ជួនកាល ដំណើរ​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ អាច​មាន​ការ​លំបាក​ខ្លាំង ដែល​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា មិន​អាច​ទ្រាំ​ទ្រ​រួច ហើយ​ភាព​ងងឹត ហាក់​ដូច​ជា​គ្មាន​ទីបញ្ចប់​សោះ។ ក្នុង​អំឡុង​ពេល​ដែល​ជីវិត​គ្រួសារ​របស់​ខ្ញុំ កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាព​បែប​នេះ នៅពេល​ព្រឹក​ថ្ងៃ​មួយ ភរិយា​របស់​ខ្ញុំ​បាន​ចេញ​ពី​ការ​ចំណាយ​ពេល​ស្ងាត់​ស្ងៀម​ជា​មួយ​ព្រះ​ជាម្ចាស់  ដោយ​នាំ​មក​នូវ​មេរៀន​ថ្មី​មួយដែល​គាត់​រៀន​បាន។ គាត់​គិត​ថា ពេល​យើង​បាន​ចេញ​ពី​ភាព​ងងឹត ចូល​ក្នុង​ពន្លឺ​ហើយ ព្រះ​ជា​ម្ចាស់មិន​ចង់​ឲ្យ​យើង​ភ្លេចអ្វី ដែល​យើង​បាន​រៀន​ក្នុង​ពេល​ដ៏ងងឹត​នោះ​ឡើយ”

រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​សំបុត្រ​ដែល​សាវ័ក​ប៉ុល​បាន​សរសេរ ផ្ញើ​ទៅ​ពួក​ជំនុំ​នៅ​ក្រុង​កូរិនថូស(២កូរិនថូស ១) បន្ទាប់​ពី​បាន​រៀប​រាប់ អំពី​ការ​លំបាក​ទាំង​ប៉ុន្មាន ដែល​គាត់ និង​ក្រុម​ការ​ងារ​របស់​គាត់ បាន​ស៊ូទ្រាំ​នៅ​តំបន់​អាស៊ី។ លោក​ប៉ុល​ចង់​ឲ្យ​ពួក​ជំនុំ​នៅ​ក្រុង​កូរិនថូស យល់​ពី​របៀប​ដែល​ព្រះ​អាច​ប្រោស​លោះ​យើង ទោះ​យើង​ស្ថិត​ក្នុង​ពេល​ដ៏​ងងឹត​បំផុត​ក៏​ដោយ។ គាត់​មាន​ប្រសាសន៍​ថា យើង​បាន​ទទួល​ការ​កម្សាន្ត​ចិត្ត ដូច្នេះ យើង​អាច​រៀន​កម្សាន្ត​ចិត្ត​អ្នក​ដទៃ(ខ.៤)។ កាល​នោះ​ ​ព្រះ​ទ្រង់​កំពុង​បង្រៀន​លោក​ប៉ុល និង​ក្រុម​របស់​គាត់ ក្នុង​អំឡុង​ពេល​ដែល​ពួក​គេ​កំពុង​មាន​ទុក្ខ​លំបាក ប្រយោជន៍​ឲ្យ​ពួក​គាត់​អាច​ប្រើ​បទ​ពិសោធន៍​ទាំង​នេះ ដើម្បី​ជួយ​កម្សាន្ត​ចិត្ត​ និង​ទូន្មាន​ដល់​ពួក​ជំនុំ​ក្រុង​កូរិន​ថូស ពេល​ពួក​គេ​ជួប​ប្រទះ​ការ​ពិបាក។ ព្រះ​ជា​ម្ចាស់​ក៏​ធ្វើ​យ៉ាង​ដូច្នេះ សម្រាប់​យើង​ផង​ដែរ ប្រសិន​បើ​យើង​បើក​ចិត្ត​ស្តាប់​ទ្រង់។ ទ្រង់​នឹង​ជួយ​រំដោះ​យើង​ ឲ្យ​រួច​ពី​ទុក្ខ​លំបាក ដោយ​បង្រៀន​យើង ឲ្យ​ចេះ​ប្រើ​អ្វី​ដែល​យើង​បាន​រៀន ពី​ការ​រង​ទុក្ខ​នោះ ដើម្បី​បម្រើ​អ្នក​ដទៃ។

តើ​ពេល​នេះ អ្នក​កំពុង​ស្ថិត​នៅ​ក្នុង​ភាព​ងងឹត​មែន​ទេ? សូម​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត តាម​រយៈ​ការ​បង្រៀន និង​បទ​ពិសោធន៍​របស់​សាវ័ក​ប៉ុល​ចុះ។ ចូរ​ទុក​ចិត្ត​ថា ឥឡូវ​នេះ ព្រះ​ទ្រង់​កំពុង​តែ​ដឹក​នាំ​ជំហាន​របស់​អ្នក ហើយ​ទ្រង់​ក៏​កំពុង​បោះ​ត្រា​សេចក្តី​ពិត​របស់​ទ្រង់ ឲ្យ​ជាប់​ក្នុង​ចិត្ត​អ្នក ដើម្បី​ឲ្យ​អ្នក​អាច​ចែក​រំលែក​សេចក្តី​ពិត​នោះ ជា​មួយ​អ្នក​ដទៃ ដែល​មាន​ស្ថាន​ភាព​ដូច​អ្នក។ កាល​ពី​មុន​អ្នក​ធ្លាប់​រង្វេង នៅ​ក្នុង​ស្ថាន​ភាព​បែប​នោះ ប៉ុន្តែ ពេល​នេះ អ្នក​បាន​រក​ឃើញ​ផ្លូវ​ត្រឡប់​មក​ផ្ទះ​វិញ​ហើយ។—Randy Kilgore