លោក​ថម(Tom) ដែល​ជា​មិត្ត​រួម​ការងារ​របស់​ខ្ញុំ មាន​ឈើ​ឆ្កាង​តូច​មួយ​ធ្វើ​ពី​កញ្ចក់។ គាត់​បាន​ដាក់​ឈើ​ឆ្កាង​នោះ នៅ​លើ​តុ​ការិយ៉ាល័យ​គាត់។ លោកភីល(Phil)  ដែល​ជា​មិត្ត​ភក្តិ​របស់​គាត់ ក៏​ជា​អ្នក​ដែល​បាន​រួច​ជីវិត​ពី​ជម្ងឺ​មហា​រីក​ផង​ដែរ​។ លោក​ភីល​បាន​ឲ្យ​ឈើ​ឆ្កាង​កញ្ចក់​នេះ ទៅ​លោក​ថម ដើម្បី​ឲ្យ​គាត់​មើល​ឃើញ​អ្វី​ៗ​គ្រប់​យ៉ាង “តាម​រយៈ​ឈើ​ឆ្កាង​នោះ”។ ឈើ​ឆ្កាង​កញ្ចក់​នោះ បាន​ធ្វើ​ជា​ការ​រំឭក អំពី​សេចក្តី​ស្រឡាញ់​របស់​ព្រះ​ជា​ម្ចាស់ និង​បំណង​ព្រះ​ទ័យ​ដ៏​ល្អ ​ដែល​ទ្រង់​មាន​សម្រាប់​គាត់។

អ្នក​ជឿ​ព្រះ​ទាំង​អស់​មិន​ងាយ​នឹក​ចាំ អំពី​សេចក្តី​ស្រឡាញ់ និង​បំណង​ព្រះ​ទ័យ​ដ៏​ល្អ​របស់​ទ្រង់​ជា​និច្ច​ឡើយ ជា​ពិសេស នៅ​ពេល​ដែល​មាន​ទុក្ខ​លំបាក។ ស្ថិត​ក្នុង​ពេល​បែប​នោះ យើង​ងាយ​នឹង​ផ្តោត​ទៅ​លើ​បញ្ហា​របស់​យើង ជា​ជាង​ផ្តោត​ទៅ​លើ​សេចក្តី​ស្រឡាញ់​របស់​ព្រះ​ជា​ម្ចាស់។

យ៉ាង​ណា​មិញ ដំណើរ​ជីវិត​របស់​សាវ័ក​ប៉ុល បាន​ធ្វើ​ជា​គំរូ​នៃ​ការ​មាន​ទស្សនៈ ដោយ​មើល​ឃើញ​តាម​រយៈ​ឈើ​ឆ្កាង។ ក្នុង​ពេល​ដែល​គាត់​ជួប​ទុក្ខ​លំបាក គាត់​បាន​រៀប​រាប់​ថា គាត់ “មាន​គេ​ធ្វើ​ទុក្ខ តែ​មិន​មែន​ត្រូវ​ចោល​នៅ​ម្នាក់​ឯង​ទេ ត្រូវ​គេ​វាយ​ដួល​ស្តូក តែ​មិន​ស្លាប់​ទេ”(២កូរិនថូស ៤:៩)។ គាត់​ជឿ​ថា ក្នុង​ពេល​ដ៏​លំបាក​លំបិន ព្រះ​ទ្រង់​ក៏​កំពុង​តែ​ធ្វើ​ការ​របស់​ទ្រង់ ដើម្បី“បង្កើត​ឲ្យ​យើង​​មាន​សិរីល្អ​យ៉ាង​ធ្ងន់​លើស​លប់ ដ៏​នៅ​អស់​កល្ប​ជានិច្ច​វិញ ដោយ​យើង​​មិន​រាប់​អាន​របស់​ដែល​មើល​ឃើញ​ឡើយ គឺ​រាប់​អាន​តែ​របស់​ដែល​មើល​មិន​ឃើញ​វិញ”(ខ.១៧-១៨)។

ការ “មើល​ផ្តោត ទៅ​រក​របស់​អ្វី​ដែល​មើល​មិន​ឃើញ” គឺ​មិន​មាន​ន័យ​ថា យើង​នឹង​បាន​កាត់​បន្ថយ​បញ្ហា​យើង ឲ្យ​នៅ​តិច​បំផុត​នោះ​ទេ។ លោក​ផល បានេត(Paul Barnett) បាន​បក​ស្រាយ នៅ​ក្នុង​សេចក្តី​អធិប្បាយ​របស់​គាត់​ថា “យើង​ត្រូវ​មាន​ទំនុក​ចិត្ត ដោយ​ផ្អែក​ទៅ​លើ​ការ​ដឹង​ច្បាស់ អំពី​បំណង​ព្រះ​ទ័យ ដែល​ព្រះ​ទ្រង់​មាន​ចំពោះ​យើង … ម្យ៉ាង​ទៀត យើង​មាន​ការ​ទទួល​ស្គាល់​យ៉ាង​ច្បាស់​ថា យើង​នៅ​តែ​មាន​ក្តី​សង្ឃឹម ទោះ​មាន​ការ​ឈឺ​ចាប់​យ៉ាង​ណា​ក៏​ដោយ”។

ព្រះយេស៊ូវ​បាន​លះ​បង់​ព្រះ​ជន្ម​ទ្រង់ ដើម្បី​យើង​រាល់​គ្នា។ សេចក្តី​ស្រឡាញ់​របស់​ទ្រង់ មាន​ភាព​ជ្រាល​ជ្រៅ ហើយ​ក៏​មាន​ពេញ​ដោយ​ការ​លះ​បង់​។ ពេល​ដែល​យើង​មើល​មក​ជីវិត​យើង “តាម​រយៈ​ឈើ​ឆ្កាង” យើង​មើល​ឃើញ​សេចក្តី​ស្រឡាញ់ និង​ភាព​ស្មោះ​ត្រង់។ ទំនុក​ចិត្ត​ដែល​យើង​មាន​ក្នុង​ទ្រង់ ក៏​បាន​ចម្រើន​ឡើង។—ANNE CETAS