មាន​ពេល​មួយ ភរិយា​ខ្ញុំ​បាន​ទូរស័ព្ទ​ប្រាប់​ខ្ញុំ​ថា មាន​សត្វ​ស្វា​មួយ​ក្បាល នៅ​ក្នុង​ទី​ធ្លា​ផ្ទះ​យើង! នាង​ក៏​បាន​បន្ត​បើក​ទូរ​ស័ព្ទ ដើម្បី​ឲ្យ​ខ្ញុំ​អាច​ស្តាប់​ឮ​សម្លេង​វា។ ជា​ការ​ពិត​ណាស់ ស្តាប់​មើល​ទៅ ដូច​ជាសម្លេង​សត្វ​ស្វា​មួយ​ក្បាល​មែន។ តែ​វា​ចម្លែក ព្រោះ​សត្វ​ស្វា​ព្រៃ មាន​នៅ​តំបន់ ដែល​នៅ​ឆ្ងាយ​ពី​យើង ប្រហែល​៣២០០​គឺឡូ​ម៉ែត្រ។

ក្រោយ​មក ឪពុក​ក្មេក​ខ្ញុំ​ក៏​បាន​បំបាត់​ចម្ងល់​របស់​យើង។ គាត់​បាន​ពន្យល់​ថា តាម​ពិត វា​គឺ​ជា​សត្វ​ទីទុយ​ពូជ​ធំ ដែល​ចូល​ចិត្ត​យំ។ ដូច​នេះ ការ​ពិត មិន​ដូច​ជា​អ្វី​ដែល​យើង​ស្មាន​ឡើយ។

ពេល​ដែល​កង​ទ័ព​របស់​ស្តេច​សាន​ហេរីប បាន​លោម​ព័ទ​ស្តេច​ហេសេគា​នៃ​នគរ​យូដា ឲ្យ​ជាប់​នៅ​ក្នុង​កំផែង​ក្រុង ពួកសាសន៍​អាសស៊ើរ​គិត​ថា ខ្លួន​មាន​ជ័យ​ជម្នះ​ហើយ។ ប៉ុន្តែ ការ​ពិត មិន​ដូច​ជា​អ្វី​ដែល​ពួក​គេ​ស្មាន​ឡើយ។ ទោះ​បី​ជា​មេទ័ព​របស់​សាសន៍​អាសស៊ើ​បាន​ប្រើ​ពាក្យ​សម្តី​យ៉ាង​ប៉ិន​ប្រសប់ ហើយ​តាំង​ខ្លួន​ជា​អ្នក​នាំ​ព្រះ​រាជ​សារ​របស់​ព្រះ​ក៏​ដោយ ក៏​ព្រះ​អម្ចាស់​ទ្រង់​នៅ​តែ​ឃុំ​គ្រង​រាស្រ្ត​ទ្រង់ ដោយ​ព្រះ​ហស្ត​ទ្រង់។

គឺដូច​ដែល​មេទ័ព​នោះ​បាន​សួរ​ថា “តើ​អញ​បាន​ឡើង​មក ដើម្បី​ច្បាំង​បំផ្លាញ​ទី​នេះ ដោយ​ឥត​ព្រះយេហូវ៉ា​ឬ​អី គឺ​ព្រះយេហូវ៉ា​ទេ​តើ ដែល​ទ្រង់​បាន​មាន​ព្រះបន្ទូល​បង្គាប់​អញ​ថា ចូរ​ឡើង​ទៅ​ច្បាំង​បំផ្លាញ​ស្រុក​នេះ​ចុះ”(២ពង្សាតាក្សត្រ ១៨:២៥)។ ហើយ​គាត់​ថែម​ទាំង​បាន​ប្រាប់​ពួក​គេ​ថា គាត់​ចង់​ឲ្យ​ពួក​គេ​បាន​រស់​នៅ ឥត​ស្លាប់​ឡើយ(ខ.៣២)។

ស្តាប់​សម្តី​របស់​គាត់​ទៅ ដូច​ជា​ព្រះ​រាជ​សា​របស់​ព្រះ។ ប៉ុន្តែ ហោរា​អេសាយ​ក៏​បាន​ប្រាប់​ព្រះ​បន្ទូល​ដ៏​ពិត​របស់​ព្រះ​អម្ចាស់ ដល់​ពួក​អ៊ីស្រាអែល​ថា ព្រះ​អម្ចាស់​បាន​មាន​បន្ទូល​ថា ស្តេច​សានហេរីប​នឹង​មិន​បាន​ចូល​ក្នុង​ទីក្រុង ឬ​បាញ់​ព្រួញ​សូម្បី​តែ​មួយ​គ្រាប់​នៅ​ទីនេះ​ឡើយ ព្រោះ​ព្រះ​អម្ចាស់ នឹង​ការពារ ហើយ​សង្រ្គោះ​ទី​ក្រុង​នេះ(១៩:៣២-៣៤ អេសាយ ៣៧:៣៥)។ នៅ​ពេល​យប់​នោះ “ទេវតា​នៃ​ព្រះ​អម្ចាស់”​ ក៏​បាន​បំផ្លាញ​កង​ទ័ព​របស់​សាសន៍​អាសស៊ី(ខ.៣៥)។

ពី​ពេល​មួយ​ទៅ​ពេល​មួយ យើង​នឹង​ជួប​មនុស្ស​ដែល​ចេះ​និយាយ​យ៉ាង​ប៉ិន​ប្រសប់ ក្នុង “ការ​ប្រឹក្សា​យោបល់” តែ​ទន្ទឹម​នឹង​នោះ គេ​មិន​បាន​ទទួល​ស្គាល់​អំណាច​ចេស្តា​របស់​ព្រះ​ទេ។ ព្រះ​ទ្រង់​មិន​បាន​មាន​បន្ទូល​តាម​រយៈ​មនុស្ស​ប្រភេទ​នោះ​ទេ។ ទ្រង់​មាន​បន្ទូល​មក​កាន់​យើង តាម​រយៈ​ព្រះ​គម្ពីរ​បរិសុទ្ធ។ ទ្រង់​ដឹក​នាំ​យើង តាម​រយៈ​ព្រះ​វិញ្ញាណ​ទ្រង់។ ព្រះ​ហស្ត​ទ្រង់​ក៏​បាន​ឃុំ​គ្រង អ្នក​ដែល​ដើរ​តាម​ទ្រង់ ហើយ​ទ្រង់​នឹង​មិន​បោះ​បង់​យើង​ចោល​ឡើយ។—TIM GUSTAFSON