អាកាស​ធាតុ​នៅ​ខាង​ក្រៅ កំពុង​ការ​ធ្វើ​ការ​គំរាម​កំហែង ហើយ​ពត៌​មាន​ដែល​បាន​បង្ហាញ ក្នុង​ទូរស័ព្ទ​ចល័ត​របស់​ខ្ញុំ បាន​ដាស់​តឿន​ខ្ញុំ អំពី​ទឹក​ដែល​អាច​ជន់​ឡើង​ភ្លាម​ៗ។ នៅ​ក្នុង​តំបន់​ដែល​ខ្ញុំ​រស់​នៅ ខ្ញុំ​ឃើញ​មាន​ឡាន​ជា​ច្រើន ដែល​គេបាន​យក​មក​ចត ខណៈ​ពេល​ដែល​ឪពុក​ម្តាយ​ទាំង​ឡាយ និង​អ្នក​ដទៃ​ទៀត បាន​ជួប​ជុំ​គ្នា ដើម្បី​ចាំ​ទទួល​កូន​របស់​ខ្លួន នៅ​កន្លែង​ចំណត​ឡាន​ក្រុង​របស់​សាលា។ នៅ​ពេល​ដែល​ឡាន​ក្រុង​មក​ដល់ ភ្លៀង​ក៏​ចាប់​ផ្តើម​ធ្លាក់។ គឺ​នៅ​ពេល​នោះហើយ ដែល​ខ្ញុំ​បាន​សង្កេត​ឃើញ​ស្រី្ត​ម្នាក់​ចេញ​ពី​ឡាន ហើយ​ក៏​បាន​បើក​គំរប​គូត​ឡាន យក​ឆ័ត្រ​ចេញ​មក។ គាត់​បានដើរ​ទៅ​រក​ក្មេង​ស្រី​តូច​ម្នាក់ ហើយ​ខំ​បាំង​កុំ​ឲ្យ​នាង​ត្រូវ​ទឹក​ភ្លៀង ទាល់​តែ​បាន​ទៅ​ដល់​ឡាន។ នេះ​ជា​រូប​ភាព​ដ៏​ស្រស់ស្អាត នៃ​ការ​ថែរក្សា និង​ការ​ការពារ​របស់​ឪពុក​ម្តាយ ដែល​កើត​មាន​ពិត ដែល​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ការ​ថែរក្សា​របស់ព្រះ​វរបិតា​នៃ​យើង ដែល​គង់​នៅ​ស្ថាន​សួគ៌។

ហោរា​អេសាយ​បាន​ធ្វើ​ការ​ថ្លែង​ទំនាយ អំពី​ការ​ជំនុំ​ជម្រះ ចំពោះ​ការ​មិន​ស្តាប់​បង្គាប់ ដែល​បន្ទាប់​មក ថ្ងៃ​ដ៏​ភ្លឺ​ស្វាង​ក៏បាន​កើត​មាន សម្រាប់​រាស្រ្ត​របស់​ព្រះ​(អេសាយ ៤០:១-៨)។​ គាត់​ថា អ្នក​នាំ​ដំណឹង​ល្អ​នឹង​ឡើង​ទៅ​ប្រកាស នៅ​លើ​ភ្នំ​(ខ.៩) ដែល​ជា​ការ​ធានា​ដល់​ពួក​អ៊ីស្រាអែល​ថា ព្រះ​អង្គ​នៅ​តែ​មាន​ព្រះ​វត្ត​មាន​ដ៏​មាន​ចេស្តា និង​ការ​ថែរក្សា​ដ៏ស្រទន់ សម្រាប់​ពួក​គេ។ ដំណឹង​ល្អ​នៅ​សម័យ​នោះ ក៏​ដូច​ជា​នៅ​សម័យ​បច្ចុប្បន្ន គឺ​បាន​ប្រកាស​ថា ដោយសារ​ព្រះចេស្តា​របស់​ព្រះ​ជា​ម្ចាស់ និង​អំណាច​គ្រប់​គ្រង​របស់​ទ្រង់ នោះ​គេ​មិន​ចាំ​បាច់​ត្រូវ​ថប់​បារម្ភ ឬ​ភ័យ​ខ្លាច​ឡើយ(ខ.៩-១០)។ នៅ​ក្នុង​ការ​ប្រកាស​នោះ គឺ​មាន​ដំណឹង​អំពី​ការ​ការពារ​របស់​ព្រះ​អម្ចាស់ ដែល​ជា​ប្រភេទ​នៃ​ការ​ការពារ ដែល​ពួក​អ្នក​គង្វាល​ចៀម​បាន​ផ្តល់​ឲ្យ​(ខ.១១) ចៀម​ដ៏​ក្មេង​ខ្ចី​ដែល​ងាយ​រង​គ្រោះ ដែល​អាច​រក​សុវត្ថិ​ភាព នៅ​ក្នុង​ព្រះ​ហស្ត របស់​ព្រះ​ដ៏​ជា​អ្នក​គង្វាល ហើយ​ចៀម​ដែល​ពេញ​វ័យ​ក៏​បាន​ទទួល​ការ​ដឹក​នាំ ដោយ​សុភាព។

នៅ​ក្នុង​ពិភព​លោក ដែល​កាលៈ​ទេសៈ មិន​តែង​តែ​មាន​ភាព​ងាយ​ស្រួល​គ្រប់​ពេល រូប​ភាព​នៃ​ការ​ថែរក្សា និង​ការ​ពាររបស់​ឪពុក​ម្តាយ​នៅ​ផែន​ដី គឺ​បាន​ជំរុញ​ចិត្ត​យើង ឲ្យ​មើល​ទៅ​ព្រះ​អម្ចាស់ ដោយ​ទំនុក​ចិត្ត។ ដ្បិត​អ្នក​ណា​ដែល​ទុក​ចិត្ត​ព្រះ​អម្ចាស់ អស់​ពី​ចិត្ត នឹង​រក​ឃើញ​សន្តិ​សុខ និង​បាន​ចម្រើន​កម្លាំង​ជា​ថ្មី​ឡើង នៅ​ក្នុង​ទ្រង់​(ខ.៣១)។—ARTHUR JACKSON