មាន​ពេល​មួយ​គ្រូ​បាន​ដាក់​កិច្ច​ការ​សាលា​ឲ្យ​ខេធី​(Katie)ធ្វើ​នៅ​ផ្ទះ ដោយ​សរសេរ​តែង​សេចក្តី ក្រោម​ចំណង​ជើង​ថា “ពិភព​លោក​ដ៏​ល្អ​ឥត​ខ្ចោះ​របស់​ខ្ញុំ”។  នាង​បាន​សរសេរ​ថា “ក្នុង​ពិភព​លោក​ដ៏​ល្អ​ឥត​ខ្ចោះ​របស់​ខ្ញុំ … ខ្ញុំ​អាច​ញាំ​ការ៉េម ​ដោយ​ឥត​គិត​ថ្លៃ នៅ​ទី​ណា​ក៏​មាន​ស្ករ​មូល​ៗ​ដោត​ឈើ ហើយ​ផ្ទៃ​មេឃ​មាន​ពណ៌​ខៀវ​គ្រប់​ពេល មាន​ពពក​តែ​បន្តិច​បន្តួច ដែល​មាន​រូប​រាង្គ​គួរ​ឲ្យ​ចាប់​អារម្មណ៍”។ បន្ទាប់​មក តែង​សេចក្តី​របស់​នាង ក៏​បាន​ចូល​ដល់​ចំណុច​ដែល​មាន​អត្ថ​ន័យ​ស៊ី​ជម្រៅ។ នាង​បាន​បន្ត​សរសេរ​ទៀត​ថា “​ក្នុង​ពិភព​លោក​ល្អ​ឥត​ខ្ចោះ គ្មាន​នរណា​ម្នាក់​នាំ​ដំណឹង​អាក្រក់ ចូល​ផ្ទះ​ទេ។ និយាយ​រួម គ្មាននរណា​ម្នាក់​នាំ​ដំណឹង​អាក្រក់ ទៅ​ប្រាប់​អ្នក​ដទៃ​ឡើយ”។

គ្មាន​នរណា​ម្នាក់​នាំ​ដំណឹង​អាក្រក់​ចូល​ផ្ទះ​ទេ។ តើ​វា​មិន​អស្ចារ្យ​ទេ​ឬ ដែល​គ្មាន​នរណា​ម្នាក់​នាំ​ដំណឹង​អាក្រក់​ចូល​ផ្ទះ? រឿង​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​សេចក្តី​សង្ឃឹម ដែល​យើង​មាន​ក្នុង​ព្រះ​យេស៊ូវ។ ដ្បិត​ទ្រង់​នឹង “ធ្វើ​ឲ្យ​អ្វី​ៗ​ទាំង​អស់​ប្រែជា​ថ្មី​ឡើង” ដោយ​ប្រោស​ឲ្យ​ជា និង​ធ្វើ​ឲ្យ​ពិភព​លោក​របស់​យើង​បាន​ផ្លាស់​ប្រែ​ឡើង​(វិវរណៈ ២១:៥)។

ស្ថាន​សួគ៌ គឺ​ជា​កន្លែង​ដែល “គ្មាន” ការ​អាក្រក់ សេចក្តី​ស្លាប់ ការ​ទួញ​យំ ការ​ឈឺ​ចាប់ និង​ទឹក​ភ្នែក​ទៀត​ឡើយ​(ខ.៤)។ វា​ជា​កន្លែង​ដែល​យើង​អាច​មាន​ការ​ប្រកប​ដ៏​ល្អ​ឥត​ខ្ចោះ ជា​មួយ​ព្រះ​ជា​ម្ចាស់ ដែល​ដោយ​សារ​សេចក្តី​ស្រឡាញ់ នោះ​ទ្រង់​បាន​ប្រោស​លោះ និង​ទទួល​យក​យើង​ជា​រាស្រ្ត​ទ្រង់​(ខ.៣)។ ក្តី​អំណរ​ដ៏​អស្ចារ្យ​នេះ កំពុង​តែ​រង់​ចាំ​យើង​ហើយ។

យើង​អាច​អរសប្បាយ​ចំពោះ​ការ​ពិត​ដ៏​ល្អ​ឥត​ខ្ចោះ​នេះ ចាប់​ពេល​នេះ​តទៅ។ ពេល​ដែល​យើង​មាន​ការ​ប្រកប​ស្និទ្ធ​ស្នាលជា​មួយ​ព្រះ​អម្ចាស់​ជា​រៀង​រាល់​ថ្ងៃ យើង​នឹង​បាន​ពិសោធន៍​នឹង​ក្តី​អំណរ នៃ​ព្រះ​វត្ត​មាន​ទ្រង់​(កូល៉ុស ១:១២-១៣)។ ហើយ​ខណៈ​ពេល​ដែល​យើង​តយុទ្ធ​នឹង​អំពើ​បាប យើង​កំពុង​តែ​ពិសោធន៍​នឹង​ជ័យ​ជម្នះ ដែល​យើង​មាន​ក្នុង​ព្រះ​គ្រីស្ទ(២:១៣-១៥) ដែល​ទ្រង់​បាន​ឈ្នះ​អំពើ​បាប និង​សេចក្តី​ស្លាប់​ទាំង​ស្រុង។—POH FANG CHIA