ខ្ញុំ​មិន​ដែល​ភ្លេច​ពេល​ដែល​ខ្ញុំ​មាន​ឯក​សិទ្ធិ នៅ​ក្នុង​ការ​អង្គុយ​នៅ​ក្បែរ​លោក​ប៊ីលី ក្រាហាំ នៅ​ពេល​ញាំ​អាហារ​ពេល​ល្ងាចជា​មួយ​គាត់។ ខ្ញុំ​មាន​កិត្តិ​យស​ណាស់ ដែល​បាន​ញាំ​អាហារ​ពេល​ល្ងាច​ជា​មួយ​គាត់ ប៉ុន្តែ ខ្ញុំ​ហាក់​ដូច​ជា​មាន​ការ​ស្ទាក់​ស្ទើរ មិន​ដឹង​ថា ត្រូវ​និយាយ​អ្វី​ឲ្យ​បាន​សមរម្យ។ ខ្ញុំ​គិត​ថា ខ្ញុំ​គួរ​តែ​ចាប់​ផ្តើម​ការ​សន្ទ​នា ដោយ​សួរ​គាត់ អំពី​ការ​អ្វីខ្លះ ​ដែល​គាត់​ស្រឡាញ់​បំផុត នៅ​ក្នុង​ការងារ ដែល​គាត់​បាន​ធ្វើ​បម្រើ​ព្រះ ជា​ច្រើន​ឆ្នាំ​មក​នេះ។ បន្ទាប់​មក ខ្ញុំ​ក៏​បាន​សួរ​គាត់​ ជា​លក្ខណៈ​សំរាយ​ថា តើ​អ្វី​ដែល​គាត់​ស្រឡាញ់​បំផុត​នោះ គឺ​ជា​ការ​ស្គាល់​ប្រធានា​ធិបតី ស្តេច និង​ក្សត្រី? ឬ​ក៏​ជា​ការផ្សាយ​ដំណឹង​ល្អ ដល់​មនុស្ស​រាប់​លាន​នាក់ នៅ​ទូទាំង​ពិភព​លោក?

មុន​ពេល​ខ្ញុំ​បញ្ចប់​សំណួរ​ជា​លក្ខណៈ​សម្រាយ លោក​គ្រូ​គង្វាល ក្រាហាំ ក៏​បាន​កាត់​ខ្ញុំ ដោយ​គ្មាន​ការ​ស្ទាក់​ស្ទើរ​ថា “អ្វីដែល​ខ្ញុំ​ស្រឡាញ់​បំផុត គឺ​ការ​ប្រកប​ដែល​ខ្ញុំ​មាន​ជា​មួយ​ព្រះ​យេស៊ូវ។ គឺ​ខ្ញុំ​បាន​ស្គាល់​ព្រះ​វត្ត​មាន​ទ្រង់ បាន​រៀន​សូត្រ​អំពី​ប្រាជ្ញា​របស់​ទ្រង់ បាន​អនុញ្ញាត​ឲ្យ​ទ្រង់​នាំ​ផ្លូវ និង​ដឹក​នាំ​ខ្ញុំ នេះ​ជា​ក្តី​អំណរ​ដ៏​ខ្លាំង​បំផុត​របស់​ខ្ញុំ”។ ភ្លាម​ៗ​នោះ ខ្ញុំ​ទទួល​ការ​ប៉ះ​ពាល់​ចិត្ត និង​ការ​បណ្តាល​ចិត្ត។ ខ្ញុំ​មាន​ការ​ប៉ះ​ពាល់​ចិត្ត ព្រោះ​ខ្ញុំ​មិន​ដឹង​ច្បាស់​ថា ខ្ញុំ​នឹង​អាច​ឆ្លើយ​ដូច​គាត់​ឬ​ទេ ហើយ​ក៏​បាន​ទទួល​ការ​បណ្តាល​ចិត្ត ដោយ​ខ្ញុំ​ចង់​ឲ្យ​ខ្លួន​ខ្ញុំ​អាច​ឆ្លើយ​ដូច​គាត់​ដែរ។

យ៉ាង​ណា​មិញ សាវ័ក​ប៉ុល​ក៏​បាន​គិត​អំពី​ចំណុច​នេះ​ផង​ដែរ ពេល​ដែល​គាត់​បាន​រាប់​ថា ជោគ​ជ័យ​ដ៏​ធំ​បំផុត​របស់​គាត់ មិន​មាន​តម្លៃ​អ្វី​ ស្មើ​នឹង “ការ​ស្គាល់​ព្រះ​គ្រីស្ទ ជា​ព្រះ​អម្ចាស់​របស់​គាត់​ឡើយ”(ភីលីព ៣:៨)។ តើ​ជីវិត​យើង​នឹង​មានការ​រីក​ចម្រើន​ប៉ុណ្ណា នៅ​ពេល​ដែល​យើង​ដេញ​តាម​ព្រះ​យេស៊ូវ និង​ការ​ប្រកប​ជា​មួយ​ទ្រង់ ជា​ទី​មួយ។ —JOE STOWELL