ការ​ភ័យ​ខ្លាច អាច​ធ្វើ​ឲ្យ​យើង​រក​ធ្វើ​អ្វី​មិន​កើត។ យើង​ដឹង អំពី​មូល​ហេតុ​ដែល យើង​មាន​ការ​ភ័យ​ខ្លាច។ យើង​ខ្លាច​អ្វីដែល​ធ្វើ​ឲ្យ​យើង​ឈឺ​ចាប់ កាល​ពី​អតីត​កាល និង​អ្វី​ៗ​ដែល​ងាយ​នឹង​ធ្វើ​ឲ្យ​យើង​ឈឺ​ចាប់​ម្តង​ទៀត។ ដូច​នេះ​ ជួន​កាល យើង​នៅ​ជាប់​គាំង មិន​អាច​ត្រឡប់​ថយ​ក្រោយ ហើយ​ក៏​ភ័យ​ខ្លាច​ពេក មិន​អាច​បោះ​ជំហាន​ទៅ​មុខ​បាន។ យើង​ក៏​បាន​និយាយ​ម្នាក់​ឯង​ថា “ខ្ញុំ​មិន​អាច​ធ្វើ​វា​បាន​ទេ។ ខ្ញុំ​មិន​មាន​ភាព​វ័យ​ឆ្លាត មិន​ខ្លាំង ឬ​មិន​មាន​ភាព​ក្លាហាន​ល្មម​នឹង​ប្រឈម​មុន​នឹង​ការ​ឈឺ​ចាប់​នោះ​ទៀត”។

ខ្ញុំ​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ចំពោះ​ការ​ពិពណ៌នា របស់​អ្នក​និពន្ធ​ឈ្មោះ ​ហ្វ្រេត​ដឺរិគ បឺចន័រ(Frederick Buechner) អំពី​ព្រះ​គុណ​របស់​ព្រះ។ គាត់​ថា ព្រះ​គុណ​ព្រះ គឺ​ដូច​ជា​សម្លេង​ដ៏​ស្រទន់ ដែល​និយាយ​ថា “ក្នុងលោកិយ​នេះ ការ​អាក្រក់ និង​ការ​ល្អ​នឹង​កើត​ឡើង។ តែ​កុំ​ខ្លាច​ឡើយ។ ខ្ញុំ​នៅ​ជា​មួយ​អ្នក​ជា​និច្ច”។

ការ​អាក្រក់​នឹង​កើត​ឡើង។ ក្នុង​លោកិយ​នេះ មនុស្ស​ដែល​ទទួល​រង​ការ​ឈឺ​ចាប់ ធ្វើ​ឲ្យ​អ្នក​ដទៃ​ឈឺ​ចាប់ ដែល​ជា​ញឹក​ញាប់ ពួក​គេ​បាន​ប្រើ​ការ​អាក្រក់។ យើង​ធ្លាប់​ជួប​រឿង​អាក្រក់ ដែល​ក្នុង​នោះ ការ​អាក្រក់​បាន​ហ៊ុម​ព័ទ្ធ​យើង ហើយ​អ្នក​ដទៃ​បាន​ធ្វើ​ឲ្យ​យើង​មាន​របួស គឺ​មិន​ខុស​ពី​ស្តេច​ដាវីឌ​ឡើយ(ទំនុកដំកើង ៥៧:៤)។ ហើយ​យើង​ក៏​បាន​សោក​សង្រេង ហើយ​ក៏​បាន​អំពាវ​នាវ​រក​ព្រះ​ជា​ម្ចាស់(ខ.១-២)។

ប៉ុន្តែ ដោយសារ​ព្រះ​ជា​ម្ចាស់​បាន​គង់​នៅ​ជា​មួយ​យើង នោះ​ការ​ល្អ​ក៏​អាច​កើត​ឡើង​ផង​ដែរ។ ខណៈ​ពេល​ដែល​យើង​រត់ទៅ​រក​ទ្រង់ ដោយ​ការ​ឈឺ​ចាប់ និង​ការ​ភ័យ​ខ្លាច ព្រះ​ទ្រង់​ក៏​បង្ហាញ​ឲ្យ​យើង​ឃើញ​សេចក្តី​ស្រឡាញ់ ឬ​សេចក្តី​សប្បុរស​របស់​ទ្រង់ ដែល​ធំ​ប្រសើរ​លើស​ការ​ឈឺ​ចាប់ ដែល​គេ​បាន​ផ្តល់​ឲ្យ​យើង(ខ.១-៣) គឺ​សេចក្តី​ស្រឡាញ់ ឬ​សេចក្តី​សប្បុរស​របស់​ទ្រង់​ក៏​ជ្រាល​ជ្រៅ ខ្ពស់​ដល់​មេឃ​(ខ.១០)។ សូម្បី​តែ​នៅ​ពេល​ដែល​គ្រោះ​មហន្ត​រាយ កំពុង​តែ​កើត​មាននៅ​ជុំវិញ​យើង​ក៏​ដោយ ក៏​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ នៅ​តែ​ធ្វើ​ជា​ទី​ពំនាក់​ដ៏​រឹង​មាំ សម្រាប់​ឲ្យ​ចិត្ត​យើង​រក​ឃើញ​ការ​ប្រោស​ឲ្យ​ជា​(ខ.១,៧) ទាល់​តែ​យើង​មាន​ការ​ភ្ញាក់​ឡើង ដោយ​សេចក្តី​ក្លាហាន ត្រៀម​ខ្លួន​ជា​ស្រេច ដើម្បី​ស្វាគមន៍​ថ្ងៃថ្មី ដោយ​បទ​ចម្រៀង​សរសើរ អំពី​ភាព​ស្មោះ​ត្រង់​របស់​ទ្រង់(ខ.៨-១០)។—MONICA BRANDS