ក្នុង​អំឡុង​ពេល​ទស្សនៈ​កិច្ច នៅ​ឯ​វិមាន​រំឭក​ហេតុការណ៍ ថ្ងៃ​ទី​១១ ខែ​កញ្ញា នៅ​ទីក្រុង​ញូវយ៉ក ខ្ញុំ​ក៏​បាន​ឃើញ​អាង​ទឹក​ភ្លោះ​មួយ​គូ ហើយ​ក៏​បាន​ប្រញាប់​ទាញ​កាំមេរ៉ា​ថត​រូប​អាង​ទឹក​មួយ ក្នុង​ចំណោម​អាង​ទឹក​ទាំង​ពីរ។ នៅ​ជុំវិញ​អាង​ទឹក​ពីរ​នេះ មានឈ្មោះ​មនុស្ស​ជិត​៣០០០នាក់ ដែល​បាន​ស្លាប់ នៅ​ក្នុង​ការ​វាយ​ប្រហារ​មជ្ឈមណ្ឌល​ពាណិជ្ជ​កម្ម​ពិភព​លោក ត្រូវ​បាន​គេ​ឆ្លាក់​នៅ​លើ​បន្ទះ​សំរឹទ្ធ។ ក្រោយ​មក ពេល​ខ្ញុំ​សម្លឹង​មើល​រូប​ថត​នោះ​ឲ្យ​បាន​ជិត ភ្នែក​របស់​ខ្ញុំ​មាន​ការ​ទាក់​ទាញ ឲ្យ​ងាក​មក​មើល​រូប​ដៃ​របស់​ស្ត្រី​ម្នាក់ ដែល​ដាក់​នៅ​លើ​ឈ្មោះ​មួយ ដែល​គេ​បាន​ឆ្លាក់​នោះ។ មនុស្ស​ជា​ច្រើន​បាន​មក​កន្លែង​នេះ ដើម្បី​ដាក់​ដៃ​ប៉ះ​ឈ្មោះ​ណា​មួយ ​ដើម្បី​ធ្វើ​ការ​រំឭក​អំពី​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​ពួក​គេ ដែល​បាន​ស្លាប់​នៅ​ទី​នោះ។

មាន​ពេល​មួយ ហោរា​អេសាយ​បាន​រំឭក​ដល់​រាស្ដ្រ​របស់​ព្រះ អំពី​សេចក្ដី​ស្រឡាញ់ និង​ការ​យក​ព្រះ​ទ័យ​ទុក​ដាក់ ដ៏​ស្មោះត្រង់ ដែល​ទ្រង់​មាន​ចំពោះ​ពួក​គេ ទោះ​បី​ជា​ពួក​គេ​ចេះ​តែ​ងាក​បែរ​ចេញ​ពី​ទ្រង់ ជា​ច្រើន​ដង​ហើយ​ក៏​ដោយ។ ព្រះ​អម្ចាស់​មាន​បន្ទូលថា ​“កុំ​ឲ្យ​ខ្លាច​ឡើយ ដ្បិត​អញ​បាន​លោះ​ឯង​ហើយ អញ​បាន​ហៅ​ចំ​ឈ្មោះ​ឯង ឯង​ជា​របស់​ផង​អញ” (អេសាយ​ ៤៣:១)។

នៅ​ក្នុង​បទ​គម្ពីរទំនុក​ដំកើង ជំពូក ២៣ ស្ដេច​ដាវីឌ​បាន​ថ្លែង​ថា  “ទោះ​បើ​ទូលបង្គំ​ដើរ​កាត់​ច្រក​ភ្នំ​នៃ​ម្លប់​សេចក្តី​ស្លាប់ក៏​ដោយ គង់​តែ​មិន​ខ្លាច​សេចក្តី​អាក្រក់​ណា​ឡើយ ដ្បិត​ទ្រង់​គង់​នៅ​ជា​មួយ​នឹង​ទូលបង្គំ … ប្រាកដ​ជា​សេចក្តី​សប្បុរស និង​សេចក្តី​មេត្តាករុណា នឹង​ជាប់​តាម​ខ្ញុំ រាល់​តែ​ថ្ងៃ ដរាប​ដល់​អស់​១​ជីវិត​ខ្ញុំ ហើយ​ខ្ញុំ​នឹង​នៅ​ក្នុង​ដំណាក់​នៃ​ព្រះយេហូវ៉ា ជា​រៀង​ដរាប​ទៅ” (ខ.៤,៦) ។

ព្រះ​ជា​ម្ចាស់​មិន​ដែល​បំភ្លេច​យើង​ទេ។ មិន​ថា​យើង​នៅ​ទីណា ឬ​ស្ថិត​ក្នុង​ស្ថាន​ភាព​យ៉ាង​ណា​ក៏​ដោយ ក៏​ទ្រង់​នៅ​តែ​ស្គាល់​ឈ្មោះ​របស់​យើង​ម្នាក់​ៗ ហើយ​ឱប​យើង ដោយ​សេចក្ដី​ស្រឡាញ់​ដ៏​ស្ថិត​ស្ថេរ​ជា​ដរាប របស់​ទ្រង់​ជា​និច្ច។—David C. McCasland