ការ​ជជែក​គ្នា ស្ទើរ​តែ​ទាំង​អស់ នៅ​ក្នុង​ព្រះ​គម្ពីរ​ យ៉ូប គឺ​បាន​និយាយ​អំពី​មូល​ហេតុ ដែល​ការ​ឈឺ​ចាប់ កើត​មាន​ នៅ​ក្នុង​ពិភព​លោក​នេះ។ ប៉ុន្តែ ការ​ជជែក​វែក​ញែក​ទាំង​នោះ​ ហាក់​ដូចជា​មិន​ជួយ​ដល់​យ៉ូប​ប៉ុន្មាន​ទេ។ បញ្ហា​របស់​គាត់​ គឺជា​បញ្ហា​នៃ​ការ​ទំនាក់​ទំនង តែ​មិន​មែន​ជា​បញ្ហា​នៃ​ការ​សង្ស័យ​ទេ។ តើ​គាត់​អាច​ទុក​ចិត្ត​ព្រះ​ជា​ម្ចាស់​បាន​ឬទេ? អ្វី​ដែល​លោក​យ៉ូប​ចង់​បាន​បំផុត​នោះ គឺ​គាត់​ចង់​ឲ្យ​ព្រះ​ជា​ម្ចាស់​បង្ហាញ​ព្រះ​វត្ត​មាន​ទ្រង់ ព្រោះ​មាន​តែ​ទ្រង់​មួយ​អង្គ​គត់ ទើប​អាច​ពន្យល់​ អំពី​មូល​ហេតុ​ដែល​គាត់​មាន​ជីវិត​ពិបាក​យ៉ាង​នេះ។ និយាយ​រួម គាត់​ចង់​ជួប​ជា​មួយ​ព្រះ​ជា​ម្ចាស់ ដោយ​ផ្ទាល់ មុខ​ទល់​នឹង​មុខ។

នៅ​ទី​បំផុត យ៉ូប​បាន​ជួប​ព្រះ​ជា​ម្ចាស់​។ ព្រះ​ទ្រង់​ក៏​បាន​យាង​មក​ជួប​លោក​យ៉ូប​ដោយ​ផ្ទាល់ (យ៉ូប ៣៨:១)។ ទ្រង់​បាន​ជ្រើស​រើស​ពេល​យាង​មក​ជួប​គាត់ ចំ​ពេល​ដែល​គេ​មិន​នឹក​ស្មាន គឺ​នៅ​ពេល​ដែល​លោក​អេលីហ៊ូវ ដែល​ជា​សំឡាញ់​របស់​គាត់ បាន​ប្រាប់​ពី​មូល​ហេតុ ដែល​លោ​កយ៉ូប​គ្មាន​សិទ្ធិ​សុំ​ឲ្យ​ទ្រង់​យាង​មក​ជួប​គាត់។

ទាំង​លោក​យ៉ូប និង​ពួក​សំឡាញ់​របស់​គាត់ សុទ្ធ​តែមិន​បាន​ត្រៀម​ខ្លួន សម្រាប់​ការ​អ្វី​ដែល​ព្រះ​ទ្រង់​នឹង​មាន​បន្ទូល​ឡើយ។ លោក​យ៉ូប​បាន​ប្រមូល​សំណួរ​ជា​ច្រើន សម្រាប់​សួរ​ទ្រង់។ តែ​ផ្ទុយ​ទៅ​វិញ គឺ​ព្រះ​ជា​ម្ចាស់​ទេ​ដែល​ជា​អ្នក​សួរ​សំណួរ នៅ​ពេល​នោះ។ ព្រះ​អង្គ​បាន​ចាប់​ផ្ដើម​ ដោយ​មាន​បន្ទូល​ថា “ចូរ​ក្រវាត់​ចង្កេះ​ឯង ដូច​ជា​មនុស្ស​ក្លាហាន​ឥឡូវ​ចុះ។ អញ​នឹង​សួរ​ឯង ហើយ​ឯង​ត្រូវ​ប្រាប់​ដល់​អញ” (យ៉ូប ៣៨:៣)។ ពេល​នោះ ព្រះ​ទ្រង់​មិន​បាន​យក​ព្រះ​ទ័យ​ទុក​ដាក់​ នឹង​ការ​ជជែក​គ្នា នៅ​ក្នុង ៣៥​ជំពូក​មុន​ ដែល​និយាយ​អំពី​បញ្ហា​នៃការ​ឈឺ​ចាប់​នោះ​ឡើយ តែ​ទ្រង់​បាន​ប្រទាន​នូវ​បទ​កំណាព្យ​ ដ៏​មាន​ព្រះ​ចេស្ដា ស្ដី​ពី​ការ​អស្ចារ្យ​នៅ​ក្នុង​ពិភព​លោក​នេះ​វិញ។

ព្រះ​បន្ទូល​របស់​ព្រះ នៅ​ថ្ងៃ​នោះ បង្ហាញ​ឲ្យ​ឃើញ​ភាព​ខុស​គ្នា​ស្រឡះ រវាង​ព្រះ​ជា​ម្ចាស់​លើ​គ្រប់​អ្វី​ៗ​ទាំង​អស់ និង​លោក​យ៉ូប ដែល​ជា​មនុស្ស​ដ៏​តូច​តាច។ ព្រះ​វត្ត​មាន​របស់​ទ្រង់ បាន​ឆ្លើយ​តប​ជា​ពិសេស ទៅ​នឹង​សំណួរ​ធំ​បំផុត​របស់​យ៉ូប ដែល​បាន​សួរ​ថា តើ​មាន​នរណា​ខ្វល់​ពី​គាត់​ឬ​ទេ? ក្រោយ​មក លោក​យ៉ូប​គ្រាន់​តែ​អាច​ឆ្លើយ​ថា “​គឺ​ទូលបង្គំ​នេះ​ឯង​បាន​ពោល​ពាក្យ​ដែល​ទូលបង្គំ​មិន​បាន​យល់ ជា​សេចក្តី​ដែល​អស្ចារ្យ​ហួស​ល្បត់​ ដែល​ទូលបង្គំ​មិន​បាន​ស្គាល់​ឡើយ” (យ៉ូប ៤២:៣)។​—Philip Yancey