អ្នក​ស្រី លីលីយ៉ា ត្រូធ័រ(Lilias Trotter) គឺ​ជា​វិចិត្រករ និង​ជា​បេសក​ជន​។ មុន​ពេល​គាត់​ទទួល​មរណ​ភាព គាត់​បានមើល​តាម​បង្អួច ហើយ​បាន​ទទួល​ការ​បើក​សម្តែង ឲ្យ​ឃើញ​រទេះ​សេះ​មួយ​គ្រឿង របស់​នគរ​ស្ថាន​សួគ៌។ យោង​តាម​អ្នក​សរសេរ​ជីវ​ប្រវត្តិ​របស់​គាត់ បាន​ឲ្យ​ដឹង​ថា មាន​មិត្ត​ភក្ដិ​ម្នាក់ បាន​សួរ​គាត់​ថា “តើ​ឯង​កំពុង​មើល​ឃើញ​របស់​ដ៏​ស្រស់​ស្អាត ជា​ច្រើន​មែន​ទេ?”  គាត់​ក៏​បាន​ឆ្លើយ​ថា “ចា! ខ្ញុំ​បាន​ឃើញ​របស់​ដ៏​ស្រស់​ស្អាត​ច្រើន​ណាស់”។

ពាក្យ​ចុង​ក្រោយ​របស់​អ្នក​ស្រី​ត្រូធ័រ បាន​ឆ្លុះ​បញ្ចាំង អំពី​កិច្ចការ​ដែ​លព្រះ​ទ្រង់​ធ្វើ ក្នុង​ជីវិត​របស់​គាត់។ ទ្រង់​បាន​បង្ហាញភាព​ស្រស់​ស្អាត​ជា​ច្រើន​ដល់​គាត់ និង​តាម​រយៈ​គាត់​ មិន​គ្រាន់​តែ​នៅ​ពេល​គាត់​ស្លាប់ តែ​ពេញ​មួយ​ជីវិត​គាត់។ ទោះ​បី​ជា​គាត់​ជាវិចិត្រ​ករ ដ៏​ពូកែ​ក៏​ដោយ គាត់​បាន​ជ្រើស​រើស​យក​ការ​បម្រើ​ព្រះ​យេស៊ូវ ក្នុង​នាម​ជា​អ្នក​ផ្សាយ​ដំណឹង​ល្អ នៅ​ក្នុង​ប្រទេស​អាល់ហ្សេរី។​ គេ​ថា លោកចន រូស្គីន ( John Ruskin) ដែល​ជា​វិចិត្រករ​ដ៏​ល្បី​ល្បាញ ​ដែល​បាន​បណ្តុះ​បណ្តាល​គាត់ ធ្លាប់​បាន​និយាយ​ថា “គាត់​បាន​ខ្ជះ​ខ្ជាយ​ជីវិត​របស់​គាត់!”  នៅ​ពេល​ដែល​គាត់​បាន​ជ្រើស​រើស​យក​ការងារ​ជា​បេសក​ជន ជា​ជាង​ធ្វើ​ជា​វិចិត្រ​ករ។

ស្រដៀង​គ្នា​នឹង​រឿង​នេះ​ដែរ នៅ​ក្នុង​គ្រា​សញ្ញាថ្មី នៅ​ពេល​ដែល​ស្ត្រី​ម្នាក់​បាន​ចូល​ក្នុង​ផ្ទះ​របស់​លោក​ស៊ីម៉ូន នាង​មាន​កាន់​ដប​ថ្ម​កែវ ដាក់​ប្រេង​ទេព្វិរូ​សុទ្ធ ហើយ​បាន​ចាក់​ប្រេង​លើ​ព្រះសិរ​ព្រះយេស៊ូវ។ អ្នក​ដែល​មាន​វត្ត​មាន​នៅ​ទីនោះ បាន​និយាយ​ថា តើ​មាន​ប្រយោជន៍​អ្វី​ នឹង​ធ្វើ​បង្ខាត​ប្រេង​នេះ​ដូច្នេះ។ ប្រេង​ទេព្វិរូ​នេះ មាន​តម្លៃ​ថ្លៃ​ណាស់ គឺ​ថ្លៃ​ស្មើ​នឹង​ប្រាក់​ឈ្នួល​មួយ​ឆ្នាំ ដូច្នេះ ហើយបាន​ជា​មាន​អ្នក​ខ្លះ​គិត​ថា នាង​គួរ​តែ​ប្រើ​វា ដើម្បី​ជួយ​អ្នក​ក្រី​ក្រ​វិញ។ តែ ដោយសារ​ការ​លះ​បង់​ដ៏​ជ្រាល​ជ្រៅ​របស់​ស្ត្រី​ម្នាក់​នេះ​ ព្រះយេស៊ូវ​ក៏​បាន​មាន​បន្ទូល​ថា  “នាង​បាន​ធ្វើ​ការ​នេះ ជា​ការ​ល្អ​ដល់​ខ្ញុំ​ណាស់” (ម៉ាកុស ១៤:៦)។

ជា​រៀង​រាល់​ថ្ងៃ យើង​អាច​សម្រេច​ចិត្ត​អនុញ្ញាត​ឲ្យ​ព្រះ​ជន្ម​របស់​ព្រះ​គ្រីស្ទ ជះ​ពន្លឺ​នៅ​ក្នុង​ជីវិត​របស់​យើង ហើយ​បង្ហាញ​ការ​ប្រសើរ​របស់​ទ្រង់ ដល់​លោកិយ​ទាំង​មូល។ សម្រាប់​អ្នក​ខ្លះ គេ​ប្រហែល​ជា​គិត​ថា ការ​នោះ​ហាក់​ដូច​ជា​ការ​ខ្ជះ​ខ្ជាយ​ពេល​វេលា ប៉ុន្តែ ចូរ​យើង​មាន​ចិត្ត​បម្រើ​ទ្រង់។ ចូរ​យើង​សម្រេច​ចិត្ត​ដើរ​តាម​ព្រះ​យេស៊ូវ ដើម្បី​ឲ្យ​ទ្រង់​មាន​បន្ទូល​ថា យើង​បាន​ធ្វើ​ការ​នេះ ជា​ការ​ល្អ​ដល់​ទ្រង់​ហើយ។—KEILA OCHOA