ខ្យល់​ព្យុះ​កំបុត​ត្បូង​ហាវេយ បាន​នាំ​មក​នូវ​ទឹក​ជំនន់ ដែល​ធ្វើ​ឲ្យ​មាន​គ្រោះ​មហន្ត​រាយ​ជា​ច្រើន នៅ​ភាគ​ខាង​កើត​នៃ​រដ្ឋ​តិច​សាស់ កាល​ពី​ឆ្នាំ​២០១៧។ ការ​វាយ​ប្រហារ​ដ៏​ធ្ងន់​ធ្ងរ​របស់​ទឹក​ភ្លៀង បាន​បណ្តាល​ឲ្យ​ប្រជា​ពល​រដ្ឋ​រាប់​ពាន់​នាក់ ជាប់​នៅ​ក្នុង​ផ្ទះ មិន​អាច​គេច​ចេញ​ពី​ទឹក​ជំនន់​រួច។ មាន​ជន​ស៊ីវិល​ជា​ច្រើន​នាក់ បាន​នាំ​យក​ទូក​ពី​ផ្នែក​ដទៃ​ទៀត​របស់រដ្ឋ​តិច​សាស់ និង​សហរដ្ឋ​អាមេរិក ដើម្បី​ជួយ​សង្រ្គោះ​ប្រជាជន ដែល​បាន​ជាប់​នៅ​ក្នុង​ផ្ទះ​ទាំង​នោះ ហើយ​គេ​ក៏​បាន​ហៅ​ក្រុម​អ្នក​ជួយ​សង្រ្គោះ​នោះ​ថា “តិច​សាស់ នេវី”(កង​ទ័ព​ជើង​ទឹក​របស់​រដ្ឋ​តិច​សាស់)។

សកម្ម​ភាព​ដ៏​ក្លាហាន និង​សប្បុរស របស់​បុរស និង​ស្រ្តី​ទាំង​នោះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ការ​លើក​ទឹក​ចិត្ត ដែល​បានចែង​ក្នុង​បទ​គម្ពីរ សុភាសិត ៣:២៧ ដែល​បាន​បង្រៀន​យើង ឲ្យ​ជួយ​អ្នក​ដទៃ ពេល​ណា​ដែល​យើង​អាច​ធ្វើ​ទៅ​បាន។ ពួក​គេ​មាន​លទ្ធ​ភាព​ជួយ​អ្នក​ដែល​ត្រូវ​ការ​ជំនួយ ដោយ​នាំ​យក​ទូក​របស់​ពួក​គេ​មក​តំបន់​មាន​ទឹក​ជំនន់។ ក្រុម​អ្នក​ជួយ​សង្រ្គោះ​ទាំង​នោះ​បាន​បង្ហាញ​ចេញ​នូវ​ការ​ស្ម័គ្រ​ចិត្ត​ប្រើ​ប្រាស់​ធន​ធាន​អ្វី​ក៏​ដោយ ដែល​ខ្លួន​មាន ជា​ប្រយោជន៍​ដល់​អ្នក​ដទៃ។

យើង​ប្រហែល​ជា​មិន​តែង​តែ​មាន​អារម្មណ៍​ថា យើង​មាន​លទ្ធ​ភាព​គ្រប់​គ្រាន់ ដើម្បី​ធ្វើ​កិច្ចការ​នៅ​ចំពោះ​មុខ​នោះ​ទេ។ ជា​ញឹក​ញាប់ យើង​មាន​អារម្មណ៍​ថា ដូច​ជា​ពិការ​រក​ធ្វើ​អ្វី​មិន​កើត ដោយ​គិត​ថា យើង​ខ្វះ​ជំនាញ បទ​ពិសោធន៍ ធន​ធាន ឬ​ពេល​វេលា ដើម្បី​ជួយ​អ្នក​ដទៃ​។ ស្ថិត​ក្នុង​ពេល​បែប​នេះ យើង​ក៏​បាន​ប្រញាប់​ដើរ​ចេញ ដោយ​មិន​បាន​គិត​ដល់​អ្វី​ដែលខ្លួន​ពិត​ជា​មាន ដែល​អាច​ជួយ​អ្នក​ដទៃ​បាន។ ក្រុម​ជួយ​សង្រ្គោះ​តិច​សាស់​នេវី មិន​អាច​ធ្វើ​ឲ្យ​ទឹក​ជំនន់​ឈប់​បាន​ទេ ហើយ​ក៏​មិន​អាច​ចេញ​ច្បាប់​ឲ្យ​រដ្ឋា​ភិបាល​មក​ជួយ​ភ្លាម​ៗ​បាន​ដែរ។ ប៉ុន្តែ ពួក​គេ​បាន​ប្រើ​អ្វី​ដែល​ពួក​គេ​មាន ដូច​ជា​ទូកជា​ដើម ដើម្បី​មក​បំពេញ​តម្រូវ​ការ​ដ៏​ជ្រាល​ជ្រៅ របស់​ជន​រួម​ជាតិ​របស់​ខ្លួន។ ចូរ​យើង​នាំ​យក​អ្វី​ដែល​យើង​អាច​ប្រើ​បាន ដើម្បី​ជួយ​អ្នក​ដទៃ ដែល​កំពុង​ត្រូវ​ការ​ជំនួយ។—KIRSTEN HOLMBERG