មាន​ពេល​មួយ កូន​ប្រុស​ខ្ញុំ​សួរ​ថា “ហេតុ​អ្វី​បាន​ជា​យើង​ត្រូវ​ចាក​ចេញ​ពី​ផ្ទះ​យើង ហើយ​ផ្លាស់​ទៅ​នៅ​កន្លែង​ផ្សេង?” ស្ថិត​ក្នុង​ពេល​នោះ ខ្ញុំ​ត្រូវ​ពន្យល់​ប្រាប់​គាត់​ថា យើង​ចាក​ចេញ​ពី​ផ្ទះ​យើង តែ​មិន​មែន​ចាក​ចេញ​ពី​ផ្ទះ​ដ៏​កក់​ក្តៅ​របស់​យើង​ទេ។ ក្នុង​ផ្ទះ​ដ៏​កក់​ក្តៅ​របស់​យើង គឺ​ជា​កន្លែង​ដែល​មាន​មនុស្ស​ជា​ទីស្រឡាញ់​របស់​យើង។ វា​ជា​កន្លែង​ដែល​យើងចង់​វិល​ត្រឡប់​មក​រក បន្ទាប់​ពី​យើង​បាន​ធ្វើ​ដំណើរ​ដ៏​វែង​ឆ្ងាយ ឬ​បន្ទាប់​ពី​ការ​ធ្វើ​ការ​ពេញ​មួយ​ថ្ងៃ។

ពេល​ដែល​ព្រះ​យេស៊ូវ គង់​នៅ​បន្ទប់​ខាង​លើ មុន​ពេល​ទ្រង់​សុគត នៅ​ពេល​ប៉ុន្មាន​ក្រោយ​មក​ទៀត ទ្រង់​បាន​ប្រាប់​ពួកសិស្ស​ទ្រង់​ថា “កុំ​ឲ្យ​ចិត្ត​អ្នក​រាល់​គ្នា​ថប់​បារម្ភ​ឡើយ”(យ៉ូហាន ១៤:១)។ ពួក​សាវ័ក​មិន​ដឹង​ច្បាស់ អំពី​អនា​គត​របស់​ខ្លួន ព្រោះ​ព្រះ​យេស៊ូវ​បាន​ថ្លែង​ទំនាយ អំពី​ការ​សុគត​របស់​ទ្រង់។ ប៉ុន្តែ ព្រះ​យេស៊ូវ​បាន​ធានា​ដល់​ពួក​គេ​ អំពី​ព្រះវត្ត​មាន​ទ្រង់ ហើយ​បាន​រំឭក​ពួក​គេ​ថា ពួក​គេ​នឹង​បាន​ជួប​ទ្រង់​ទៀត។ គឺ​ដូច​ដែល​ទ្រង់​បាន​ប្រាប់​ពួក​គេ​ថា “នៅ​ក្នុង​ដំណាក់​នៃ​ព្រះវរបិតា​ខ្ញុំ មាន​ទី​លំនៅ​ជា​ច្រើន ពុំ​នោះ ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ហើយ ខ្ញុំ​ទៅ​រៀប​កន្លែង​ឲ្យ​អ្នក​រាល់​គ្នា”(ខ.២)។ ទ្រង់​អាច​ប្រើ​ពាក្យ​ផ្សេង​ទៀត ដើម្បី​ពិពណ៌នា អំពី​នគរ​ស្ថាន​សួគ៌។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ទ្រង់​បាន​ជ្រើស​រើស​ពាក្យ ដែល​ពិពណ៌នា​ អំពី​កន្លែង​ដែល​ព្រះ​ដែល​យើង​ស្រឡាញ់ គង់​នៅ គឺ​ព្រះ​អម្ចាស់ យេស៊ូវ​គ្រីស្ទ។

លោកស៊ី អេស លូអ៊ីស(C. S. Lewis) បាន​ពិពណ៌នា​ក្នុង​សៀវភៅ​របស់​គាត់​ថា “ព្រះ​វរបិតា​យើង ប្រទាន​ពរ​ឲ្យ​យើង​មាន​ភាព​ស្រស់​ស្រាយ នៅ​ក្នុង​ដំណើរ​ជីវិត​យើង ដោយ​ឲ្យ​យើង​មាន​ផ្ទះ​សំណាក់​ដ៏​ល្អ សម្រាប់​ស្នាក់​នៅ​បណ្តោះអាសន្ន ប៉ុន្តែ ទ្រង់​មិន​លើក​ទឹក​ចិត្ត​យើង ឲ្យ​គិត​ថា ផ្ទះ​សំណាក់​នោះ ជា​ផ្ទះ​ដ៏​ពិត​របស់​យើង​ឡើង”។ យើង​អាច​អរ​ព្រះគុណ​ព្រះ​ជា​ម្ចាស់ សម្រាប់ “ផ្ទះ​សំណាក់​ដ៏​ល្អ” ក្នុង​ដំណើរ​ជីវិត​យើង ប៉ុន្តៃ សូម​យើង​ចាំ​ថា ផ្ទះ​ពិត​របស់​យើង នៅ​ក្នុង​នរគស្ថាន​សួគ៌ ជា​កន្លែង​ដែល​យើង​នឹង​បាន “ទៅ​នៅ​ជា​មួយ​ព្រះ​អម្ចាស់​ជា​រៀង​រហូត”(១ថែស្សាឡូនិច ៤:១៧)។—KEILA OCHOA