាយ​ពេល​ជា​មួយ​អ្នក​ដទៃ ហើយ​មើលព្រះ​អម្ចាស់​ធ្វើ​ការ​តាម​រយៈ​យើង។​—ANNE CETAS