បន្ទាប់​ពី​ខ្ញុំ​បាន​បាត់​បង់​ការងារ​ជា​អ្នក​កែ​សម្រួល​អត្ថបទ ខ្ញុំ​ក៏​បាន​អធិស្ឋាន សូម​ព្រះ​ទ្រង់​ជួយ​ខ្ញុំ ឲ្យ​រក​បាន​ការងារ​ថ្មី។ ប៉ុន្តែ ជា​ច្រើន​សប្តាហ៍​បាន​កន្លង​ផុត​ទៅ ហើយ​ខ្ញុំ​ក៏​មិន​បាន​ព្យាយាម​ស្វែង​រក​បណ្តាញ និង​បំពេញ​ពាក្យ​សុំ​ការងារ​ឡើយ​។ ពេល​នោះ​ខ្ញុំ​ក៏​បាន​ចាប់​ផ្តើម​រអ៊ូរទាំ។ ខ្ញុំ​ក៏​បាន​ឱប​ដៃ ដោយ​ការ​មិន​សប្បាយ​ចិត្ត ចំពោះ​ការ​អធិស្ឋាន ដែល​មិន​បាន​ទទួល​ការ​ឆ្លើយ​តប ហើយ​ក៏​បាន​ទូល​សួរ​ព្រះ​អង្គ​ថា “តើ​ព្រះ​អង្គ​ជ្រាប​ទេ ថា​ការងារ មាន​សារៈ​សំខាន់​ប៉ុណ្ណា​ចំពោះ​ទូល​បង្គំ?”

លោក​ឪពុក​របស់​ខ្ញុំ ច្រើន​តែ​បាន​រំឭក​ខ្ញុំ ឲ្យ​ទុក​ចិត្ត​ព្រះ​បន្ទូល​សន្យា​របស់​ព្រះ​អម្ចាស់ អំពី​ស្ថាន​ភាព​នៃ​ការងារ​របស់​ខ្ញុំ។ ពេល​ដែល​ខ្ញុំ​បាន​ជជែក​គ្នា​ជា​មួយ​គាត់ គាត់​ក៏​បាន​ប្រាប់​ខ្ញុំ​ថា “ប៉ា​ចង់​ឲ្យ​កូន​ឈាន​ទៅ​ដល់​ចំណុច​ ដែល​កូន​ទុក​ចិត្ត​អ្វី​ដែល​ព្រះ​អង្គ​បាន​មាន​បន្ទូល”។

ពាក្យ​ណែនាំ​របស់​ឪពុក​ខ្ញុំ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​បទ​គម្ពីរ​សុភាសិត ជំពូក​៣ ដែល​បាន​ចែង​អំពី​ការ​ប្រឹក្សា​ប្រកប​ដោយ​ប្រាជ្ញា ពី​ឪពុក​ម្តាយ ទៅ​កាន់​កូន​ជា​ទីស្រឡាញ់​របស់​ខ្លួន។​ ជា​ពិសេស បទ​គម្ពីរ​នេះ​ត្រូវ​នឹង​ស្ថាន​ភាពរបស់​ខ្ញុំ។ គឺ​ដូច​មាន​សេចក្តី​ចែង​ថា “ចូរ​ទី​ពឹង​ដល់​ព្រះយេហូវ៉ា​ឲ្យ​អស់​អំពី​ចិត្ត កុំ​ឲ្យ​ពឹង​ផ្អែក​លើ​យោបល់​របស់​ខ្លួន​ឡើយ។ ត្រូវ​ឲ្យ​ទទួល​ស្គាល់​ទ្រង់​នៅ​គ្រប់​ទាំង​ផ្លូវ​ឯង​ចុះ នោះ​ទ្រង់​នឹង​ដំរង់​អស់​ទាំង​ផ្លូវ​ច្រក​របស់​ឯង”(សុភាសិត ៣:៥-៦)។ ព្រះ​ទ្រង់​នឹង​តម្រង់​អស់​ទាំង​ផ្លូវ​របស់​យើង គឺ​មាន​ន័យ​ថា ព្រះ​ទ្រង់​នឹង​នាំ​ផ្លូវ​យើង​ ឆ្ពោះ​ទៅ​រក​គោល​ដៅ​របស់​ទ្រង់ ដើម្បី​ការ​លូត​លាស់​របស់​យើង។ គោល​ដៅ​សំខាន់​បំផុត​របស់​ទ្រង់ គឺ​ដើម្បី​ឲ្យ​ខ្ញុំ​បាន​ផ្លាស់​ប្រែ កាន់​តែ​មាន​លក្ខណៈ​ដូច​ទ្រង់។

ការ​នេះ​មិន​មាន​ន័យ​ថា ផ្លូវ​ដែល​ទ្រង់​បាន​ជ្រើស​រើស​ឲ្យ​យើង នឹង​មាន​ភាព​ងាយ​ស្រួល​សម្រាប់​យើង​នោះ​ទេ។ ប៉ុន្តែ ខ្ញុំ​អាច​ទុក​ចិត្ត​ថា ការ​ដឹក​នាំ និង​ការ​រៀប​ចំ​ពេល​វេលា​របស់​ទ្រង់ គឺ​ដើម្បី​ប្រយោជន៍​ខ្ញុំ​ទេ។

តើ​អ្នក​កំពុង​តែ​រង់​ចាំ ព្រះ​ទ្រង់​ឆ្លើយ​តប​ការ​អធិ​ស្ឋាន​របស់​អ្នក​ឬ​ទេ? ចូរ​សម្រេច​ចិត្ត​ចូល​ទៅ​ក្បែរ​ទ្រង់​ ហើយ​ទុក​ចិត្ត​ថា ទ្រង់​នឹង​ដឹក​នាំ​អ្នក។—LINDA WASHINGTON