កាល​ពី​ឆ្នាំ​១៩៨៦ កុមារ លេវ៉ាន មើរីត (Levan Merritt) អាយុ​៥​ឆ្នាំ បាន​ធ្លាក់​ចូល​ទៅ​ក្នុង​បរិវេណ​ចិញ្ចឹម​សត្វ​ស្វា​ឪ​ហ្គូរីឡា ដែល​មាន​របាំង​ជុំវិញ ជម្រៅ​៦​ម៉ែត្រ ក្នុង​សួន​សត្វ​ជើស៊ី ប្រទេស​អង់​គ្លេស។ ខណៈ​ពេល​ដែល​ឪពុក​ម្តាយ និង​អ្នក​ឈរ​មើល ស្រែក​ឲ្យ​គេ​ជួយ នោះ​ស្រាប់​តែ​មាន​ស្វា​ឈ្មោល​ធំ​មួយ​ក្បាល ឈ្មោះ ចាំបូ(Jambo) បាន​មក​ឈរ​នៅ​បាំង​ក្មេង​ប្រុស​ដែល​ដេក​ស្ដូក​ស្ដឹង ធ្វើ​ឲ្យ​សត្វ​ស្វា​ហ្គូរីឡា​ដទៃ​ទៀត​មិន​អាច​ចូល​មក​ក្បែរ​គាត់​បាន។ បន្ទាប់​មក វា​ក៏​ចាប់​ផ្តើម​អង្អែល​ខ្នង​ក្មេង​នោះ​ថ្មម​ៗ។ នៅពេល​ដែល​លេវ៉ាន ចាប់​ផ្តើម​ស្រែក​យំ ចាំបូ​ក៏​បាន​នាំ​ស្វា​ហ្គូរីឡា​ដទៃ​ទៀត ចេញ​ទៅ​ទ្រុង​របស់​ពួក​គេ ខណៈ​ពេល​ដែល​អ្នក​យាម​សួន​សត្វ និង​អ្នក​បើក​បរ​រថយន្ត​សង្គ្រោះ បាន​ចុះ​មក​ជួយ​សង្គ្រោះ។ ជាង​៣០​ឆ្នាំ​ក្រោយ​មក លេវ៉ាន​នៅ​តែ​និយាយ អំពី​ចាំបូ ដែលជា​សត្វ​មាន​មាឌ​ធំ​ដ៏​សប្បុរស ដែល​ប្រៀប​បាន​នឹង​ទេវតា​ដែល​បាន​ការពារ​គាត់ ដែល​បាន​ប្រព្រឹត្ត​ចំពោះ​គាត់ តាម​របៀប​ដែល​មិន​នឹក​ស្មាន​ដល់ និង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល ដោយ​ធ្វើ​ឲ្យ​គាត់​មាន​ការ​ផ្លាស់​ប្តូរ​ផ្នត់​គំនិត ចំពោះ​សត្វ​ស្តា​ហ្គូរីឡា​ជា​រៀង​រហូត។

ហោរា​អេលីយ៉ា ប្រហែល​ជា​បាន​រំពឹង​ថា ព្រះ​ជាម្ចាស់​នឹង​ធ្វើ​ការ​របស់​ទ្រង់ តាម​របៀប​ដ៏​ជាក់​លាក់​ណា​មួយ ប៉ុន្ដែ ព្រះ​លើអស់​ទាំង​ព្រះ បាន​ប្រើ​ខ្យល់​ព្យុះ ការ​រញ្ជួយ​ផែន​ដី​ដ៏​ខ្លាំង និង​ភ្លើង​ឆេះ​ដ៏​សន្ធោ​សន្ធៅ ដើម្បី​បង្ហាញ​ហោរា​របស់​ទ្រង់ ពី​របៀប ដែលគាត់​មិន​ត្រូវ​គិត​អំពី​ទ្រង់។  បន្ទាប់​មក ទ្រង់​ក៏​បាន​ប្រើ​សំឡេង​តូច​រហៀង​ៗ ដើម្បី​បង្ហាញ​ពី​ព្រះ​ហប្ញ​ទ័យ និង​ព្រះ​វត្ត​មាន​របស់​ទ្រង់(១ពង្សាវតាក្សត្រ ១៩:១១-១២)។

អេលីយ៉ា​ធ្លាប់​បាន​ឃើញ​ព្រះ​ចេស្ដា​របស់​ព្រះ​ជាម្ចាស់ ពី​មុន​មក​ហើយ(១៨:៣៨-៣៩)។ ប៉ុន្ដែ គាត់​មិន​បាន​យល់ទាំង​ស្រុង អំពី​ព្រះ​មួយ​អង្គ ដែល​ចង់​ឲ្យ​គេ​ដឹង​ថា ទ្រង់​មិន​គ្រាន់​តែ​ជា​ព្រះ​ដ៏​ធំ​ប្រសើរ ហើយ​គួរ​ឲ្យ​ស្ញែង​ខ្លាច​បំផុត​ប៉ុណ្ណោះ​ឡើយ(១៩:១០,១៤)។

នៅ​ទី​បំផុត សំលេង​តូច​រហៀង​ៗ​នោះ ក៏​បាន​រក​ឃើញ​អត្ថ​ន័យ​ដ៏​ពេញ​លេញ នៅ​ក្នុង​ភាព​សុភាព​ដ៏​អស្ចារ្យ របស់​ព្រះ​យេស៊ូវ ដែល​បាន​មាន​បន្ទូល​ថា “អ្នក​ណា​ដែល​ឃើញ​ខ្ញុំ នោះ​ក៏​បាន​ឃើញ​ព្រះវរបិតា​ដែរ” (យ៉ូហាន១៤:៩)។ បន្ទាប់​មក ទ្រង់​ក៏​នៅ​ស្ងៀម បណ្ដោយ​ឲ្យ​គេ​បោះ​ដែក​គោល​ភ្ជាប់​ទ្រង់​នឹង​ឈើ​ឆ្កាង។ នេះ​ជា​កិច្ចការ​ដែល​នឹក​ស្មាន​មិន​ដល់ ហើយ​ប្រកប​ដោយ​ក្ដីមេត្តា​ករុណា ដែល​ព្រះ​ដ៏​ធំ​ប្រសើរ បាន​ធ្វើ​សម្រាប់​យើង​រាល់​គ្នា ដោយ​ស្រឡាញ់​យើង​រាល់​គ្នា។-Mart DeHaan